អ្នក​ពាក់ព័ន្ធ​នឹង​លោក មួង ឃីម និង​លោក លី សាម៉េត ហៅ​គ្រូមា

ព័ត៌មានជាតិ

ACU បញ្ជូន​ស្ត្រី ២​នាក់​ទៀត​ទៅ​តុលាការ​ក្រោយ​ប៉ុនប៉ង​សូក​លុយ​៣០​ម៉ឺន​ដុល្លារ​ឱ្យ​លោក លី សាម៉េត រត់ការ​ឱ្យ​កូន​ចូល​មន្ត្រី​គយ

By ឌឹ ខេមបូឌា ដេលី

November 30, 2024

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បញ្ជូន​ស្ត្រី​ពីរ​រូប​ទៀត​ទៅ​តុលាការ​ភ្នំពេញ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ ពាក់ព័ន្ធ​នឹង​ការ​យក​លុយ ៣០​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​លោក លី សាម៉េត អតីត​ទីប្រឹក្សា​លោក ហ៊ុន សែន ដើម្បី​រត់ការ​យក​តំណែង​ជា​មន្ត្រី​គយ​ឱ្យ​កូន។

អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក សយ ច័ន្ទវិចិត្ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា នេះ​ក្រុម​ជំនាញ ACU សម្រេច​បញ្ជូន​ស្ត្រី​ពីរ​នាក់​ទៅ​តុលាការ។ លោក​ថា ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​សូកប៉ាន់ ដោយ​ប្រើប្រាស់​លុយ ៣០​ម៉ឺន​ដុល្លារ​រក​កន្លែង​ឱ្យ​កូន​បាន​ចូល​ធ្វើ​គយ​នៅ​ខេត្ត​បាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​បន្ត​ក្នុង​សំណុំរឿង​លោក លី សាម៉េត។

លោក សយ ច័ន្ទវិចិត្ត បាន​បន្ថែម​ថា អង្គភាព ACU បាន​ឃាត់​ខ្លួន​ស្ត្រី​ពីរ​រូប​នៅ​ថ្ងៃទី​២៧ វិច្ឆិកា គឺ​អ្នកស្រី ឆាយ សុវណ្ណារី និង​អ្នកស្រី ហ៊ើង ទិត្យរាត្រីល័ក្ខណ៍។ ស្ត្រី ២​នាក់​នោះ​ដែល​ជា​អ្នក​នាំ​យក​លុយ​ចរចា​ជាមួយ​លោក មួង ឃីម និង​លោក លី សាម៉េត។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង បាន​ថ្លែង​នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ថា ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្ត​ដោយ​លោក មួង ឃីម និង​បក្សពួក​ឲ្យ​យុវជន​ម្នាក់​ទើប​ជាប់​បរិញ្ញាបត្រ ឲ្យ​បាន​ចូល​ក្របខ័ណ្ឌ​គយ ហើយ​ឲ្យ​បាន​ធ្វើ​គយ​នៅ​ខេត្ត​បាត់ដំបង ជា​ថ្នូរ​នឹង​ប្រាក់ ៣០​ម៉ឺន​ដុល្លារ​អាមេរិក។

លោក​បន្ត​ថា រាល់​ករណី​ប៉ុនប៉ង​សូកប៉ាន់​ខាងលើ​បាន​បរាជ័យ​មិន​អាច​សម្រេច ដោយ​ថ្នាក់លើ​មិន​ដែល​ធ្វើការ​តែងតាំង​មន្ត្រី​ដោយ​សំណូក​ឡើយ។

ជុំវិញ​សំណុំរឿង​លោក លី សាម៉េត គិត​ត្រឹម​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នក​ជាក់​ពាក់ព័ន្ធ ៧​នាក់​ហើយ រួម​មាន លោក អ៊ុត ធី, លោក មួង ឃីម, លោក ដួង តារា, លោក ឡាយ វិសិដ្ឋ, លោក កន សុខកាយ, អ្នកស្រី ឆាយ សុវណ្ណារី និង​អ្នកស្រី ហ៊ើង ទិត្យរាត្រីល័ក្ខណ៍។

ការ​ឃាត់​ខ្លួន​នេះ ក្រោយពី​លោក ហ៊ុន សែន បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​២០២៤ ថា លោក លី សាម៉េត បាន​ប្រើ​ឈ្មោះ​របស់​លោក​ទៅ​បោកប្រាស់​លុយ​គេ​រាប់​សែន​រាប់​លាន​ដុល្លារ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កន្លង​មក​ថា អំពើ​ឧក្រិដ្ឋកម្ម​បោកប្រាស់​របស់​ឧកញ៉ា លី សាម៉េត ត្រូវ​ស៊ើបអង្កេត​លើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន តែម្តង៕

© 2024, . All rights reserved.