អ្នកជំនាញនយោបាយការទូតអន្តរជាតិ លើកឡើងថា ទោះបីជាលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីតំណាងឱ្យប្រទេសកម្ពុជាក៏ដោយ ក៏ចិន មិនទាន់ទុកចិត្តដូចឪពុករបស់គាត់ដែរ ដូច្នេះហើយបានជាលោក ហ៊ុន សែន ចេញមុខជំនួសកូនប្រុសរបស់គាត់ដើម្បីផ្តល់ទំនុកចិត្តដល់ចិន ពាក់ព័ន្ធនឹងកម្ចីសម្រាប់រដ្ឋាភិបាលថ្មីនេះ។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២ ខែធ្នូ ថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ទៅកាន់ប្រទេសចិន មិនមែនគ្រាន់តែស្ថិតក្រោមរបៀបវារៈនៃការស្វែងរកការបញ្ជាក់កម្ចីពីចិន សម្រាប់សាងសង់ព្រែកជីកហ្វូណនប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិតក្រោមរបៀបវារៈដែលសភាអឺរ៉ុបគ្រោងដាក់ទណ្ឌកម្មលើកម្ពុជា និងការប្រែប្រួលនយោបាយរបស់សហរដ្ឋអាមេរិកដែរ។
លោក សេង វណ្ណលី លើកឡើងថា លោក ហ៊ុន សែន នឹងស្វែងរកការបញ្ជាក់ពីមេដឹកនាំចិន ជុំវិញកម្ចីសម្រាប់ការសាងសង់ព្រែកជីកហ្វូណនដែលកំពុងរាំងស្ទះនៅពេលនេះ ដើម្បីបង្កើនការទុកចិត្តដល់អន្តរជាតិ និងពលរដ្ឋខ្មែរ រួមទាំងដើម្បីបន្សាបការផ្សព្វផ្សាយដែលថាគម្រោងព្រែកជីកហ្វូណនកំពុងខ្វះលុយនៅពេលនេះ។ ជាងនេះទៀត លោក ហ៊ុន សែន ក៏នឹងពិភាក្សាជាមួយចិន ក្នុងការរកដំណោះស្រាយត្រៀមទុកក្នុងករណីសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមកលើកម្ពុជាដែរ។ លើសពីនេះ ការតែងតាំងលោក ម៉ារកូ រូប៊ីយ៉ូ (Marco Rubio) ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាមេរិក ក៏នឹងត្រូវលើកយកទៅពិភាក្សាជាមួយមេដឹកនាំចិន ក្នុងដំណើរទស្សនកិច្ចនេះផងដែរ។
លោក សេង វណ្ណលី បញ្ជាក់ថា លោក ហ៊ុន សែន កំពុងស្វះស្វែងរកវិធីជួយជំរុញឱ្យរដ្ឋាភិបាលកូនប្រុសរបស់គាត់បន្តដំណើរទៅមុខ ក្នុងពេលរងការរិះគន់ និងការព្រមាននូវការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិនៅពេលនេះ ព្រោះថាមានតែគាត់ម្នាក់គត់ដែលនៅតែក្តោបក្តាប់អំណាចនយោបាយពីលើនាយករដ្ឋមន្ត្រីសព្វថ្ងៃនេះ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កំពុងបំពេញដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ដែលមានរយៈពេល ៣ថ្ងៃ គឺចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ។
ក្នុងជំនួបជាមួយប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន លោក វ៉ាង ហ៊ូនីង (Wang Huning) លោក ហ៊ុន សែន អះអាងថា កម្ពុជានៅតែប្រកាន់ជំហរនយោបាយចិនតែមួយ ហើយកម្ពុជានៅតែជាមិត្តរបស់ចិន គ្រប់កាលៈទេសៈ។
លោក ហ៊ុន សែន បញ្ជាក់ថា មិត្តចិន បានផ្ដល់នូវការគាំទ្រ និងជំនួយមិនត្រឹមតែដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែក៏បានគាំទ្រដល់ឯករាជភាពខាងនយោបាយរបស់កម្ពុជាផងដែរ។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងក្នុងកម្មវិធី Idea Talk កាលពីរាត្រីថ្ងៃទី២ ធ្នូ នេះដែរថា ចំណុចសំខាន់បំផុតក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសចិន ក្នុងពេលនេះ គ្មានអ្វីក្រៅពីទៅខ្ចីលុយចិន ដើម្បីកសាងព្រែកជីកហ្វូណន និងសម្រាប់បំពេញការខ្វះខាតរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងពេលនេះទេ។
លោក ម៉ែន ណាត លើកឡើងថា មានតែលោក ហ៊ុន សែន ប៉ុណ្ណោះដែលអាចឱ្យចិន ទុកចិត្តក្នុងការផ្តល់កម្ចីបន្តទៀត ព្រោះគាត់មានបទពិសោធន៍ខាងដើរខ្ចីលុយបរទេសក្នុងតំណែងជានាយករដ្ឋមន្ត្រីជាង ៣ទសវត្សរ៍មកហើយ។
កាលពីថ្ងៃទី២១ វិច្ឆិកា ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា គម្រោងព្រែកជីកហ្វូណនដែលរដ្ឋាភិបាលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់តាំងតែពីជាង ៣ខែមុននោះ កំពុងជាប់គាំង ព្រោះតែបញ្ហាលុយវិនិយោគពីចិន។
ប្រភពដដែលបញ្ជាក់ថា ទីក្រុងប៉េកាំង គ្មានភាពច្បាស់លាស់ និងមិនបានធ្វើការប្ដេជ្ញាចិត្តក្នុងការផ្តល់លុយវិនិយោគដល់គម្រោងព្រែកជីកហ្វូណនជាមួយរដ្ឋាភិបាលកម្ពុជានៅឡើយទេរហូតមកដល់ពេលនេះ៕
© 2024, . All rights reserved.