លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន

ព័ត៌មានជាតិ

មន្ត្រី​ក្រសួង​បរិស្ថាន​ស្នើ​លោក ហ៊ុន ម៉ាណែត ដក​តំណែង​លោក អ៊ាង សុផល្លែត

By ឌឹ ខេមបូឌា ដេលី

December 05, 2024

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួង​បរិស្ថាន ទទូច​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដក​តំណែង​លោក អ៊ាង សុផល្លែត ចេញពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ព្រោះ​រដ្ឋមន្ត្រី​រូប​នេះ​ធ្វើ​ឱ្យ​បែកបាក់​ផ្ទៃក្នុង​របស់​ក្រសួង ដោយ​ការ​ប្រើ​អំណាច​គាបសង្កត់​មន្ត្រី​ថ្នាក់​ក្រោម។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួង​បរិស្ថាន បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៣ ធ្នូ នេះ​ថា ការ​ដឹកនាំ​ក្រសួង​បរិស្ថាន​របស់​លោក អ៊ាង សុផល្លែត ជាង ១​ឆ្នាំ​មក​នេះ កំពុង​ធ្វើ​ឱ្យ​បាត់​ទំនុកចិត្ត​ពី​មន្ត្រី​ក្នុង​ក្រសួង​ជា​បន្តបន្ទាប់ ដោយសារតែ​ការ​ដឹកនាំ​ការងារ​ក្នុង​ក្រសួង​មិន​បាន​ល្អ ជា​មនុស្ស​ឆេវឆាវ អំនួត និង​មាន​អត្តចរិត​ជា​អភិជន​ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម។

ប្រភព​មន្ត្រី​ដដែល​លើកឡើង​ថា ការ​ដាក់​ចេញ​នូវ “យុទ្ធនាការ​ថ្ងៃ​នេះ ខ្ញុំ​មិន​ប្រើប្រាស់​ថង់​ប្លាស្ទិក​ទេ” ដែល​ត្រូវ​អនុវត្ត​ការងារ​ដោយ​ការ​ដើរ​រើស​សំរាម និង “យុទ្ធនាការ​បណ្ដុះ​កូនឈើ ១០​ម៉ឺន​ដើម​សម្រាប់​មួយ​មន្ទីរ​ក្នុង​មួយ​ឆ្នាំ” ដោយ​គ្មាន​ការ​ផ្តល់​ថវិកា​ពី​ក្រសួង ត្រូវ​រដ្ឋមន្ត្រី​រូប​នេះ​ប្រើប្រាស់​ជា​វិធានការ​សម្រាប់​ដក​តំណែង​មន្ត្រី​ថ្នាក់​ក្រោម​ដែល​ខ្លួន​មិន​ពេញចិត្ត​ចេញ​ប៉ុណ្ណោះ។

មន្ត្រី​ក្រសួង​បរិស្ថាន​ទាំងនេះ​បញ្ជាក់​ថា លោក អ៊ាង សុផល្លែត បាន​ប្រើ​អំណាច​ដក​តំណែង​មន្ត្រី​គ្មាន​កំហុស​តាម​អំពើ​ចិត្ត ដោយ​គ្មាន​ការ​ស៊ើបអង្កេត​ពី​ក្រុមប្រឹក្សា​វិន័យ​អ្វី​ទាំងអស់ ដូច្នេះ​ប្រសិនបើ​រដ្ឋមន្ត្រី​រូប​នេះ​នៅតែ​បន្ត​កាន់​តួនាទី​ដោយ​ការ​គាបសង្កត់​មន្ត្រី​ថ្នាក់​ក្រោម​ដូច​ពេល​កន្លង​មក​ទៀត មន្ត្រី​ក្នុង​ក្រសួង​ច្បាស់​ជា​ងើប​ឡើង​បាតុកម្ម​តវ៉ា​នៅ​ថ្ងៃ​ណា​មួយ​ជាមិនខាន។

លោក អ៊ាង សុផល្លែត ដែល​ត្រូវ​ជា​កូនប្រសា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​បក្ស​កាន់​អំណាច លោក ជា សុផារ៉ា ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​ព្រះរាជក្រឹត្យ​តែងតាំង​សមាសភាព​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ ដែល​គិត​មក​ទល់​នឹង​ពេលនេះ គឺ​មាន​រយៈពេល ១៥​ខែ​ហើយ។

ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​បាន​កែ​សម្រួល​សមាសភាព​សមាជិក​គណៈរដ្ឋមន្ត្រី​ចំនួន ២​លើក​រួច​មក​ហើយ គឺ​ដក​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន ដោយសារ​ការ​ប្រព្រឹត្ត​អំពើពុករលួយ និង​ការ​ប្រកាន់​បក្ខពួក និង​ការ​ដក​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ លោក សុខ ចិន្តាសោភា ក្រោម​ហេតុផល​ដើម្បី​ពង្រឹង​ការ​ដឹកនាំ​ក្រសួង និង​ប្រសិទ្ធភាព​ការងារ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ាង សុផល្លែត បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, . All rights reserved.