អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ន

ព័ត៌មានជាតិ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​ថា​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​មិន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ទេ

By ឌឹ ខេមបូឌា ដេលី

December 05, 2024

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ អះអាង​ថា បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នឹង​មិន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​សភា​អឺរ៉ុប គួរតែ​ពិចារណា​អំពី​ទំនាក់ទំនង​ល្អ និង​ផល​ប្រយោជន៍​រវាង​ប្រជាជាតិ​អឺរ៉ុប និង​កម្ពុជា ប្រសើរ​ជាង។

អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន អះអាង​ថា តួលេខ​នៃ​ការ​នាំចេញ​ផលិតផល​វាយនភណ្ឌ​កាត់ដេរ​មាន​ការ​កើន​ឡើង​ក្នុង​រង្វង់ ២៤% បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០២៣។

ប្រភព​ដដែល​អះអាង​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ដើម្បី​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដូច្នេះ​កម្ពុជា​នឹង​ឈប់​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ EBA នេះ​ជា​ផ្លូវការ​នៅ​ពេល​ខាងមុខ។

លោក កត្តា អ៊ន ថ្លែង​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​សម និង​មិន​មាន​បញ្ហា​ប្រឈម​ច្រើន​ទេ ហើយ​ការ​ស្នើ​របស់​សភា​អឺរ៉ុប លោក​យល់​ថា​អឺរ៉ុប​គួរ​ពិចារណា​ពី​ទំនាក់ទំនង​ល្អ និង​ផល​ប្រយោជន៍​រវាង​ប្រជាជាតិ​អឺរ៉ុប និង​កម្ពុជា ប្រសើរ​ជាង ព្រោះ​ប្រព័ន្ធ EBA នេះ​វា​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជាតិ​ទាំង​សងខាង។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​កន្លង​មក​ថា បើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម​ទៀត នោះ​អ្នក​វិនិយោគ​បរទេស​ដែល​កំពុង​បណ្ដាក់ទុន​នៅ​កម្ពុជា​នឹង​ចាកចេញ​ពី​កម្ពុជា ប្តូរ​ទៅ​រកស៊ី​នៅ​ប្រទេស​ផ្សេងៗ​វិញ។

លោក​ថា ចំណែក​អ្នក​វិនិយោគ​ដែល​ត្រៀម​ទៅ​រកស៊ី​នៅ​កម្ពុជា ក៏​នឹង​មិន​ហ៊ាន​ទៅ​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ដែរ ព្រោះ​អ្វី​ដែល​ពួកគេ​សង្ឃឹម​ពី​ការ​បណ្ដាក់ទុន​នេះ គឺ​ដោយសារ​តែ​មាន​ការ​បើក​ចំហ​ពី​ទីផ្សារ​អឺរ៉ុប និង​អាមេរិក​កន្លង​មក ជាពិសេស​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​គេ​បាន​ផ្តល់​ឱ្យ​កម្ពុជា​រហូត​មក​នោះ។

លោក សេង វណ្ណលី លើកឡើង​ថា បើ​កម្ពុជា​មិន​ព្យាយាម​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​នៅ​សេសសល់ ៨០% នេះ​ឱ្យ​នៅ​គង់វង្ស​ទេ នោះ​កម្ពុជា​ក៏​កាន់តែ​ចង្អៀត​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យ​ទៅ​រកស៊ី​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ដែរ។

កាលពី​ខែ​សីហា ឆ្នាំ​២០២០ គណៈកម្មាធិការ​អឺរ៉ុប បាន​សម្រេច​ផ្ដាច់ EBA ពី​កម្ពុជា ២០%។ នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ សភា​អឺរ៉ុប បាន​សើរើ​សំណុំរឿង EBA ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​ពិនិត្យ​ឡើងវិញ​ដែល​នៅ​សល់​ចំនួន ៨០% ទៀត។ សភា​អឺរ៉ុប ជំរុញ​ឱ្យ​មាន​ការ​ពិនិត្យ​បន្ថែម​លើ​ការ​ដាក់​ទណ្ឌកម្ម​ក្រុម​មន្ត្រី​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស។

សភា​អឺរ៉ុប សង្កេត​ឃើញ​ស្ថានភាព​សង្គម​ស៊ីវិល​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅ ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ សកម្មជន​នានា រួម​ទាំង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួកគេ និង​ក្រុម​សង្គម​ស៊ីវិល។

ប្រភព​ដដែល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​រាល់​បទ​ចោទ​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​អង្គការ​សង់ត្រាល់ (CENTRAL) និង​សមាជិក​អង្គការ​នេះ​ផង​ដែរ៕

© 2024, . All rights reserved.