អ្នកវិភាគនយោបាយចាស់វស្សាមួយរូប ជំរុញឱ្យកម្ពុជាប្រើយន្តការដោះស្រាយបញ្ហាកោះគុតពីការរំលោភបំពានរបស់ថៃ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅដើមខែធ្នូ នេះថា កម្ពុជា និងថៃ ជាភាគីក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចូលរួមក្នុងការធានាជាលក្ខណៈអន្តរជាតិនូវអធិបតេយ្យភាព ឯករាជ្យ បូរណភាព ភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងមាត្រា១ និងមាត្រា២ នៃកិច្ចព្រមព្រៀងនេះ។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា កម្ពុជាបានសន្យាយ៉ាងឱឡារិកថានឹងថែរក្សា ការពារអធិបតេយ្យជាតិរបស់ខ្លួន ខណៈភាគីនានានៃកិច្ចព្រមព្រៀងនេះក៏បានសន្យាយ៉ាងឱឡារិកដែរក្នុងការទទួលស្គាល់ និងគោរពគ្រប់បែបយ៉ាងទាំងអស់ដល់អធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលពលរដ្ឋខ្មែរកំពុងតវ៉ាទាមទារឱ្យរដ្ឋាភិបាលខ្មែរប្តឹងថៃ ទៅតុលាការអន្តរជាតិជុំវិញការរំលោភសិទ្ធិគ្រប់គ្រងលើកោះគុតពីសំណាក់រដ្ឋាភិបាលថៃ នៅពេលនេះ។
មាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទាក់ទិនទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិនៃកម្ពុជា បានចែងក្នុងប្រការ១ ថា ក្នុងករណីមានការរំលោភ ឬការគំរាមកំហែងលើអធិបតេយ្យភាពរបស់កម្ពុជា បណ្តាភាគីក្នុងកិច្ចព្រមព្រៀងនេះត្រូវធ្វើការពិគ្រោះជាបន្ទាន់ដើម្បីអនុម័តរាល់វិធានការសមស្របដើម្បីធានាដោះស្រាយរាល់ការរំលោភទាំងនេះតាមមធ្យោបាយសន្តិវិធី។
ចំណែកប្រការ២ ចែងថា វិធានការបែបនេះក្នុងចំណោមវិធានការផ្សេងទៀតអាចរួមមានការរាយការណ៍ទៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ឬប្រើប្រាស់មធ្យោបាយដំណោះស្រាយនូវទំនាស់ដោយសន្តិវិធីយោងទៅតាមមាត្រា៣៣ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
រីឯមាត្រា៣៣ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ចែងថា ភាគីវិវាទណាមួយ ការបន្តដែលទំនងជាមានគ្រោះថ្នាក់ដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជាចាំបាច់ ដំបូងត្រូវស្វែងរកដំណោះស្រាយដោយការចរចា ការស៊ើបអង្កេត និងការសម្រុះសម្រួល ការផ្សះផ្សា ការប្រើអាជ្ញាកណ្ដាល ការដោះស្រាយតាមប្រព័ន្ធតុលាការ ការជ្រើសរើសភ្នាក់ងារ ឬការរៀបចំតំបន់ ឬមធ្យោបាយផ្សេងទៀតដោយសន្តិវិធីតាមជម្រើសរៀងៗខ្លួន។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានអះអាងទៅកាន់ពលរដ្ឋថៃ ថា គ្មានការសង្ស័យទេ កោះគុតជាទឹកដីអធិបតេយ្យភាពរបស់ថៃ ផ្ដាច់មុខទៅហើយ។
នាយករដ្ឋមន្ត្រីថៃរូបនេះបញ្ជាក់ថា ទាំងថៃ និងកម្ពុជា បានទទួលស្គាល់រួមគ្នារួចហើយថា កោះគុតជាទឹកដីថៃ ក្រោមសន្ធិសញ្ញាបារាំង ដោយភាគីកម្ពុជាមិនបានទាមទារយកកោះនេះឡើយ៕
© 2024, . All rights reserved.