លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ

By ឌឹ ខេមបូឌា ដេលី

December 08, 2024

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​វិធានការ​នានា ដើម្បី​លើក​កម្ពស់​ស្មារតី​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​គ្រប់​រូបភាព គ្រប់​វិស័យ និង​គ្រប់​ជាន់​ថ្នាក់។

លោក ហ៊ុន ម៉ាណែត ចេញ​លិខិត​អបអរ​សាទរ​ទិវា​ជាតិ និង​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ៩​ធ្នូ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ ធ្នូ នេះ ដោយ​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ រួម​គ្នា​អនុវត្ត​នូវ​សកម្មភាព​គន្លឹះៗ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ។

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ចាត់​វិធានការ​ពង្រឹង​ការ​អប់រំ​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ​ឱ្យ​មាន​វិសាលភាព​គ្របដណ្ដប់​បាន​កាន់តែ​ទូលំទូលាយ ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ស្រទាប់​សង្គម ទាំង​ក្នុង​ស្ថាប័ន​សាធារណៈ ឯកជន និង​សង្គម​ស៊ីវិល ដើម្បី​ជំរុញ​ការ​បង្ការ ទប់ស្កាត់​ក្នុង​រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់​តែ​មាន​តម្លាភាព និង​គណនេយ្យភាព។

នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​ចាំបាច់​នានា ឱ្យ​ស្រប​ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើពុករលួយ​ដែល​ដាក់​ចេញ​ដោយ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​នា​ពេល​កន្លង​មក។

អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ចេញ​របាយការណ៍​ស្ដីពី​សន្ទស្សន៍​អំពើពុករលួយ កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៤ ថា កម្ពុជា​ទទួល​ចំណាត់ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម​ប្រទេស​១៨០ លើ​ពិភពលោក ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​ខ្លាំង បើ​ទោះបីជា​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ខ្លួន​បាន​កែលម្អ​បញ្ហា​អំពើពុករលួយ​ជា​បន្តបន្ទាប់​រហូត​មក​ក៏ដោយ។

អង្គការ​តម្លាភាព​កម្ពុជា បញ្ជាក់​ថា អំពើពុករលួយ​ដែល​បាន​រក​ឃើញ​ក្នុង​ប្រទេស​កម្ពុជា មាន ៦​ប្រភេទ ដូចជា ការ​ស៊ីសំណូក ការ​ប្រកាន់​បក្សពួក ការ​កេង​បន្លំ ការ​គំរាមកំហែង​ដោយ​ប្រើ​អំណាច ការ​ឧបត្ថម្ភ​ក្រៅ​ផ្លូវការ​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​មួយ និង​អំពើពុករលួយ​ក្នុង​នយោបាយ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្អូនស្រី​ពៅ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត បាន​រិះគន់​ខ្លាំងៗ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កាលពី​ពេល​ថ្មីៗ​នេះ​ថា មន្ត្រី​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ​សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ៕

© 2024, . All rights reserved.