បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ឈ្មោះ Phua Gek Seng ហៅ Tak ដែល​ត្រូវ​បាន​អះអាង​ថា​បាន​ប្រើប្រាស់​ប្រទេស​កម្ពុជា ដើម្បី​ប្រតិបត្តិការ​កាស៊ីណូ​អនឡាញ និង​លាង​លុយ​កខ្វក់។

ព័ត៌មានជាតិ

អ្នកឧកញ៉ា ហេង សិទ្ធី៖ អាជ្ញាធរ​នៅតែ​មិន​ហ៊ាន​ចាត់​វិធានការ​លើ​ឧក្រិដ្ឋជន​ប្រតិបត្តិការ​កាស៊ីណូ​អនឡាញ​និង​លាង​លុយ

By ឌឹ ខេមបូឌា ដេលី

December 08, 2024

អគ្គនាយក​ក្រុមហ៊ុន Maritime Group អ្នកឧកញ៉ា ហេង សិទ្ធី ដែល​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ជាបន្ទាន់​ទៅ​លើ​បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ឈ្មោះ Phua Gek Seng ហៅ Tak ដែល​លោក​អះអាង​ថា​បាន​ប្រើប្រាស់​ប្រទេស​កម្ពុជា ដើម្បី​ប្រតិបត្តិការ​កាស៊ីណូ​អនឡាញ និង​លាង​លុយ​នោះ បាន​ដាក់​ជា​ចម្ងល់​ថា អស់​រយៈពេល ១០​ថ្ងៃ​មក​ហើយ អាជ្ញាធរ​នៅតែ​មិន​ទាន់​អាច​ចាត់​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​បុរស​រូប​នោះ​នៅឡើយ​ទេ ដោយ​បណ្តែតបណ្តោយ​ឲ្យ​ឧក្រិដ្ឋជន​ដើរហើរ​យ៉ាង​មាន​សេរីភាព​ធ្វើ​ព្រងើយ។

អ្នកឧកញ៉ា ហេង សិទ្ធី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ ហេង សិទ្ធី ដើម្បី​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ថា «ល្បែង​អនឡាញ និង​កន្លែង​រកស៊ី​បោកប្រាស់​អនឡាញ​គរ​ដូច​ភ្នំ​បិទ​យ៉ាង​ម៉េច បើ​យូរ​ហើយ​អត់​ចាប់! ឥឡូវ​ជនជាតិ​សិង្ហបុរី​នោះ​ហោះហើរ​ដើរ​លេង​ធ្វើ​ព្រងើយ។»

ប្រភព​ដដែល​បាន​សរសេរ​ថា «ចាប់តាំងពី​លោក​បាន​បង្ហាញ​ភស្តុតាង​ជា​សាធារណៈ​មក គឺ​មាន​រយៈពេល​ដប់​ថ្ងៃ​ហើយ។ កន្លែង​ដែល​គេ​ធ្វើ​សកម្មភាព​នៅ​បឹងកេងកង នោះ បាន​បិទ​ហើយ ប៉ុន្តែ​ប្រមូល​ទៅ​ផ្ទះ​នៅ​ផ្លូវ​ថៃហ្គឺ។ ចុះ​បើ​មាន​ការ​សង្ស័យ​ហើយ ឲ្យ​ឧក្រិដ្ឋជន​ជនជាតិ​សាំងហ្គាពួរ​សញ្ជាតិ​ខ្មែរ ចេញ​យ៉ាង​ម៉េច? ហោះ​ថ្ងៃ​ណា ទៅ​ណា ចាំ​ឲ្យ​ខ្ញុំ​ប្រាប់​វិញ ឬ​យ៉ាងម៉េច?»

អ្នកឧកញ៉ា​រូប​នោះ​បាន​ចោទ​ជា​សំណួរ​ថា «បើ​មិន​ហ៊ាន​ចាប់​ស្មើ​នឹង​អ្វី? តិច​ទៀត​ទាល់តែ​គេ​ដឹក​ឡាន​របស់​គេ និង​កប៉ាល់​របស់​គេ​ដែល​ចត​នៅ​កំពង់សោម​ចេញ ទើប​សមត្ថកិច្ច​បាន​ទៅ​ដល់​ហើយ​ឆ្លើយ​ថា​អត់​ឃើញ​មែន?»

អ្នកឧកញ៉ា ហេង សិទ្ធី បាន​សរសេរ​បន្ថែម​ទៀត​ថា ពេល​ដែល​លោក​បង្ហាញ​ព័ត៌មាន​ហើយ បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ឈ្មោះ Phua Gek Seng ហៅ Tak នៅតែ​អាច​ទៅ​ចូលរួម​កម្មវិធី Gumble 3000 និង​នៅ​អាច​ឡើង​លើ​ឆាក​ទទួល​ពានរង្វាន់ Guinness world record ថែម​ទៀត។ លោក​ថា បើ​មិន​ហាន​បង្ក្រាប​ទេ នោះ​រដ្ឋាភិបាល​កម្ពុជា​ទាំងមូល​នឹង​ខ្មាស​គេ​ពេញ ASEAN ព្រោះ​មិន​ត្រឹមតែ​ប្រជាជន​ខ្មែរ​ទេ​ដែល​រងគ្រោះ ប៉ុន្តែ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន​ច្រើន​ណាស់​នឹង​រងគ្រោះ។

លោក​អះអាង​ថា រដ្ឋាភិបាល​ខំ​ទៅ​ហៅ​គេ​មក​វិនិយោគ បើ​អាជ្ញាធរ​ធ្វើ​តែ​អ៊ីចឹង នោះ​អ្នក​វិនិយោគ​គេ​មក​ហើយ ក៏​ទៅ​វិញ​អស់។ លោក​បន្ត​ថា លោក​បាន​ជួយ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ប៉ូលិស​សិង្ហបុរី រួច​ហើយ ហើយ​ថា​នេះ​ជា​សារ​ចុងក្រោយ។ ម្យ៉ាង​ទៀត លោក​ក៏​មិន​រំលឹក​ទៀត​ដែរ បើ​យល់​ថា​ធ្វើ​ទៅ​ចំណេញ ធ្វើ​តាម​ហ្នឹង​ចុះ។

កន្លង​មក អ្នកឧកញ៉ា ហេង សិទ្ធី បាន​បង្ហោះ​សារ​ដោយ​ជម្រាប​ជូន​លោក ហ៊ុន ម៉ាណែត ថា​មាន​ប្រតិបត្តិការ​កាស៊ីណូ​អនឡាញ​ធំ​ជាងគេ ដែល​បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ឈ្មោះ Phua Gek Seng ហៅ Tak កំពុង​ប្រើ​ប្រទេស​កម្ពុជា​ជា​មូលដ្ឋាន​ដើម្បី​លាង​លុយ និង​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់​រាប់​លាន​នាក់ រួម​ទាំង​ពលរដ្ឋ​ខ្មែរ ថៃ ឡាវ មីយ៉ាន់ម៉ា តួកគី ចិន កូរ៉េ តៃវ៉ាន់ និង​ឥណ្ឌូនេស៊ី។

អ្នកឧកញ៉ា ហេង សិទ្ធី សរសេរ​ថា លោក​ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ ជា​អ្នក​បញ្ជា​ឲ្យ​លោក​ឧត្ដមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ លោក​វរសេនីយ៍ទោ វុធ ស៊ែល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ជា​អ្នក​ការពារ​ជនជាតិ​សិង្ហបុរី ដែល​កំពុង​រកស៊ី​ឆបោក​លុយ​តាម​អនឡាញ​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា Tak (តាក់) នោះ៕

© 2024, . All rights reserved.