នៅមុនការចូលទៅកាន់សេតវិមានវិញរបស់លោក ដូណាល់ ត្រាំ គេសង្កេតឃើញក្រុមសម្ព័ន្ធភាពនៃរដ្ឋការលោក បៃដិន បង្កើនការផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែន។
ចំណែករដ្ឋការលោក បៃដិន វិញ កាន់តែបង្កើនជំនួយទៅឱ្យអ៊ុយក្រែន លើសពីសព្វដង ព្រោះតែបារម្ភលោក ដូណាល់ ត្រាំ អាចកាត់បន្ថយជំនួយសម្រាប់អ៊ុយក្រែន។ ជំនួយយោធានៅសេសសល់ទាំងអស់ សេតវិមាននៃរដ្ឋការលោក បៃដិន សម្រុកបញ្ជូនទៅអ៊ុយក្រែន។
កាលពីថ្ងៃទី៤ ធ្នូ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានទៅកាន់អឺរ៉ុបម្ដងទៀត ដែលជាដំណើរទស្សនកិច្ចចុងក្រោយរបស់លោកក្នុងនាមជារដ្ឋមន្ត្រីការបរទេសក្នុងរដ្ឋការលោក បៃដិន។
នៅទីក្រុងប្រ៊ុចសែល ទីបញ្ជាការកណ្ដាលរបស់អង្គការយោធាណាតូ លោក Blinken បានប្រកាសប្រាប់សមភាគីណាតូរបស់លោកថា ដំណើរការនៃការផ្ទេរហិរញ្ញវត្ថុជំនួយក្នុងទំហំ ៥០០០០លានដុល្លារដែលបានមកពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី នឹងផ្ទេរទៅឱ្យអ៊ុយក្រែន នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Ukrainska Pravda នៃប្រទេសអ៊ុយក្រែន បានចុះផ្សាយនៅថ្ងៃទី៥ ធ្នូ នេះ។
តាមប្រមុខការទូតសហរដ្ឋអាមេរិក ដំណើរការនៃការរៀបចំផ្ទេរហិរញ្ញវត្ថុជំនួយទាំងអស់នេះ បានរួចរាល់ហើយ ដែលលោក Blinken ថាទាំងសហរដ្ឋអាមេរិក អឺរ៉ុប និងក្រុមប្រទេសឧស្សាហកម្ម G7 បានដំណើរការនីតិវិធីរួចរាល់ហើយដោយរង់ចាំការបញ្ជូនទៅឱ្យអ៊ុយក្រែន។
ក្នុងជំនួបកំពូលនៃមេដឹកនាំប្រទេសឧស្សាហកម្ម G7 មានសហរដ្ឋអាមេរិក អង់គ្លេស បារាំង ជប៉ុន អ៊ីតាលី កាណាដា អាល្លឺម៉ង់ រួមនឹងសហភាពអឺរ៉ុប នៅលើទឹកដីនៃប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានអនុម័តនូវការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅក្រៅប្រទេស ក្នុងទំហំ ៣២៥ពាន់លានដុល្លារ ហើយក្នុងនោះ ៥០ពាន់លានដុល្លារសម្រាប់ឱ្យអ៊ុយក្រែន តែក្នុងក្របខ័ណ្ឌជាប្រាក់បំណុលដែលផ្ទេរចេញពីការបង្ខាំងទ្រព្យសម្បត្តិរបស់រុស្ស៊ី។
លោក Blinken បញ្ជាក់ថា សហរដ្ឋអាមេរិក និងអឺរ៉ុប បានធានាចំពោះការជួយផ្ដល់ជំនួយពេញមួយឆ្នាំទៀតទាំងជំនួយយោធា និងជំនួយមិនមែនយោធាសម្រាប់អ៊ុយក្រែន។ ការប្រកាសរបស់លោក Blinken ក៏ធ្វើឡើងនៅចំពោះមុខរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrii Sybiha ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសណាតូនៅទីក្រុងប្រ៊ុចសែល។
តាមប្រមុខការទូតសហរដ្ឋអាមេរិកនៃរដ្ឋការលោក បៃដិន ចាប់តាំងពីអ៊ុយក្រែន ធ្លាក់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ី សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទាំងជំនួយយោធា និងជំនួយមិនមែនយោធាមានទំហំ ១០២ពាន់លានដុល្លារ ហើយចំណែកសម្ព័ន្ធមិត្តអាមេរិកបានផ្ដល់ជំនួយឱ្យអ៊ុយក្រែន ១៥៨ពាន់លានដុល្លារ។
នៅចំពោះមុខរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha លោក Blinken បានអះអាងថា កញ្ចប់ជំនួយយោធា ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលសភាអាមេរិកបានអនុម័តកាលពីខែមេសា ខណៈនេះរដ្ឋការលោក បៃដិន កំពុងធ្វើការសម្របសម្រួលដើម្បីទាញជំនួយទាំងអស់ទៅឱ្យអ៊ុយក្រែន មុនបិទបញ្ចប់រដ្ឋការលោក បៃដិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាពេលដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងប្រធានាធិបតីជំនួសលោក បៃដិន។
លោក Blinken បញ្ជាក់ថា គឺជាការធានាថា អ៊ុយក្រែនមានលទ្ធភាពប្រើប្រាស់ជំនួយយោធារបស់រដ្ឋការលោក បៃដិន រយៈពេលមួយឆ្នាំទៀតនៅឆ្នាំ២០២៥ ដែលនេះជាគោលដៅក្រុងវ៉ាស៊ីនតោន ពង្រឹងសមត្ថភាពការពារជាតិសម្រាប់ប្រទេសអ៊ុយក្រែន។
ក្នុងពេលបញ្ជាក់ពីការធានាជំនួយអន្តរជាតិសម្រាប់អ៊ុយក្រែន សេតវិមានប្រកាសពីជំនួយយោធានៅសល់ចុងក្រោយនៃរដ្ឋការលោក បៃដិន ៧២៥លានដុល្លារថាកំពុងរៀបចំចាត់ចែងទិញអាវុធផលិតនៅអាមេរិក ទៅឱ្យអ៊ុយក្រែន នៅក្នុងខែធ្នូ ឆ្នាំ២០២៤។
តាមរដ្ឋមន្ត្រីការបរទេសអាមេរិក Blinken ក្នុងជំនួយ ៧២៥លានដុល្លារ រួមមានមីស៊ីល គ្រាប់កាំភ្លើងធំ គ្រាប់រំសេវ គ្រាប់មីនប្រឆាំងមនុស្ស និងអាវុធមួយចំនួនទៀត។
លោក Blinken អះអាងទៀតថា សហរដ្ឋអាមេរិក និងប្រទេសជាង ៥០ផ្សេងទៀត បាននិងកំពុងសាមគ្គីគ្នាដើម្បីធានាឱ្យបានថា អ៊ុយក្រែនមានសមត្ថភាពតាមតម្រូវការចាំបាច់ក្នុងការការពារខ្លួនឯងប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។
កាលពីថ្ងៃទី១ ធ្នូ ប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្មី លោក Antonio Costa និងប្រធានកិច្ចការនយោបាយបរទេសនៃសហភាពអឺរ៉ុបថ្មី អ្នកស្រី Kaja Kallas បានធ្វើដំណើរទៅរដ្ឋធានីគៀវ ជាថ្ងៃដែលមេដឹកនាំថ្មីអឺរ៉ុបទាំងពីររូបចូលកាន់តំណែងរបស់ពួកគាត់។
មេដឹកនាំថ្មីទាំងពីររូបនៃសហភាពអឺរ៉ុប បានជួបប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ហើយបានធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅរដ្ឋធានីគៀវ។ មេដឹកនាំសហភាពអឺរ៉ុបទាំងពីររូបនេះ បានសន្យាបន្តគាំទ្រអ៊ុយក្រែន រហូតរុស្ស៊ី យល់ព្រមបញ្ចប់សង្គ្រាម។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបថ្មី លោក Antonio Costa បានប្រកាសថា សហភាពអឺរ៉ុបនឹងប្រមូលប្រាក់កម្ចីដែលបានពីការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ឱ្យបាន ១៥០០លានអឺរ៉ូ ឬជាង ១៥៧៩លានដុល្លារសម្រាប់មួយខែៗទៅឱ្យអ៊ុយក្រែន ជារៀងរាល់ខែសម្រាប់ឆ្នាំ២០២៥។
សហភាពអឺរ៉ុបជាសហគមន៍មួយមាន ២៧ប្រទេស។ សហគមន៍មួយនេះបានផ្ដល់ជំនួយទៅឱ្យអ៊ុយក្រែន គិតជាទឹកប្រាក់ប្រហែល ១៣៣ពាន់លានដុល្លារ ចាប់តាំងពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ផ្ទុះឡើង៕
© 2024, . All rights reserved.