ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា

នយោបាយ

រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ចលនា​តស៊ូ​នៅ​ក្រៅ​ស្រុក​របស់​លោក សម រង្ស៊ី ថា​ជា​ចលនា​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់

By ឌឹ ខេមបូឌា ដេលី

December 09, 2024

អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការ​បង្កើត​ចលនា​តស៊ូ​នៅ​ក្រៅ​ស្រុក​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ថា​ជា​ការ​ញុះញង់ បញ្ឆេះ​កំហឹង ធ្វើ​ឲ្យ​មាន​ហិង្សា​វឹកវរ​ក្នុង​សង្គម និង​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់។

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើង​ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី «ការ​បង្កើត​ចលនា​តស៊ូ​នយោបាយ​ក្រៅ​ស្រុក» នៅ​រាជបណ្ឌិត្យសភា​កម្ពុជា នា​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ​ថា ការ​បង្កើត​ចលនា​តស៊ូ​នៅ​ក្រៅ​ប្រទេស គ្រាន់តែ​ជា​ល្បិច​ប្រើប្រាស់​ប្រជាពលរដ្ឋ​ជា​ឈ្នាន់​ដើម្បី​ឈោង​ចាប់​អំណាច​របស់​លោក សម រង្ស៊ី ប៉ុណ្ណោះ។

លោក ប៉ែន បូណា អះអាង​ថា ការ​បង្កើត​ចលនា​តស៊ូ​នៅ​ក្រៅ​ប្រទេស​ក្រៅ​ប្រព័ន្ធ​បោះឆ្នោត​របស់​កម្ពុជា​បែប​នេះ គឺជា​ការ​ប៉ុនប៉ង​អូសទាញ​ប្រទេស​ជាតិ​ឲ្យ​ដើរ​ថយក្រោយ​យ៉ាង​ជាក់ច្បាស់ ព្រោះ​ថា​មិន​មាន​អ្នក​ប្រជាធិបតេយ្យ​ឯណា​ប៉ុនប៉ង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ដោយ​ស្រប​ច្បាប់​នោះ​ឡើយ។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា លោក សម រង្ស៉ី តែងតែ​បង្ក​បញ្ហា​នៅ​ក្នុង​ស្រុក ដែល​ទង្វើ​នេះ​ផ្ទុយ​ស្រឡះ​ពី​ចេតនា​របស់​រាជរដ្ឋាភិបាល​ដែល​ខិតខំ​រក្សា​សន្តិភាព និង​ថែរក្សា​សេចក្ដី​សុខ​ជូន​ប្រជាពលរដ្ឋ​រហូត​មក។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា បើ​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​ផ្លាស់ប្ដូរ​របប​ដឹកនាំ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គ្មាន​អ្វី​ត្រូវ​ខាត​ដល់​ប្រទេស​ជាតិ​ទេ គឺ​មាន​តែ​ចំណេញ​ទៅ​វិញ។

លោក​ថា ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ​សព្វថ្ងៃ​នេះ​បាន​សម្រេច ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ផ្កា​រីក​ដែល​ដឹកនាំ​ដោយ​ចលនា​ជាតិ​តស៊ូ​នៅ​ក្រៅ​ប្រទេស ព្រោះ​ក្នុង​យុទ្ធសាស្ត្រ​នេះ​មិន​ចាំបាច់​លើក​កម្លាំង​ទៅ​វាយ​យក​ទីតាំង​ណា​មួយ​ពី​ក្រៅ​ទេ តែ​ត្រូវ​ប្រើ​វិធី​ឲ្យ​កម្លាំង​បង្កប់​នៅ​ខាង​ក្នុង។

លោក សម រង្ស៊ី អះអាង​ថា យុទ្ធសាស្ត្រ​ផ្កា​រីក គឺ​ត្រូវ​រៀបចំ និង​បង្កើន​កម្លាំង​បង្កប់ ដោយ​លើក​ទឹកចិត្ត​អ្នក​តស៊ូ​ដែល​ស្រឡាញ់​ជាតិ និង​ស្រឡាញ់​យុត្តិធម៌ ហើយ​ស្អប់ខ្ពើម​អំណាច​ផ្ដាច់ការ អំពើពុករលួយ ភាព​អយុត្តិធម៌ វប្បធម៌​គ្រួសារ​និយម និង​ទង្វើ​ក្បត់​ជាតិ ជា​អ្នក​ធ្វើ​សកម្មភាព​បំផ្ទុះ​ពី​ខាង​ក្នុង​មក​វិញ។

កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លោក សម រង្ស៊ី សម្រេច​បង្កើត​ចលនា​ជាតិ​តស៊ូ​មួយ​នៅ​ក្រៅ​ស្រុក ដែល​លោក​អះអាង​ថា​ជា​ចលនា​តំណាង​ឆន្ទៈ​ពិតប្រាកដ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ដែល​ស្រឡាញ់​ជាតិ សេរីភាព និង​យុត្តិធម៌​ពិតប្រាកដ៕

© 2024, . All rights reserved.