គ្រឿងញៀន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប្រកាស​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​ចាប់ពី​ថ្ងៃ​នេះ​ត​ទៅ

By ឌឹ ខេមបូឌា ដេលី

December 11, 2024

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បញ្ជា​ឱ្យ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ដោយ​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ និង​ស្នើ​បិទ​មធ្យោបាយ​ល្បែងស៊ីសង​ខុស​ច្បាប់ មិន​ឱ្យ​មាន​ដំណើរការ​ចាប់ពី​ថ្ងៃទី​១១ ខែ​ធ្នូ នេះ​តទៅ។

លោក ស សុខា បាន​ចេញ​សារាចរ​ណែនាំ ៥​ចំណុច ដើម្បី​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុស​ច្បាប់ បន្ទាប់ពី​ក្រសួង​បាន​សង្កេត​ឃើញ​ថា​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ផលិត​រូបភាព វីដេអូ និង​មាតិកា​ល្បែងស៊ីសង​ខុស​ច្បាប់ ព្រមទាំង​ផ្សព្វផ្សាយ​ល្បែងស៊ីសង​នោះ​ដើម្បី​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យ​លេង​ល្បែង ទាំង​លេង​ផ្ទាល់ ទាំង​លេង​តាម​អនឡាញ ហើយ​ក្រសួង​ក៏​សម្គាល់​ឃើញ​បុគ្គល​មាន​ប្រជាប្រិយភាព និង​អ្នក​ផលិត​មាតិកា​សង្គម​ចូលរួម​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​ផង​ដែរ។

សារាចរ​ណែនាំ​ដដែល​បាន​សរសេរ​ថា ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការ​ផលិត​រូបភាព វីដេអូ និង​មាតិកា​ដែល​មាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ ទោះជា​ល្បែងស៊ីសង​លេង​ដោយ​ផ្ទាល់​ក្តី ឬ​តាម​ប្រព័ន្ធ​អនឡាញ​ក្តី និង​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការ​បង្កើត​គេហទំព័រ គណនី ឬ​ទំព័រ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​មាន​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ ទោះ​ជា​ល្បែងស៊ីសង​លេង​ដោយ​ផ្ទាល់​ក្តី ឬ​តាម​ប្រព័ន្ធ​អនឡាញ​ក្តី។

ប្រភព​ដដែល​សរសេរ​ថា ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ការ​ផ្សព្វផ្សាយ និង/ឬ​ចែករំលែក​បន្ត​អំពី​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ។ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ចាត់​វិធានការ​តឹងរ៉ឹង​តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ក្នុង​ការ​តាមដាន និង​ហាមឃាត់​ការ​ផ្សព្វផ្សាយ និង​ការ​ចែករំលែក​បន្ត​នូវ​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ។

នៅ​ក្នុង​សារាចរ​ណែនាំ​ដដែល​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ជំរុញ​ការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ការ​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព” នៃ​រាជរដ្ឋាភិបាល។

អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា កម្លាំង​នគរបាល​ជាតិ​ចាប់ពី​ថ្នាក់​ក្រសួង​មហាផ្ទៃ រួម​ទាំង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ រួម​ទាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ-សង្កាត់ នឹង​បង្ក្រាប​ដោយ​គ្មាន​លើកលែង​នោះ​ឡើយ។

ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​បន្ត​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់ ល្បែង​អនឡាញ ល្បែង​ផ្សង​សំណាង និង​ការ​ជួញដូរ​គ្រឿងញៀន​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ដើម្បី​ស្រាវជ្រាវ និង​ស៊ើបអង្កេត​គ្រប់​ល្បែងស៊ីសង​ខុស​ច្បាប់ លោក សុខ ផល បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាលពី​ខែ​មីនា ថា គិត​ត្រឹម​រយៈពេល​បី​ថ្ងៃ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​បង្ក្រាប និង​បិទ​ទីតាំង​បើក​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ជាង ៣​ពាន់​កន្លែង និង​ឃាត់​ខ្លួន ទាំង​ជនជាតិ​បរទេស និង​ជនជាតិ​ខ្មែរ​បាន​ជាង ១​ម៉ឺន​នាក់ ដើម្បី​សាកសួរ និង​បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

© 2024, . All rights reserved.