អង្គការក្រៅរដ្ឋាភិបាលសម្រេចប្តឹងស្ថាប័នហិរញ្ញវត្ថុមួយចំនួនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជា KB Financial Group ធនាគារអភិវឌ្ឍន៍រដ្ឋហុឡង់ដ៍ FMO និងធនាគារ LOLC ទៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការអនុវត្តការឲ្យខ្ចីបុលបែបកេងប្រវ័ញ្ចក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (LICADHO) និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី០៩ ខែធ្នូ ថា ខ្លួនបានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ក្រុមការងារនៃអង្គការសហប្រជាជាតិផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស (UNGPs) រួមទាំងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ជុំវិញការអនុវត្តវិធីខ្ចីបុលបែបគៃប្រវ័ញ្ច និងការរំលោភសិទ្ធិមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ។
ប្រភពដដែលអះអាងថា ពាក្យបណ្ដឹងនេះទាក់ទងនឹងសកម្មភាពរបស់ស្ថាប័នហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា ដែលម្ចាស់ភាគហ៊ុន និងអ្នកវិនិយោគអន្តរជាតិរបស់ស្ថាប័នទាំងនេះមាន ដូចជា KB Financial Group ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសកូរ៉េខាងត្បូង ធនាគារអភិវឌ្ឍន៍រដ្ឋហុឡង់ដ៍ FMO និងធនាគារ LOLC ដែលមានមូលដ្ឋាននៅប្រទេសសិរីលង្កា និងអ្នកវិនិយោគរដ្ឋ និងឯកជនផ្សេងទៀត។
អង្គការក្រៅរដ្ឋាភិបាលដដែលនេះ បញ្ជាក់ថា ពាក្យបណ្ដឹងនេះអំពាវនាវឱ្យអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ពិនិត្យមើលវិបត្តិនៃការជំពាក់បំណុលវ័ណ្ឌក ដោយបង្កើតកិច្ចសន្ទនាជាមួយក្រុមហ៊ុនជាតិ និងពហុជាតិ វិនិយោគិន រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នជាតិដែលពាក់ព័ន្ធ ដើម្បីធ្វើឱ្យវិស័យនេះស្របតាមគោលការណ៍ណែនាំពីអង្គការសហប្រជាជាតិស្ដីពីធុរកិច្ច និងសិទ្ធិមនុស្ស។
នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ អ្នកនាង ណាលី ពីឡូក លើកឡើងថា ស្ថានភាពវិបត្តិមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជាកាន់តែអាក្រក់ឡើងៗសព្វថ្ងៃនេះ ព្រោះថាអតិថិជនដែលជាប់បំណុល បានធ្លាក់ខ្លួនក្រីក្រដោយសារការបាត់បង់ដី រហូតករណីខ្លះបាត់បង់ទាំងជីវិត ដោយសារការផ្តល់ការខ្ចីបុលមីក្រូហិរញ្ញវត្ថុបែបគៃប្រវ័ញ្ចពីស្ថាប័នហិរញ្ញវត្ថុទាំងនោះ។
អ្នកស្រី ណាលី ពីឡូក អះអាងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានកើនឡើងដល់ជាង ១៦ពាន់លានដុល្លារអាមេរិកក្នុងពេលនេះ ក្នុងនោះទំហំប្រាក់បំណុលជាមធ្យមគឺលើសពី ៥០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាទំហំខ្ពស់បំផុតនៅលើពិភពលោក និងមានចំនួនលើសរហូតដល់ទៅ ៣ដងនៃប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមនៅប្រទេសកម្ពុជា។
ជុំវិញស្ថានភាពបំណុលលើពលរដ្ឋខ្មែរ ត្រូវគេរកឃើញថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរសរុប ១៧លាននាក់ អ្នកដែលមានគ្រួសារជាង ៣លាន ៦សែនគ្រួសារ បានជាប់បំណុលធ្ងន់ធ្ងរ ខណៈបំណុលដែលកើតចេញពីការខ្ចីបុលមីក្រូហិរញ្ញវត្ថុ គឺមានដល់ទៅ ៣លានបំណុលឯណោះ។
តួលេខនេះ បានបង្ហាញថា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកដែលបានជំពាក់បំណុលច្រើនជាងគេក្នុងចំណោមស្ថាប័នមីក្រូហិរញ្ញវត្ថុជិត ៩០ស្ថាប័ន (៨៦ស្ថាប័ន) ដែលកំពុងប្រតិបត្តិការរកប្រាក់ចំណេញក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ៕
© 2024, . All rights reserved.