ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​កំរោល​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើក​ស្ទួយ​សិទ្ធិមនុស្ស​ដើម្បី​លុប​បំបាត់​រូបភាព​អាក្រក់​លើ​ឆាក​អន្តរជាតិ

By ឌឹ ខេមបូឌា ដេលី

December 12, 2024

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​ផ្នត់គំនិត លោក សេក សុជាតិ លើកឡើង​ថា ញត្តិ​ចំហ​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ គឺជា​សារ​ដាស់តឿន​មួយ​សម្រាប់​រដ្ឋាភិបាល ត្រូវ​កែលម្អ​លើក​ស្ទួយ​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​លុប​បំបាត់​រូបភាព​កាន់តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា ការ​ប្រើ​វិធានការ​រឹតត្បិត​លើ​សកម្មជន​បរិស្ថាន និង​សកម្មជន​ដទៃ​ទៀត​ដោយ​ការ​ចាប់​ចង​ដើម្បី​បំបិទ​សំឡេង​របស់​ពួកគេ មិនមែន​ជា​មធ្យោបាយ​ល្អ​សម្រាប់​រដ្ឋាភិបាល​ខ្លួនឯង​ទេ ព្រោះ​សហគមន៍​អន្តរជាតិ​ក៏​នឹង​ដាក់​សម្ពាធ ឬ​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ដូច​គ្នា។

លោក​ថា អ្នក​ដែល​ខាត​ពិតប្រាកដ គឺ​រដ្ឋាភិបាល​ខ្លួនឯង​ប៉ុណ្ណោះ ត្បិត​ក្រោម​វិធានការ​ដ៏​តានតឹង​នេះ នឹង​ធ្វើ​ឱ្យ​បាត់​នូវ​សំឡេង​ការពារ​បរិស្ថាន បាត់​នូវ​សំឡេង​ការពារ​សិទ្ធិមនុស្ស និង​បាត់​នូវ​សំឡេង​ការពារ​ប្រជាធិបតេយ្យ ជាដើម ខណៈ​ផល​ប្រយោជន៍​ដែល​កម្ពុជា​ធ្លាប់​ទទួល​បាន​ពី​បណ្តា​ប្រទេស​ដែល​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នោះ ក៏​ត្រូវ​បាត់បង់​ដូច​គ្នា​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា កង្វល់​របស់​សហគមន៍​អន្តរជាតិ​កន្លង​មក ទាំង​ការ​រិះគន់ និង​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ក៏ដោយ គឺ​គ្រាន់តែ​មាន​បំណង​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ក្លាយ​ជា​ដៃគូ​សហការ​ក្នុង​ការ​អភិវឌ្ឍ ការ​ការពារ​សិទ្ធិមនុស្ស និង​ការ​ការពារ​លទ្ធិប្រជាធិបតេយ្យ ដែល​ជា​គុណប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា អ្នកទោស​មនសិការ សកម្មជន​សង្គម​នានា ជាពិសេស​យុវជន​បរិស្ថាន​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នា​ពេលនេះ មាន​ចំណែក​គុណសម្បត្តិ​ដ៏​ធំធេង​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ជុំវិញ​ការ​ការពារ​បរិស្ថាន​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ក្រោម​រូបភាព​នៃ​ការ​អភិវឌ្ឍ និង​ការ​វិនិយោគ​ដែល​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​រហូត​មក។

កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤ ចលនា​មាតា​ធម្មជាតិ​កម្ពុជា បាន​ចេញ​ញត្តិ​ចំហ​មួយ​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការ​ការ​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ រួម​មាន លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា និង​លោក យីម លាងហ៊ី ត្រូវ​បាន​របប​សន្តិភាព​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ចាប់ពី ៦​ឆ្នាំ​ទៅ ៨​ឆ្នាំ ដែល​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​សាហាវ​យង់ឃ្នង​បំផុត។

គិត​មក​ទល់​នឹង​ពេលនេះ គឺ​មាន​រយៈពេល ១៦១​ថ្ងៃ​ហើយ ចាប់​តាំងពី​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កក្កដា មក។

ចលនា​មាតា​ធម្មជាតិ លើកឡើង​ថា ការ​ដឹកនាំ​ក្រោម​របប​សន្តិភាព​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ បាន​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជា​របប​មួយ​ជា គុក​ឥត​ជញ្ជាំង ទៅ​ហើយ ដែល​ជា​របប​សង្កត់សង្កិន ចាប់​ចង​អ្នក​ការពារ​សិទ្ធិមនុស្ស ជាពិសេស​យុវជន​ដែល​ហ៊ាន​និយាយ​ពី​បញ្ហា​ប្រទេស​ជាតិ​របស់​ខ្លួន។

ទិន្នន័យ​សង្គម​ស៊ីវិល បង្ហាញ​ថា ចាប់តាំងពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៤ មក រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​ក្តៅ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ​រិះគន់​ការ​ដឹកនាំ​របស់​ខ្លួន​ជាបន្តបន្ទាប់ ទាំង​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​អ្នក​សារព័ត៌មាន ជាដើម សូម្បី​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​លើ​ទឹកដី​ថៃ ក៏​ត្រូវ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ​ដែរ៕

© 2024, . All rights reserved.