ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (Khmer Movement For Democracy (KMD)) ប្ដេជ្ញាតស៊ូជាមួយប្រជាពលរដ្ឋខ្មែររហូតដល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋគ្រប់រូបត្រូវបានស្ដារឡើងវិញរួចផុតពីរបបជិះជាន់របស់គ្រួសារត្រកូលហ៊ុន។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ចេញសេចក្តីថ្លែងការណ៍សម្រាប់ខួបលើកទី៧៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅថ្ងៃទី១១ ធ្នូ នេះថា សិទ្ធិមនុស្ស និងសង្គមប្រជាធិបតេយ្យដែលធានាដោយរដ្ឋធម្មនុញ្ញ គ្រាន់តែជាការចងចាំដ៏សែនឆ្ងាយសម្រាប់ពលរដ្ឋកម្ពុជាប៉ុណ្ណោះក្នុងពេលនេះ ដោយសារការគាបសង្កត់ដ៏ឃោរឃៅពីរបបដឹកនាំត្រកូលហ៊ុន។
ប្រភពដដែលលើកឡើងថា ការមិនអើពើសិទ្ធិសេរីភាពរបស់មនុស្ស និងច្បាប់អន្តរជាតិក្នុងការការពារសិទ្ធិជាសកល បានគូសបញ្ជាក់យ៉ាងច្បាស់អំពីលក្ខណៈផ្ដាច់ការនៃរបបដឹកនាំរបស់គ្រួសារមួយនេះ ខណៈតុលាការដែលត្រូវបានប្រើជំនួសឱ្យការរក្សាយុត្តិធម៌ ទៅជាអាវុធដើម្បីបម្រើផលប្រយោជន៍សម្រាប់គ្រួសារផ្ដាច់ការមួយនេះដែរ។
KMD ថាដោយសារតុលាការត្រូវបានប្រើជាអាវុធសម្រាប់ចាប់អ្នករិះគន់ដាក់គុកបែបនេះហើយ ទើបសិទ្ធិជាមូលដ្ឋានក្នុងការកាត់ក្តីដោយយុត្តិធម៌ ដែលមានចែងក្នុងច្បាប់ជាធរមាន បានប្រែក្លាយទៅជាការបំភិតបំភ័យចំពោះអ្នកដែលប្រឆាំងនឹងរដ្ឋាភិបាលទៅវិញសព្វថ្ងៃនេះ។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អំពាវនាវឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាក់លាក់ចំពោះរបបដឹកនាំគ្រួសារហ៊ុន ដែលមិនអើពើនឹងការអំពាវនាវរបស់សហគមន៍អន្តរជាតិ ដោយការដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស រួមទាំងអ្នកពាក់ព័ន្ធក្នុងការគាបសង្កត់ឆ្លងដែនផងដែរ ដើម្បីឱ្យរបបដឹកនាំគ្រួសារមួយនេះដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
សម្រាប់ទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៦ ឆ្នាំ២០២៤ នេះ អង្គការសង្គមស៊ីវិលនៅកម្ពុជា បាននាំគ្នាចេញសេចក្តីថ្លែងការណ៍ រួមទាំងមានការប្រារព្ធពិធីអបអរសាទរព្រោងព្រាត ដោយលើកឡើងពីការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋពីសំណាក់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមកនេះ។
អង្គការលីកាដូ ចេញផ្សាយរបាយការណ៍របស់ខ្លួននៅថ្ងៃទី១១ ធ្នូ នេះថា ឆ្នាំ២០២៤ នេះ មានការឃាត់ ចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើសកម្មជននយោបាយ សកម្មជនសហជីព សិស្សនិស្សិត សកម្មជនការពារបរិស្ថាន និងពលរដ្ឋសាមញ្ញដទៃទៀត។
របាយការណ៍ដដែលបង្ហាញថា ចំនួនអ្នកជាប់ឃុំសម្រាប់ឆ្នាំ២០២៤ នេះ គឺចំនួនជាង ១០០នាក់ (១០២នាក់) ខណៈមនុស្ស ៤៥នាក់ ត្រូវបានដោះលែង និងមនុស្ស ៥៧នាក់ផ្សេងទៀតបន្តនៅក្នុងពន្ធនាគារដើម្បីអនុវត្តទោស ឬកំពុងឃុំខ្លួនបណ្ដោះអាសន្នសព្វថ្ងៃនេះ។
ជុំវិញខួបលើកទី៧៦ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នេះ គេសង្កេតឃើញថាអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីក្នុងអំណាច លោក ហ៊ុន ម៉ាណែត មិនបានលើកឡើងពីការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាទេ គ្រាន់តែសរសេរដោយខ្លីថា អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិប៉ុណ្ណោះ៕
© 2024, . All rights reserved.