មន្ត្រីក្រសួងយុត្តិធម៌ អះអាងថា ទណ្ឌិតប្រមាណ ៣០០នាក់ បានស្នើដោយអាជ្ញាធររាជធានី-ខេត្តចំនួន២៣ សុំការបន្ធូរបន្ថយ និងលើកលែងទោសក្នុងឱកាសនៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩-៧ មករា ២០២៥) ខាងមុខនេះ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស លោក គឹម សន្តិភាព បានឲ្យដឹងថា មានទណ្ឌិតជាង ៣០០នាក់ត្រូវបានស្នើដោយអាជ្ញាធររាជធានី-ខេត្តចំនួន២៣ មកគណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃដើម្បីបន្ធូរបន្ថយទោស និងលើកលែងទោស។
ប្រភពដដែលអះអាងថា ការសម្រេចនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការជាតិដែលដឹកនាំដោយរដ្ឋមន្ត្រីយុត្តិធម៌ នៅក្នុងអង្គប្រជុំនាពេលខាងមុខ។ លោកថា ក្នុងចំណោមទណ្ឌិតដែលស្នើសុំបន្ថយ និងលើកលែងទោស មានស្នើសុំបន្ថយ ៣ខែ ៦ខែ ៩ខែ ១២ខែ និងលើកលែងទោស។
លោក គឹម សន្តិភាព អះអាងថា ទណ្ឌិតឆាប់ទទួលបានឱកាសបន្ធូរបន្ថយទោស ឬលើកលែងទោសស្របតាមច្បាប់ជាធរមាន គឺពួកគេខិតខំបំពេញលក្ខខណ្ឌនានាតាមច្បាប់ និងកែប្រែគំនិត មារយាទឱ្យបានល្អ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា បានឲ្យដឹងថា ការសុំលើកលែង និងបន្ធូរបន្ថយទោសកន្លងមក តែងតែមានភាពមិនប្រក្រតីនៃការជ្រើសរើសទណ្ឌិត ដោយសារតែមានការពាក់ព័ន្ធករណីអំពើពុករលួយ និងរឿងនយោបាយ។ លោកទទូចឲ្យមន្ត្រីមានសមត្ថកិច្ច ធ្វើការជ្រើសរើសដោយមានតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ដល់ទណ្ឌិតដែលបានខិតខំកែប្រែខ្លួននៅក្នុងពន្ធនាគារ។
លោក ស៊ឹង សែនករុណា អះអាងថា កន្លងមក មន្ត្រីអតីតបក្សប្រឆាំង សកម្មជនព្រៃឈើ សកម្មជនដីធ្លី កម្រនឹងមានឈ្មោះក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយ ឬលើកលែងទោសណាស់ បើទោះបីជាពួកគាត់បានអនុវត្តខ្លួនល្អ និងអនុវត្តទោសបានពីរភាគបីក្នុងការជាប់ឃុំក៏ដោយ។
តាមនីតិវិធី ក្រោយពីពិនិត្យបញ្ជីឈ្មោះទណ្ឌិតរួម និងបញ្ជូនទៅឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ពិនិត្យនិងសម្រេចបន្ត ដើម្បីស្នើបន្តទៅនាយករដ្ឋមន្ត្រី។ បន្ទាប់មក នាយករដ្ឋមន្ត្រីនឹងស្នើសុំទៅព្រះមហាក្សត្រ ដើម្បីទទួលបានការប្រោសប្រទានស្ដីពីការបន្ថយ និងលើកលែងទោស។
យោងតាមព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លើកឡើងថា ការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតជាប់ពន្ធនាគារ ធ្វើឡើងចំនួន ៥លើកក្នុងមួយឆ្នាំ គឺក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យវិសាខបូជា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក។
ការបន្ធូរបន្ថយទោស លុះត្រាតែទណ្ឌិតបានអនុវត្តទោស ១ភាគ៣ នៃទោសដាក់ពន្ធនាគារសរុបដែលតុលាការបានកំណត់ ហើយសម្រាប់ទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ឆ្នាំជាមុនសិន៕
© 2024, . All rights reserved.