Featured

ស្តេច​គ្រញូង ទ្រី ភាព រកស៊ី​ឧក្រិដ្ឋកម្ម​អនឡាញ​ជាមួយ​ជនជាតិ​ចិន​នៅ​សណ្ឋាគារ​និង​កាស៊ីណូ​ថ្មដា​ខេត្ត​ពោធិ៍សាត់

By ឌឹ ខេមបូឌា ដេលី

December 14, 2024

អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ធ្វើការ​ចោទប្រកាន់​ថា​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ ដោយ​ជ្រក​ក្រោម​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ទៅ​ក្រៅ​ប្រទេស ត្រូវ​បាន​គេ​រក​ឃើញ​ថា ក្រុមហ៊ុន ទ្រី ភាព ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស MDS «ថ្មដា» មាន​បុគ្គលិក ១​ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន ជនជាតិ​ថៃ និង​ជនជាតិ​វៀតណាម កំពុង​រកស៊ី​ឧក្រិដ្ឋកម្ម​អនឡាញ​ខ្នាត​ធំ​ដោយ​គ្មាន​អាជ្ញាធរ​ហ៊ាន​ចុះ​បង្ក្រាប។

ស្តេច​គ្រញូង​ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា អ្នកឧកញ៉ា ទ្រី ភាព ជា​មេ​ឧក្រិដ្ឋជន​ព្រៃឈើ និង​មិន​ចេះ​អក្សរ មាន​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​សរុប​ត្រួសៗ​ប្រមាណ ១២៧៣​លាន​ដុល្លារ​អាមេរិក វិនិយោគ​ក្នុង​ក្រុមហ៊ុន ទ្រី ភាព គ្រុប។ ក្រុមហ៊ុន​នេះ​មាន​គម្រោង​សាងសង់​សណ្ឋាគារ និង​កាស៊ីណូ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ថ្មដា នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជាប់​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ទឹកប្រាក់​ប្រមាណ ១០០​លាន​ដុល្លារ ($98,977,230) ត្រូវ​បាន​រក​ឃើញ​ថា​កំពុង​បើក​អាជីវកម្ម​ឧក្រិដ្ឋកម្ម​អនឡាញ ដែល​មាន​បុគ្គលិក​ជាង ១​ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន ជនជាតិ​ថៃ និង​វៀតណាម ដែល​ពួកគេ​ត្រូវ​បាន​ធ្វើ​ទារុណកម្ម និង​បង្ខាំង​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​នោះ​ឡើយ។

អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប និង​ក្រុមហ៊ុន MDS ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ធ្វើការ​ចោទប្រកាន់​ថា​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ ដោយ​ជ្រក​ក្រោម​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ទៅ​ក្រៅ​ប្រទេស។

យោង​តាម​ប្រភព​ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​លោក ទ្រី ភាព បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព បាន​ឲ្យ​ដឹង​ថា សម្រាប់​តែ​ខេត្ត​ពោធិ៍សាត់ ក្នុង​ស្រុក​វាលវែង តែ​មួយ ក្រុមហ៊ុន MDS របស់​លោក ទ្រី ភាព មាន​បុគ្គលិក​ដល់​ទៅ​ជាង ១​ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន។

អ្នក​ទាំងនោះ​ភាគច្រើន​ត្រូវ​បាន​គេ​ទិញ និង​ត្រូវ​បាន​គេ​បោក​ឲ្យ​មក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក ទ្រី ភាព ដោយ​តម្រូវ​ឲ្យ​មាន​ចំណូល​ក្នុង ១​ខែ ១០​លាន​ដុល្លារ ឬ​ស្មើ​នឹង ១២០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ។

ប្រភព​ដដែល​អះអាង​ថា នេះ​សម្រាប់​តែ​ខេត្ត​ពោធិ៍សាត់ ក្នុង​ស្រុក​វាលវែង មួយ​ប៉ុណ្ណោះ ដែល​គេ​នៅ​មិន​ទាន់​រាប់​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​ក្រុង​ប៉ោយប៉ែត និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​វៀតណាម ផ្សេង​ទៀត​នៅឡើយ​ទេ។

ប្រភព​ដដែល​អះអាង​ថា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ការ​យាមកាម​យ៉ាង​ហ្មត់ចត់​នោះ មាន​អាជីវកម្ម​ល្បែង​អនឡាញ អាជីវកម្ម​រ៉ែ​ដែល​នាំ​ចេញ​ដោយ​គេច​ពន្ធ អាជីវកម្ម​ឈើ​ប្រណិត និង​មាន​កន្លែង​សម្រាប់​បង្ខាំង​មនុស្ស​ដោយ​ប្រើ​ដំបង​ឆក់​ថែម​ទៀត ហើយ​ការ​បង្ខាំង​មនុស្ស​មាន​ករណី​ខ្លះ​រហូត​ដល់​ស្លាប់ ប៉ុន្តែ​ពុំ​ដែល​មាន​សមត្ថកិច្ច​ណា​ចុះ​ទៅ​បង្ក្រាប​នោះ​ទេ។

ប្រភព​ដដែល​អះអាង​ថា ប្រសិនបើ​បុគ្គលិក​ណា​មាន​កិច្ចការ​ចាំបាច់​ត្រូវ​ចេញ​ក្រៅ មាន​រថយន្តក្រុង​ធំៗ​សម្រាប់​ដឹកជញ្ជូន​ពួកគេ។ រថយន្ត​ដែល​ដឹកជញ្ជូន​នោះ​ដាក់​ឈ្មោះ​ជា​ភាសា​ចិន និង​អង់គ្លេស​ថា MDS HENG HE PURSAT THMOR DAR SPECIAL ECONOMIC ZONE SPECIAL LINE CAR។

ប្រភព​ដដែល​បាន​អះអាង​ថា ឧក្រិដ្ឋកម្ម​អនឡាញ​នេះ លោក ទ្រី ភាព បាន​រកស៊ី​បាន​ប្រហែល ២​ឆ្នាំ​មក​ហើយ។ ក្រុម​ម៉ាហ្វីយ៉ា​ចិន បាន​ចាប់​ដៃ​រកស៊ី​ជាមួយ​លោក ទ្រី ភាព ជា​ទ្រង់ទ្រាយ​ធំ។

ចំណែក​ធនាគារ ហេង ហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក HENG HE (CAMBODIA) COMMERCIAL BANK PLC) ជា​ក្រុមហ៊ុន​នេះ​ជាប់​សង្ស័យ​ថា​ជា​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក និង​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ដែល​សហការ​ជាមួយ​ឧក្រិដ្ឋជន​ជនជាតិ​ចិន នោះ ក៏​រកស៊ី​នៅ​ទីនោះ​ដែរ។

ធនាគារ​នេះ​ក៏​ត្រូវ​គេ​ដឹង​ថា មាន​ភាគហ៊ុន​របស់​ឧកញ៉ា ហ៊ុន តូ ដែរ ដែល​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​កំពុង​ធ្វើការ​ស៊ើបអង្កេត​ករណី​លាង​លុយ​កខ្វក់ និង​ការ​ចរាចរ​លុយ​ឌីជីថល ឬ​ហៅថា Cryto Currency ដែរ ហើយ​បញ្ហា​នេះ​ធនាគារ​ជាតិ​នៃ​កម្ពុជា មិន​ទាន់​បើក​ការ​ស៊ើបអង្កេត និង​ផ្អាក​ដំណើរការ​របស់​ធនាគារ ហេង ហ៊ី នៅឡើយ​ទេ។

លោក ហ៊ុន តូ ដែល​ល្បី​ឈ្មោះ​ខាង​រកស៊ី​គ្រឿងញៀន​ឆ្លងដែន​ខុស​ច្បាប់ ត្រូវ​ជា​បងប្អូន​ជីដូនមួយ​របស់​លោក ហ៊ុន ម៉ាណែត និង​ជា​ក្មួយប្រុស​បង្កើត​របស់​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្រូវ​បាន​រក​ឃើញ​ជា​ថ្មី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ទីផ្សារ​អនឡាញ​ខ្មៅ​ងងឹត ឆបោក​រូបិយប័ណ្ណ​គ្រីបតូ​ក្នុង​តម្លៃ​ទឹកប្រាក់​រហូត​ដល់​ជាង ៤៩​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់តាំងពី​ឆ្នាំ​២០២១ មក។

ប្រភព​ដដែល​អះអាង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ក្រុម​ឧក្រិដ្ឋជន​ចិន មាន​វត្តមាន​នៅ​តាម​កាស៊ីណូ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សឹង​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​មិន​ទាន់​មាន​វិធានការ​បណ្តេញ​ពួកគេ​ចេញពី​កម្ពុជា ដើម្បី​ស្ដារ​មុខមាត់​ប្រទេស​លើ​ឆាក​អន្តរជាតិ និង​សេដ្ឋកិច្ច​ជាតិ​នៅឡើយ​ទេ។

អង្គការ​អន្តជាតិ​បាន​ធ្វើការ​វាយតម្លៃ និង​ធ្វើការ​បូក​សរុប​ឲ្យ​ឃើញ​ថា លុយ​សូកប៉ាន់​របស់​ក្រុម​ឧក្រិដ្ឋជន​អនឡាញ​ដែល​បាន​សូកប៉ាន់​ដល់​សមត្ថកិច្ច​កម្ពុជា​ឲ្យ​ការពារ​មុខរបរ​រកស៊ី​បោកប្រាស់​តាម​អនឡាញ និង​ចាប់​ជំរិត​តាម​អនឡាញ​របស់​ពួកគេ​មាន​ចំនួន​ជាង ៧​ពាន់​លាន​ដុល្លារ​ក្នុង ១​ឆ្នាំ ដែល​លុយ​ទាំងនោះ​មិន​បាន​យក​មក​ជួយ​សេដ្ឋកិច្ច​ជាតិ និង​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​ជំពាក់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​វ័ណ្ឌក ដែល​មាន​ទឹកប្រាក់​សរុប​ទាំងអស់​មាន​ចំនួន ៩,4​ពាន់​លាន​ដុល្លារ​សព្វថ្ងៃ​នេះ។

ប្រភព​ពី​បុគ្គលិក​របស់​លោក ទ្រី ភាព ដដែល​បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​ថ្មីៗ​នេះ កូនប្រសា​របស់​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា បាន​ចុះ​ចាប់​ក្រុម​ឧក្រិដ្ឋជន​អនឡាញ​នៅ​ផ្លូវជាតិ​លេខ​៣ ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ចំនួន​ជាង ១០០០​នាក់ ប៉ុន្តែ​ចំនួន​ឧក្រិដ្ឋជន​ពិតប្រាកដ​មាន​ចំនួន​ជាង ៨​ពាន់​នាក់​ក្នុង​អគារ​ធំៗ​មួយ​ចំនួន​នៅ​ទីនោះ។

ហេតុ​អ្វី​ចំនួន​ឧក្រិដ្ឋជន​ជាង ៨​ពាន់​នាក់ តែ​ចាប់​តែ​ជាង ១​ពាន់​នាក់​ទៅ​វិញ ?

ប្រភព​ដដែល​ឲ្យ​ដឹង​ថា អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​អាច​សូកប៉ាន់​លុយ​ជាង ១​ម៉ឺន​ទៅ ២​ម៉ឺន​ដុល្លារ ដើម្បី​រួច​ខ្លួន​ចេញ​មក​វិញ។

ប្រភព​ដដែល​អះអាង​ថា លុយ​ដែល​លោក ទ្រី ភាព រក​បាន​នេះ​បាន​បង់​បន្តិចបន្តួច​ទៅ​ឲ្យ​លោក ហ៊ុន សែន តែប៉ុណ្ណោះ ហើយ​ចំណែក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​រាប់​រយ​លាន​ផ្សេង​ទៀត ត្រូវ​បាន​លាក់​ទុក​ជា​សាច់ប្រាក់​នៅ​ទីស្នាក់ការ​កណ្តាល​របស់​លោក​ស្ថិត​នៅ​លើ​មហាវិថី​ព្រះ​នរោត្តម។ បុគ្គលិក​របស់​លោក ទ្រី ភាព រូប​នោះ​បាន​បន្ត​ទៀត​ថា លោក ទ្រី ភាព បាន​ឲ្យ​មនុស្ស​ជំនិត​របស់​លោក​មួយ​ក្រុម​បង្កើត​គណនី Crypto Currency ដែល​មាន​ឈ្មោះ​ថា USDT និង USDC។

ចំណែក​ប្រភព​ពី​មន្ត្រី​របស់​គណបក្ស​កាន់​អំណាច​ប្រចាំ​នៅ​កាកបាទ​ក្រហម​កម្ពុជា​ខ្លះ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​មាន​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​មាន​ទំនាស់​ក្នុង​ការ​ចែក​ទីតាំង​ការពារ​ឧក្រិដ្ឋជន​អនឡាញ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពី​ក្រុម​សង្គម​ងងឹត​ទាំងឡាយ​ដែល​យក​ប្រទេស​កម្ពុជា​ជា​ឋានសួគ៌​របស់​ពួកគេ។

ឧកញ៉ា ទ្រី ភាព គឺជា​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​បុគ្គល​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម ដោយ​ការ​បង្កក​ទ្រព្យសម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​សព្វថ្ងៃ​នេះ។ អ្នក​ទាំងនោះ​ក៏​រួម​មាន​លោក ចៅ ភិរុណ, លោក ទៀ វិញ, លោក ហ៊ីង ប៊ុនហៀង, លោក គន់ គីម និង​លោក លី យ៉ុងផាត់។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​ប្រកាស​ថា លោក ទ្រី ភាព បាន​ប្រើ​បណ្ដាញ​ធំៗ​របស់​ខ្លួន​ក្នុង​ជួរ​រដ្ឋាភិបាល និង​យោធា​ដើម្បី​ការពារ​ជំនួញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​ខ្លួន ហើយ​ឈើ​ទាំងនោះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ចិន សហគមន៍​អឺរ៉ុប និង​រុស្ស៊ី។

ដោយសារតែ​បែប​នេះ អាមេរិក​សម្រេច​ដាក់​លោក ទ្រី ភាព និង​ក្រុមហ៊ុន​ចំនួន ១១ របស់​មហាសេដ្ឋី​រូប​នេះ​ក្នុង​បញ្ជីខ្មៅ​បង្កក​ទ្រព្យសម្បត្តិ និង​មិន​ឱ្យ​ជាន់​ដី​សហរដ្ឋ​អាមេរិក​ចាប់តាំងពី​ឆ្នាំ​២០១៩ រហូត​ដល់​សព្វថ្ងៃ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា លោក​ឧកញ៉ា ទ្រី ភាព ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បាន​ប្រើប្រាស់​ឥទ្ធិពល និង​បណ្ដាញ​របស់​ខ្លួន​ដើម្បី​កេងប្រវ័ញ្ច​ពលរដ្ឋ​កម្ពុជា ហើយ​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន ដែល​មក​រកស៊ី​នៅ​កម្ពុជា។

ការ​ដាក់​ទណ្ឌកម្ម​នេះ ធ្វើឡើង​ក្រោម​ច្បាប់ Global Magnitsky ដែល​សំដៅ​លើ​មន្ត្រី​នៃ​រដ្ឋាភិបាល​បរទេស​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ ឬ​ចេញ​ចូល​សហរដ្ឋ​អាមេរិក​ទៀត​នោះ​ទេ។

ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព ដែល​ត្រូវ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម រួម​មាន៖

  1. Try Pheap Group
  2. M.D.S. Import Export
  3. Try Pheap Dry Port
  4. Try Pheap Engineering & Construction
  5. Try Pheap Grand Royal
  6. Try Pheap Import Export
  7. Papa Petroleum
  8. Try Pheap Property
  9. Try Pheap Travel & Tours
  10. M D S Thmorda S E Z
  11. Try Pheap Oyadav S E Z ។

សេចក្តី​រាយការណ៍​បង្ហាញ​ថា ការ​គណនា​ទំហំ​ទឹកប្រាក់​វិនិយោគ​របស់​ក្រុមហ៊ុន ទ្រី ភាព គ្រុប មាន​តម្លៃ​ដល់​ទៅ ១២៧៣​លាន​ដុល្លារ​អាមេរិក មាន​ដូចជា៖

លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៤ បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​មួយ​ក្នុង​នាម​ជា​ប្រមុខរដ្ឋ​ស្តីទី តែងតាំង និង​ផ្តល់​ឋានៈ​ដល់​មេ​ឧក្រិដ្ឋជន​ព្រៃឈើ គេ​និយម​ហៅថា ស្តេច​គ្រញូង​ឈ្មោះ ឧកញ៉ា ទ្រី ភាព រូប​នេះ​ជា​ទីប្រឹក្សា​មាន​ឋានៈ​ស្មើ​នឹង​ទេសរដ្ឋមន្ត្រី។

ទោះជា​យ៉ាងណាក៏ដោយ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្ពុជា​ហាក់​ក្លាយ​ជា​ទីជម្រក​ដ៏​មាន​ផាសុកភាព​របស់​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ ដែល​ពង្រាយ​គ្នា​រកស៊ី​ខុស​ច្បាប់​កាន់តែ​ច្រើន​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ជាពិសេស​មួយ​រយៈ​ចុងក្រោយ​នេះ គឺ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ឧកញ៉ា​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ដូចជា​លោក ទ្រី ភាព កំពុង​សហការ​រកស៊ី​ជាមួយ​ចិន ដោយ​គ្មាន​អាជ្ញាធរ​ហ៊ាន​ចុះ​បង្ក្រាប​នោះ​ឡើយ។

លោក​បន្ថែម​ថា អំពើពុករលួយ​នៅ​ក្នុង​ប្រទេស ជា​ឱកាស​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ងាយស្រួល​ឃុបឃិត​ជាមួយ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ដើម្បី​ធ្វើ​សកម្មភាព​ពង្រីក​អាជីវកម្ម​ឆបោក​តាម​អនឡាញ​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា។

ប្រភព​ដដែល​បន្ថែម​ថា ការ​រីក​រាលដាល​នៃ​អំពើ​ឆបោក​តាម​អនឡាញ និង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ដោយសារតែ​កត្តា​អំពើពុករលួយ បក្ខពួក​និយម កង្វះ​តម្លាភាព​នៃ​ការ​អនុវត្ត​ច្បាប់ និង​គ្មាន​ការ​ស៊ើបអង្កេត ដើម្បី​ចាត់​វិធានការ​លើ​អ្នក​មាន​អំណាច​ដែល​រង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ជំនួញ​អាជីវកម្ម​ឧក្រិដ្ឋ​ទាំងនេះ​យក​មក​ដាក់​ទោស​តាម​ច្បាប់។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា របរ​រកស៊ី​បែប​ឆបោក​អនឡាញ​ទាំងនោះ ប្រព្រឹត្ត​ទៅ​នៅ​ពី​ក្រោយ​យីហោ​បន​ល្បែងស៊ីសង​កាស៊ីណូ ដែល​មាន​អាជ្ញាបណ្ណ​ស្រប​ច្បាប់​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​រាជរដ្ឋាភិបាល។ បណ្ដាញ​ឧក្រិដ្ឋកម្ម​បរទេស​ភាគច្រើន​ជា​ពួក​ម៉ាហ្វីយ៉ា​ចិន ជ្រៀត​ចូល​មក​ប្រទេស​កម្ពុជា មិន​សូវ​គោរព​ច្បាប់​នោះ​ទេ។

ប្រភព​ដដែល​អះអាង​ថា ពួកគេ​បាន​ជួល​សំណង់​អគារ​ជំនួញ និង​ខុនដូ​សម្រាប់​ប្រើប្រាស់​ជា​ទី​ស្នាក់​អាស្រ័យ​ដល់​ពលករ​សម្រាប់​ធ្វើ​ជា​ការិយាល័យ ឬ​ធ្វើ​ជា​បន្ទប់ ដើម្បី​ប្រព្រឹត្ត​អំពើ​បោកប្រាស់​តាម​ប្រព័ន្ធ​អន្តរ​បណ្ដាញ ឬ​អ៊ីនធឺណិត។ ពួក​អ្នក​លេង ឬ​ជនពាល​ភាគច្រើន​ជា​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដែល​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ពី​មុខរបរ​ឆបោក​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (UNHCHR) កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២៣ បង្ហាញ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា មនុស្ស​ប្រមាណ ១០​ម៉ឺន​នាក់​ដែល​ជា​ជនបរទេស ត្រូវ​បាន​ចាប់​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នេះ បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​៥ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួម​មាន កម្ពុជា ថៃ ឡាវ ភូមា និង​ហ្វីលីពីន។

សរុប​សេចក្តី​មក បញ្ហា​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​អនឡាញ​មិន​ត្រឹមតែ​ជា​ជំងឺ​រ៉ាំរ៉ៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​នឹង​ក្លាយ​ជា​ជំងឺ​មហារីក​ពិបាក​ព្យាបាល ដូច្នេះ​តើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហ៊ាន​ប្រើ​ដាវ​អាជ្ញាសឹក​ចាប់​ស្តេច​គ្រញូង អ្នកឧកញ៉ា ទ្រី ភាព យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​អ្នកឧកញ៉ា​រូប​នេះ​ដែរ​ឬ​ទេ?៕

© 2024, . All rights reserved.