ចៅសង្កាត់រងទី២ នៃសង្កាត់អូរចារ ខេត្តបាត់ដំបង ពីគណបក្សភ្លើងទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចេញមុខអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង ទាំងក្រៅប្រទេស ឈប់គាំទ្រគណបក្សភ្លើងទៀន និងក្រុមមេដឹកនាំគណបក្សនេះតទៅទៀត បន្ទាប់ពីគណបក្សនេះបានសម្រេចលុបសមាជិកភាពអ្នកស្រីចេញពីគណបក្ស។ ពលរដ្ឋខ្មែរស្តាប់ទៅហាក់ដូចជាអ្នកស្រីគិតរឿងផ្ទាល់ខ្លួន។
តាមរយៈទំព័រហ្វេសប៊ុក អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានសរសេរនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះថា គណបក្សភ្លើងទៀន ពីដើមជាគណបក្សដែលល្អ តែក្រោមការគ្រប់គ្រងរបស់បក្ខពួកមេបច្ចុប្បន្នបានបំផ្លាញស្មារតីដើម បំផ្លាញកេរ្តិ៍ឈ្មោះដ៏ល្អរបស់បក្សដែលជាគណបក្ស សម រង្ស៊ី។
អ្នកស្រីបានសរសេរទៀតថា គណបក្សនេះធ្វើការដកសកម្មជនណាដែលស្មោះត្រង់នឹងពលរដ្ឋ ដែលបម្រើទុក្ខលំបាករបស់ពលរដ្ឋ ហើយមិនចេះរណបគេបង្ខិតបង្ខំសកម្មជនឱ្យទៅបោះឆ្នោតឱ្យគណបក្សផ្សេងដែលគេមិនស្រឡាញ់ ទាំងអស់នេះគឺជាមូលហេតុនៃការដករូបអ្នកស្រីដោយបំពានលក្ខន្តិកៈ ក្រោយពីអ្នកស្រីទៅគាំទ្រគណបក្សកម្លាំងជាតិ និងរកជំនួយជួយគណបក្សមួយនេះ។
មានអ្នកសួរថា តើអ្នកស្រីចង់ទុកឈ្មោះក្នុងគណបក្សភ្លើងទៀន ធ្វើអ្វី បើអ្នកស្រីចេញទៅគាំទ្របក្សផ្សេងហើយនោះ? ហេតុអ្វីមិនលាលែង?
អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានសរសេរពន្យល់ថា ការដកអ្នកស្រីនេះ គឺខុសពីលក្ខន្តិកៈគណបក្សដោយអ្នកស្រីជាគណៈកម្មាធិការនាយករបស់គណបក្សភ្លើងទៀន នៅឡើយ តែត្រូវបានពួកគេធ្វើខុសលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ អ្នកស្រីថា បើលុបឈ្មោះអ្នកស្រីពីគណបក្សនោះ គួរមានលិខិតមួយទៀតពីគណៈកម្មាធិការនាយកបក្ស។ ពួកនេះមិនចេះច្បាប់ដែលខ្លួនឯងបានបង្កើតឡើងឡើយ ដោយដកអ្នកស្រីម្តងហើយពីលេខាធិការបក្សខេត្តដោយបំពាន ហើយពេលនេះលុបឈ្មោះម្តងទៀត ខណៈអ្នកស្រីនៅជាគណៈកម្មាធិការនាយក។
គណបក្សភ្លើងទៀន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចលុបឈ្មោះអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ចេញពីសមាជិកភាពគណបក្សភ្លើងទៀន។ យ៉ាងណាមិញ គណបក្សនេះមិនបានបង្ហាញពីមូលហេតុនៃការលុបសមាជិកភាពអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត នោះទេ។
កាលពីអាណត្តិទី៤ ឆ្នាំ២០១៧ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានជាប់ឆ្នោតជាចៅសង្កាត់អូរចារ ពីគណបក្សសង្គ្រោះជាតិ ប៉ុន្តែនៅពេលដែលគណបក្សភ្លើងទៀន សម្រេចដកខ្លួនចេញពីសម្ព័ន្ធភាពជាមួយគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា ទៅចូលរួមបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ លទ្ធផលត្រូវប្រែក្រឡាស់ទាំងស្រុង ក្នុងនោះគណបក្សភ្លើងទៀន ទទួលបានសមាជិកតែ ៤រូបប៉ុណ្ណោះ គឺអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ជាចៅសង្កាត់រងទី២ ដោយឡែក ៣នាក់ផ្សេងទៀតជាសមាជិកទាំងអស់។ ប៉ុន្តែកាលពីឆ្នាំ២០១៧ អាណត្តិទី៤ គណបក្សសង្គ្រោះជាតិ ទទួលបានសមាជិករហូតដល់ទៅ ៧រូបក្នុងចំណោមសមាជិកសង្កាត់សរុបចំនួន ១១រូប ខណៈគណបក្សកាន់អំណាចទទួលបានតែសមាជិក ៤រូបប៉ុណ្ណោះ៕
© 2024, . All rights reserved.