នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលរបស់លោកក៏ប្រើយុទ្ធសាស្ត្រផ្ការីកដែរ តែជាការអភិវឌ្ឍដោយមានសួន «ផ្ការីក» មិនមែនជា «យុទ្ធសាស្ត្រផ្ការីក» ដូចអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលប្រើពាក្យផ្ការីកសម្រាប់ការផ្តួលរំលំដែលនាំទៅដល់ការធ្វើសង្គ្រាមនោះទេ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបនៅក្រុងអរិយក្សត្រ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត លើកឡើងថា ផ្ការីកដែលប្រជាជនកម្ពុជាចង់បាន គឺផ្ការីកនៃសន្តិភាព ផ្លែផ្កានៃសន្តិភាព ដែលពលរដ្ឋគ្រប់រូបអាចរីកចម្រើនដោយសុខដុមរមនាទាំងអស់គ្នា។
លោក ហ៊ុន ម៉ាណែត អះអាងថា យុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្ការីកដាក់គ្រាប់ហើយជាផ្កានៃការអភិវឌ្ឍ ដូចជាវិស័យឯកជន ជាដើម ក្នុងគោលដៅជំរុញឱ្យមានការរីកលូតលាស់ការអភិវឌ្ឍឲ្យកាន់តែច្រើន និងដើម្បីប្រែក្លាយពីកន្លែងដែលស្ងាត់ កន្លែងដែលពិបាកតភ្ជាប់ ទៅជាកន្លែងបម្រើសេវាកម្មសម្រាប់ជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះបញ្ជាក់ថា ឧទាហរណ៍ជាក់ស្តែង ការវិនិយោគសាងសង់គម្រោងទីក្រុងដ៏ធំនៅក្រុងអរិយក្សត្រ នេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយ ដែលបានបង្ហាញយ៉ាងច្បាស់ថា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងរីកឡើងវិញជាបណ្តើរៗនៅពេលនេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលលោក ហ៊ុន សែន ក៏បាននិយាយឌឺដងទៅកាន់លោក សម រង្ស៊ី ជុំវិញការប្រកាសយុទ្ធសាស្ត្រផ្ការីកនៅពេលនេះដែរ។ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់រូបថតវាយកូនគោលជាច្រើនសន្លឹកថា «វាយកូនគោលមើលផ្ការីក ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវ ធ្វើឱ្យការវាយកាន់តែល្អ»។
លោក ហ៊ុន សែន បញ្ជាក់ថា សំណេររបស់លោកមួយប្រយោគនេះ ខ្លីមែនពិត តែអត្ថន័យវែងអន្លាយឆ្ងាយដល់នាយសមុទ្រជាមួយទម្ងន់រាប់ពាន់តោនសមល្មមសង្កត់ឱ្យអ្នកនយោបាយដែលកំពុងបំផុសពាក្យ «ផ្ការីក» លើបណ្ដាញសង្គមឲ្យក្អួតឈាម។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ លោក សម រង្ស៊ី បានបង្កើតយុទ្ធនាការមួយដោយឲ្យឈ្មោះថា «យុទ្ធសាស្ត្រផ្ការីក»។ លោកថា យុទ្ធសាស្ត្រនេះកំពុងធ្វើឲ្យលោក ហ៊ុន សែន ភ័យខ្លាច។ បន្តិចទៀតនេះ លោក ហ៊ុន សែន នឹងចោទប្រកាន់អ្នកណាដើរតាមផ្លូវកាន់ផ្កាមួយទង ឬនារីណាដែលសៀតផ្កានៅត្រចៀក ថាជា «ភេរវករ»។ ចំណែកពុទ្ធបរិស័ទដែលយកផ្កាទៅថ្វាយព្រះនៅតាមវត្តអារាម ក៏ត្រូវបានចោទប្រកាន់ថាជា «ភេរវករ» ដែរ។ ឯហាង ឬតូបលក់ផ្កានៅតាមផ្សារ និងចម្ការផ្កានៅតាមជនបទ ក៏នឹងត្រូវចោទប្រកាន់ថាជា «សម្បុកភេរវករ»។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងស្រុក និងក្រៅស្រុក និយាយប្រាប់តៗគ្នាទៅកាន់ក្រុមគ្រួសារ និងមិត្តភ័ក្ដិរបស់ពួកគេថា ត្រូវនាំគ្នាត្រៀមខ្លួនទៅបេះផ្ការីកទាំងអស់គ្នា។
គួររំឭកព្រះពុទ្ធឱវាទថា៖ វត្ថុលើលោកគ្មានអ្វីអមតៈទេ៕
© 2024, . All rights reserved.