ចំពោះបញ្ហាទឹកដី ជាតិមាតុភូមិខ្មែរ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ក្នុងនាមពលរដ្ឋខ្មែរជាជាតិសាសន៍ថ្លៃថ្នូរ ធ្លាប់មានកេរ្តិ៍ឈ្មោះដ៏រុងរឿង និងម្ចាស់ប្រទេសម្ចាស់ទឹកដី មិនត្រូវឈរឱបដៃបិទភ្នែក បិទត្រចៀក ឱ្យប្រទេសថៃ លួចប្លន់យកទឹកដីរបស់ខ្លួនដូចកាលពីអតីតកាលទៀតឡើយ។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៨ ធ្នូ នេះ ដោយចាត់ទុកការលើកឡើងរបស់នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត អំពីភាពចាស់ទុំខាងនយោបាយដោយមិននិយាយអំពីបញ្ហាកោះគុត គឺជាការដោះសា និងជាការគេចវេះមិនហ៊ានប្រឈមមុខជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ តែប៉ុណ្ណោះ។
លោក មុត ចន្ថា លើកឡើងថា រឿងកោះគុត គឺជាបញ្ហាធំសម្រាប់ជាតិខ្មែរទាំងមូលដែលពាក់ព័ន្ធទៅដល់អធិបតេយ្យជាតិ និងឯករាជ្យជាតិ ដូច្នេះលោក ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ត្រូវតែចេញមុខបកស្រាយបំភ្លឺដល់ប្រជាជាតិខ្មែរគ្រប់រូបចំពោះការអះអាងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលថាកោះគុតជាកម្មសិទ្ធិផ្ដាច់មុខរបស់ប្រទេសថៃ នោះ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ក្នុងនាមជាមេដឹកនាំខ្មែរដែលតំណាងឱ្យម្ចាស់ប្រទេស មិនគួរនៅស្ងៀមទៀតទេ ព្រោះការអះអាងរបស់លោក ថាក់ស៊ីន គឺមានចេតនានយោបាយដែលបង្កប់មហិច្ឆតាលេបទឹកដីខ្មែរដូចកាលពីអតីតកាល ដូច្នេះការបំភ្លឺរបស់លោក ហ៊ុន ម៉ាណែត អំពីបញ្ហាកោះគុត និងអនុស្សរណៈយោគយល់ឆ្នាំ២០០១ ឬ MOU44 គឺជាការចង់បានរបស់ពលរដ្ឋខ្មែរគ្រប់រូបក្នុងពេលនេះ។
កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ី ស៊ីណាវ៉ាត់ (Thaksin Shinawatra) និងកូនស្រីរបស់គាត់ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺអ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ សុទ្ធតែបានអះអាងដូចគ្នាថា កោះគុតជាកម្មសិទ្ធិរបស់ថៃ ដោយគ្មានប្រទេសណាអាចដណ្ដើមកាន់កាប់បានឡើយ។
ចំណែកឯមេដឹកនាំខ្មែរវិញ ទាំងឪពុក ទាំងកូន គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនបាននិយាយពីបញ្ហាកោះគុតនេះសូម្បីតែមួយម៉ាត់ ដើម្បីបំភ្លឺទៅកាន់ប្រជាពលរដ្ឋខ្មែរថាតើកោះគុតមានចំណែកជារបស់កម្ពុជាដែរឬក៏អត់នោះទេ។
ជុំវិញបញ្ហាកោះគុត គេសង្កេតឃើញថា លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន មិនត្រឹមតែមិនចេញមុខស្រាយបំភ្លឺប្រាប់ប្រជាពលរដ្ឋខ្មែរថាកោះគុតជាកម្មសិទ្ធិរបស់ខ្មែរឬក៏អត់នោះទេ ប៉ុន្តែគាត់បែរជាគំរាមបង្កើតច្បាប់ដាក់អ្នកដែលនិយាយពីបញ្ហាកោះគុតជាក្រុមភេរវករទៅវិញ។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងកាលពីថ្ងៃទី១៧ ធ្នូ នេះថា លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដែលអន់ជាងមនុស្សស្រីទៅទៀត ព្រោះនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ហ៊ានចេញមុខប្រាប់ពលរដ្ឋថៃ ថា កោះគុតជាកម្មសិទ្ធិរបស់គេ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា មូលហេតុដែលឪពុក និងកូននៃមេដឹកនាំខ្មែរនៅតែស្ងាត់ស្ងៀមលើបញ្ហាកោះគុតនេះ ក៏ព្រោះតែលោក ហ៊ុន សែន បានយល់ព្រមបោះបង់កោះគុតឲ្យទៅថៃ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 តាំងពី ២៣ឆ្នាំមុនមកម្ល៉េះ។
ចំពោះរឿងកោះគុត ពលរដ្ឋខ្មែរនៅក្រៅស្រុកពុះកញ្ជ្រោលជាងពលរដ្ឋខ្មែរនៅក្នុងស្រុកដែលភ័យខ្លាចនឹងការគាបសង្កត់ពីរដ្ឋអំណាចផ្ដាច់ការ។ ក្រុមជំទាស់បានប្រមូលសមាជិកសហគមន៍ខ្មែរ-អាមេរិកាំងនៅសហរដ្ឋអាមេរិក ជួបជុំគ្នាជាសមាជពិភាក្សាអំពីបញ្ហាកោះគុតមួយលើកជាពីរលើក ដោយមានវាគ្មិនបកស្រាយតាមជំនាញបច្ចេកទេសផង តាមច្បាប់ផង តាមនយោបាយផង។
មានមតិក្នុងមជ្ឈដ្ឋានខ្មែរខ្លះនិយាយថា តើមានអ្វីនៅពីក្រោយការបែរទិសទៅផ្ដោតលើកោះគុត ជាងកោះសំខាន់ៗដទៃទៀតនោះ?
អ្វីដែលពលរដ្ឋខ្មែរគួរសួរ គឺ តើហេតុអ្វីបានជាអ្នកនយោបាយថៃ ពលរដ្ឋថៃ ហ៊ានថ្លែងជាសាធារណៈប្រាប់ពិភពលោកថា កោះគុតជារបស់គេ ១០០%? តើគេសំអាងលើអ្វី? តើមានការគប់គិតគ្នារវាងមេដឹកនាំខ្មែរ និងមេដឹកនាំថៃ ឬទេក្នុងរឿងហ្នឹង?
នៅឆ្នាំ២០១០ ការចរចារវាងភាគីខ្មែរ និងភាគីថៃ រឿងបែងចែកប្រយោជន៍ពីបាតសមុទ្រត្រួតគ្នាក្នុងឈូងសមុទ្រថៃ ម្តុំកោះគុត ទាល់ច្រក ដោយភាគីថៃ មិនយល់ស្របតាមការទាមទារពីរាជរដ្ឋាភិបាលក្រុងភ្នំពេញ។ មន្ត្រីខ្មែរក្នុងកិច្ចចរចាបានសារភាពប្រាប់ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី ថា ការចរចាហាក់ដូចជាពុំមានទម្ងន់លើភាគីថៃ ឡើយ។ ដល់មកចំណុចហ្នឹង ដើម្បីឲ្យមានទម្ងន់ក្នុងការចរចា បែរជានិយាយថា មានតែអនុញ្ញាតឲ្យក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នក្នុងស្រុកមានពេលវេលាគ្រប់គ្រាន់នាអនាគតកាលណាមួយពង្រឹងសមត្ថភាពទាញផលពីការអភិវឌ្ឍនៅតំបន់ត្រួតគ្នាប្រទាញប្រទង់គ្នានោះតែប៉ុណ្ណោះ។
ចំពោះអ្នកសង្កេតការណ៍ នេះមានន័យថាភាគីខ្មែរដកថយខ្សោយមិនហ៊ានតតាំងនឹងភាគីថៃ ទេ។ អ្នកស្រាវជ្រាវអូស្ត្រាលី បានស្នើថា ជាការល្អ ភាគីខ្មែរគួរបោះបង់ការតវ៉ាទាមទារកាន់កាប់ដែនអធិបតេយ្យលើកោះគុត ដោយអះអាងគ្មានហេតុផលថា បារាំងឲ្យទៅសៀមតាំងពីឆ្នាំ១៩០៤។
ម្យ៉ាងទៀត ភាគីថៃ សំអាងលើឯកសារប្រវត្តិសាស្ត្រមួយដែលតម្កល់នៅសារមន្ទីរថៃ ដែលនិយាយអំពីការប្រគល់/ការទទួលយកដែនដីដែនទឹករវាងរដ្ឋការបារាំង និងរាជការថៃ។ កិច្ចព្រមព្រៀងបារាំង-សៀម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៦ កំណត់ព្រំដែនរវាងសាធារណរដ្ឋបារាំង និងរាជាណាចក្រសៀម លើដែនដីអាណាព្យាបាលបារាំងសែស។ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩០៧ បារាំងសុខចិត្តប្រគល់ខេត្តត្រាត និងកោះនានាពីដីដុះលយចូលសមុទ្រ រហូតដល់កោះគុត។ ម៉ោង ៩ព្រឹកថ្ងៃនោះ មានពិធីមួយរៀបចំឡើងដើម្បីប្រគល់/ទទួលខេត្តត្រាត និងកោះនានាពីបារាំង ដោយមានវត្តមានលោក Rousseau Aramande លេខាធិការប្រចាំខេត្តកំពត តំណាងឲ្យអគ្គទេសាភិបាលឥណ្ឌូចិន អមដោយលោក Rissome និងលោក Robin ស្មៀនរដ្ឋបាលខេត្តត្រាត ខាងបារាំង រីឯខាងសៀម តំណាងដោយព្រះ យ៉ា ស្រីទេព។ តើថៃ លួចប្លន់ ឬនរណាឲ្យគេ?៕
© 2024, . All rights reserved.