បីឆ្នាំក្រោយការចរចាអំពីរឿងសិទ្ធិការងារនៃពលរដ្ឋខ្មែរ ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ លើកឡើងថា ការធ្វើកូដកម្មទាមទារសិទ្ធិការងារពីក្រុមហ៊ុនណាហ្គាវើលដ៍ មិនទទួលបានដំណោះស្រាយសូម្បីតែមួយករណី ខណៈអំពើគាបសង្កត់បុគ្គលិកក្នុងក្រុមហ៊ុនក៏រឹតតែសាហាវជាងមុន។
សាធារណជនតែងតែសួរថា តើនៅប្រទេសមានច្បាប់ណាមួយក្នុងពិភពលោក ដែលរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនប្រព្រឹត្តបំពានបែបហ្នឹងលើពលរដ្ឋខ្លួន?
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលហៅកាត់ថា LRSU ចេញសេចក្តីថ្លែងការណ៍ថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ គឺជាខួប ៣ឆ្នាំហើយដែលបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញមកធ្វើកូដកម្មដើម្បីទាមទារឲ្យការពារសិទ្ធិការងារក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍នេះរៀបរាប់ថា ដោយសារតែគ្មានសហជីពឯករាជ្យ ក្រុមហ៊ុនណាហ្គាវើលដ៍បានធ្វើទុក្ខបុកម្នេញកាន់តែខ្លាំងឡើងៗលើកម្មករនិយោជិតដែលកំពុងបម្រើការងារ ដោយការបង្ខំឱ្យបុគ្គលិកទាំងនោះចុះហត្ថលេខាលើកិច្ចសន្យាការងារថ្មីដែលមានថេរវេលាកំណត់ ទោះជាបុគ្គលិកទាំងនេះមានកិច្ចសន្យាការងារមានថេរវេលាមិនកំណត់ និងបានបម្រើការងារជាយូរឆ្នាំមកហើយក្តី។
ការធ្វើបែបនេះ គឺដើម្បីចៀសផុតពីការផ្តល់ប្រាក់អតីតភាពការងារដល់បុគ្គលិកដែលបានបម្រើការងារយូរឆ្នាំទាំងនោះ ហើយបើពួកគេមិនព្រមចុះកិច្ចសន្យាថ្មីនេះទេ នឹងត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារតែម្តង។ លើសពីនេះ ក្រុមហ៊ុនក៏មិនព្រមវេរប្រាក់វិភាគទានដែលខ្លួនបានកាត់ចេញពីប្រាក់ឈ្នួលរបស់សមាជិកសហជីពជារៀងរាល់ខែជាងពីរឆ្នាំមកនោះ ចូលទៅក្នុងគណនីធនាគាររបស់សហជីពថែមទៀត។
ប្រភពដដែលអះអាងថា សព្វថ្ងៃនេះ សមាជិកសហជីពដែលកំពុងបម្រើការងារ ត្រូវបានក្រុមហ៊ុនគំរាមកំហែងមិនឲ្យជួបថ្នាក់ដឹកនាំសហជីពដែលកំពុងធ្វើកូដកម្មតវ៉ាដាច់ខាត ទោះជានៅក្រៅក្រុមហ៊ុន ឬចប់ម៉ោងការងារក៏ដោយ។ ក្រុមហ៊ុនណាហ្គាវើលដ៍ ក៏បានប្រើល្បិចឆែកឆេរទូរសព្ទដៃរបស់បុគ្គលិក ក្រោមលេសថា ដើម្បីស៊ើបអង្កេតករណីសង្ស័យមានកំហុសការងាររបស់បុគ្គលិកផងដែរ ប៉ុន្តែតាមការពិត គឺដើម្បីតាមដានគ្រាន់តែចង់ដឹងថា បុគ្គលិកទាំងនោះបានទាក់ទងជាមួយសហជីព ឬបង្ហោះសារតាមបណ្ដាញសង្គមអំពីការតវ៉ានានារបស់សហជីព ឬក៏អត់តែប៉ុណ្ណោះ។
ប្រភពដដែលបន្តថា សមាជិកសហជីពណាដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន មានទំនាក់ទំនង ឬជួបជាមួយសហជីពដែលកំពុងធ្វើកូដកម្ម ទោះជានៅក្រៅម៉ោងការងារក៏ដោយ ក៏ត្រូវបានក្រុមហ៊ុនគំរាមបញ្ឈប់ពីការងារដែរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថានទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយភ្ជាប់រូបថតឯកអគ្គរាជទូតអង់គ្លេស លោក Dominic Williams ជួបជាមួយថ្នាក់ដឹកនាំសហជីពក្នុងស្រុក ដើម្បីពិភាក្សាអំពីស្ថានភាពសិទ្ធិការងារបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងការងារថា ការគោរពសិទ្ធិការងារមានសារសំខាន់ក្នុងការទាក់ទាញការវិនិយោគដែលប្រកបទៅដោយគុណភាព៕
© 2024, . All rights reserved.