មេបញ្ជាការកងនាវាចរណ៍សហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អះអាងថា សហរដ្ឋអាមេរិកនឹងបន្តឃ្លាំមើលទំនាក់ទំនងរបស់ប្រទេសចិន នៅមូលដ្ឋានទ័ពជើងទឹករាម ប៉ុន្តែសហរដ្ឋអាមេរិកតែងគោរពអធិបតេយ្យនៃប្រទេសកម្ពុជាចំពោះការធ្វើទំនើបភាវូបនីយកម្មមូលដ្ឋានទ័ពរបស់ខ្លួន។
ថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃទី១៨ ធ្នូ ឧត្ដមនាវី Samuel J. Paparo មេបញ្ជាការកងនាវាចរណ៍សហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកតែងគោរពអធិបតេយ្យប្រទេសកម្ពុជាចំពោះការធ្វើទំនើបភាវូបនីយកម្មមូលដ្ឋានទ័ពជើងទឹករាមជាមួយប្រទេសចិន។
លោកបញ្ជាក់ថា វត្តមាននាវាចម្បាំងអាមេរិកាំងលើដែនសមុទ្រប្រទេសកម្ពុជា គឺជាការបង្កើនទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក មិនមែនជាដំណើរមកញុះញង់បំផ្លាញទំនាក់ទំនងប្រទេសណាជាមួយប្រទេសណានោះទេ។
លោក Samuel J. Paparo អះអាងថា សហរដ្ឋអាមេរិកនឹងនៅតែបន្តឃ្លាំមើលទំនាក់ទំនងជាក់ស្តែងរវាងប្រទេសចិន និងប្រទេសកម្ពុជានៅមូលដ្ឋានទ័ពជើងទឹករាម។ លោកថា សហរដ្ឋអាមេរិកក៏រង់ចាំឱកាសចូលមើលមូលដ្ឋានទ័ពរាមដោយផ្ទាល់ភ្នែកក្នុងពេលណាមួយដែរ។
កាលពីខែកក្កដា ឆ្នាំ២០១៩ កាសែតអាមេរិកាំង The Wall Street Journal បានឱ្យដឹងថា មន្ត្រីអាមេរិកបានឃើញកិច្ចព្រមព្រៀងសម្ងាត់ដែលអនុញ្ញាតឱ្យកងទ័ពជើងទឹករំដោះប្រជាជនចិន ចូលប្រើប្រាស់ផ្ដាច់មុខមួយភាគបីនៃមូលដ្ឋានទ័ពជើងទឹករាម សម្រាប់រយៈពេលរហូតដល់ ៣០ឆ្នាំ។
បើយោងតាមកិច្ចព្រមព្រៀងកម្ពុជា-ចិន គឺជាការផ្ដល់ឱ្យចិនផ្ដាច់មុខក្នុងការប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ដែលនាវាចម្បាំងចិន អាចដាក់ពង្រាយជាអចិន្ត្រៃយ៍ដូចការស្រាវជ្រាវរបស់ក្រុមមជ្ឈមណ្ឌលដើម្បីសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ ដែលថានាវាចម្បាំងរបស់ចិន បានដាក់ពង្រាយ និងចូលមកកាន់មូលដ្ឋានទ័ពជើងទឹករាមដោយមានការដូរវេនគ្នា។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារកាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ រវាងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមេទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឧត្ដមនាវី Samuel J. Paparo លោក ហ៊ុន ម៉ាណែត មានជំនឿថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកម្ពុជា អាមេរិកនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត។ លោកថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តសហការជាមួយសហរដ្ឋអាមេរិក ក្នុងការរុករកអដ្ឋិទាហានអាមេរិកាំងដែលបានបាត់ខ្លួននៅស្រុកខ្មែរ និងបន្តកិច្ចសហប្រតិបត្តិការលើសកម្មភាពមួយចំនួន។
ចំណែកឯអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានស្នើសុំឱ្យសហរដ្ឋអាមេរិកពិនិត្យមើលលទ្ធភាពរៀបចំធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» និងសមយុទ្ធទេវតាប៉ាស៊ីហ្វិក (Pacific Angel) រួមគ្នាឡើងវិញ បន្ទាប់ពីកម្ពុជាបានលុបចោលតាំងពីឆ្នាំ២០១៧។
នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន ១០៣នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ដើម្បីរឹតចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ នាវាចម្បាំងប្រភេទ USS SAVANNAH (LCS 28) ជានាវាប្រយុទ្ធមានសមត្ថភាពផ្ទុកមីស៊ីលបាញ់ឆ្ងាយ មានរ៉ាដាបីប្រភេទ មានល្បឿនលឿន បត់បែនរហ័ស មានលទ្ធភាពធ្វើប្រតិបត្តិការក្បែរឆ្នេរ ហើយអាចកម្ទេចនាវាមុជទឹក និងមីនរាយក្នុងទឹក៕
© 2024, . All rights reserved.