លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ក្នុង​ជំនួប​ជាមួយ​អ្នកស្រី ប្រ៊ីដជិត វ៉កឃឺរ (Bridgette L. Walker) ភារធារី​ស្តីទី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤។

នយោបាយ

អ្នក​ឃ្លាំមើល​និយាយ​ថា​ក្រុង​ភ្នំពេញ​ចង់​ងាក​ទៅ​រក​ក្រុង​វ៉ាស៊ីនតុន ដោយសារ​រឿង​ជំនួយ​ចិន

By ឌឹ ខេមបូឌា ដេលី

December 20, 2024

អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​សម្ដែង​ឫកពារ​ចង់​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ​ពី​សំណាក់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ទំនង​ជា​អស់សង្ឃឹម​នឹង​ជំនួយ​ពី​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា បើ​ចង់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ គ្មាន​អ្វី​ក្រៅពី​ការ​ធានា​ឱ្យ​បាន​នូវ​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើយ ព្រោះ​នេះ​គឺជា​ប្រធានបទ​ដែល​សហរដ្ឋ​អាមេរិក​យកចិត្ត​ទុកដាក់​បំផុត។

លោក​ថា អ្វីៗ​ដែល​ប្រទេស​កម្ពុជា​បាត់បង់ ដូចជា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ការ​ទទួល​រង​នូវ​ទណ្ឌកម្ម​ផ្សេងៗ​ពី​សហរដ្ឋ​អាមេរិក​កន្លង​មក ក៏​ដោយសារតែ​រាជរដ្ឋាភិបាល​មិន​គោរព​សិទ្ធិមនុស្ស ជាន់ឈ្លី​ប្រជាធិបតេយ្យ​ដែរ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​រំពឹង​របស់​លោក ហ៊ុន សែន ក្នុង​ការ​ភ្ជាប់​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក ក៏​ត្រូវ​ពិនិត្យ​លើ​ឥរិយាបថ​របស់​ខ្លួនឯង​ដែរ ថា​តើ​ប្រទេស​កម្ពុជា​មាន​ភាព​ស្មោះត្រង់​ចំពោះ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក​ដែរ​ឬ​ក៏​អត់​ទៅ​ថ្ងៃ​មុខ។

លោក​បន្ត​ថា ប្រទេស​កម្ពុជា​តែង​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ជានិច្ច ជាពិសេស​ក្នុង​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា តែង​រង​នូវ​ការ​ចោទប្រកាន់​ថា​មាន​សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​រហូត​ដល់​ពេលនេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ដែល​ចង់​កែប្រែ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក គឺជា​រឿង​ល្អ ព្រោះ​ដើម្បី​ធានា​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​ការ​ស្ដារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​បើ​ពិនិត្យ​លើ​បទពិសោធន៍​កន្លង​មក លោក ហ៊ុន សែន តែង​បង្កប់​ល្បិច​នយោបាយ​ពិសពុល​ដើម្បី​តែ​អំណាច ផល​ប្រយោជន៍​សម្រាប់​តែ​ខ្លួនឯង និង​បក្ខពួក​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៧ ធ្នូ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើង​ក្រោយ​ជួប​ជាមួយ​ភារធារី​ស្តីទី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ អ្នកស្រី ប្រ៊ីដជិត វ៉កឃឺរ (Bridgette Walker) ថា ជាមួយ​នឹង​ការ​វិលត្រឡប់​នៃ​រដ្ឋបាល​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នា​ពេល​ខាងមុខ លោក​សង្ឃឹម​ថា​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក កាន់តែ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត។

លោក ហ៊ុន សែន លើកឡើង​ថា រឿង​ចាស់​គឺជា​បទពិសោធន៍​ក្នុង​ការ​រៀបចំ​ឥរិយាបថ​សម្រាប់​ទំនាក់ទំនង​នៃ​អនាគត​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​ការ​កសាង​ទំនុកចិត្ត​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដោយ​ការ​ពិនិត្យ​ចំណុច​អាទិភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ រួម​ទាំង​វិស័យ​សេដ្ឋកិច្ច និង​ការ​វិនិយោគ​ផង​ដែរ។

អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា វត្តមាន​នាវាចម្បាំង​សហរដ្ឋ​អាមេរិក USS SAVANNAH នៅ​កម្ពុជា ក៏​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ និង​កងទ័ព​ផង​ដែរ​បន្ថែម​លើ​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ទៀត​ដែល​មាន​ស្រាប់។

ប្រទេស​កម្ពុជា​ក៏​ធ្លាប់​បាន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក តាមរយៈ​ការ​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ដែល​មាន​ឈ្មោះ​ថា សមយុទ្ធ​ឆ្មាំ​អង្គរ (Angkor Sentinels) ដែល​គិត​មក​ទល់​នឹង​ពេល​នេះ គឺ​មាន​រយៈពេល ៧​ឆ្នាំ​ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៧ មក។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ ប្រទេស​កម្ពុជា​ស្នើសុំ​សហរដ្ឋ​អាមេរិក​ឱ្យ​ពិនិត្យ​មើល​លទ្ធភាព​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» និង​សមយុទ្ធ​ទេវតា​ប៉ាស៊ីហ្វិក (Pacific Angel) រួម​គ្នា​ឡើងវិញ។

អ្នក​តាមដាន​រឿង​ស្រុក​ខ្មែរ​មួយ​ចំនួន​មិន​ទាន់​ទុកចិត្ត​ល្បែង​នយោបាយ​ដែល​លោក ហ៊ុន សែន លេង​ជាមួយ​មហាអំណាច​នោះ​ទេ ព្រោះ​ថា​លោក​ធ្លាប់​និយាយ​អ៊ីចេះ ធ្វើ​អ៊ីចុះ​កន្លង​មក ដោយ​យក​លំនាំ​តាម​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ។ មួយ​វិញ​ទៀត គេ​ក៏​មិន​ទាន់​សង្ឃឹម​ថា​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក នឹង​មាន​គោលនយោបាយ​ការបរទេស​លើកស្ទួយ​ប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស ឬ​យុត្តិធម៌​សង្គម​សម្រាប់​ប្រទេស​កម្ពុជា​ខ្លាំងក្លា​ដែរ​ឬ​ទេ ក្រៅតែ​ពី​ចាប់​ដៃ​រកស៊ី​ជាមួយ​គ្នា​នោះ៕

© 2024, . All rights reserved.