លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ដើរ​ពិភាក្សា​គ្នា​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត កាន់​អំណាច សេរីភាព​កាន់តែ​ចង្អៀត

By ឌឹ ខេមបូឌា ដេលី

December 25, 2024

សារព័ត៌មាន​បរទេស​នៅ​ប្រទេស​សេរី បាន​ចុះផ្សាយ​អំពី​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា ថា​កាន់តែ​រួញ​តូច​ចង្អៀត​ទៅៗ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជំនួស​ឪពុក ហើយ​លោក ហ៊ុន សែន ជា​ឪពុក​វិញ ក៏​នៅតែ​មាន​ឥទ្ធិពល​ពីក្រោយ​ខ្នង​កូន​ហាក់បីដូចជា​ចាំ​តែ​ញាក់​ខ្សែ​ដូច្នោះ​ដែរ។

សារព័ត៌មាន Japan Times បាន​ស្រង់​ផ្សាយ​បន្ត​ពី​កាសែត The New York Times នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ នេះ​ថា មក​ទល់​នឹង​ឆ្នាំ​ទៅ ពលរដ្ឋ​ខ្មែរ​បាន​រស់​ឃើញ​តែ​មេដឹកនាំ​ម្នាក់​រាប់​សិប​ឆ្នាំ គឺ​លោក ហ៊ុន សែន។ មនុស្សម្នា​ទាំងឡាយ​ចាប់ផ្តើម​មាន​ក្តី​សង្ឃឹម​តិចៗ​វិញ ថា​នឹង​មាន​សេរីភាព​ជាង​មុន នៅ​ពេល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច ដោយ​ហេតុ​ថា​លោក​រៀនសូត្រ​នៅ​ប្រទេស​លោក​សេរី ប្រហែលជា​មាន​ចិត្ត​គំនិត​ខុស​ពី​ឪពុក​ដែល​ជា​អតីត​កម្មាភិបាល​យោធា​ខ្មែរក្រហម​រំសាយ ហើយ​លើក​បន្តុប​ដោយ​កម្លាំង​ទ័ព​កុម្មុយនីស្ត​យៀកណាម នា​ឆ្នាំ​១៩៧៩។ ផ្ទុយទៅវិញ គេ​ឃើញ​តែ​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរ​ដែល​រួម​ចំណែក​ការពារ​បរិស្ថាន ចាប់​ដាក់​ពន្ធនាគារ បិទ​ប្រព័ន្ធ​សារព័ត៌មាន​ឯករាជ្យ​ដែល​សរសេរ​ការពិត ប៉ុន្តែ​ប៉ះពាល់​ដល់​របប​ដឹកនាំ។

ភារធារី​ស្ថានទូត​អង់គ្លេស លោក Marc Thayre ថ្លែង​ថា លំហ​នៃ​ការ​សម្ដែង​មតិ​ចុះ​ទាប​ទៅៗ ហើយ​កាន់​តែ​លិច​ជ្រៅ​ទៅៗ​ប្រហែល​ជា​តាំងពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ។

ឥឡូវ​នេះ សាធារណជន​នៅ​មាន​សង្ឃឹម​តែ​លើ​សម្ពាធ​ពី​សភា​សហភាព​អឺរ៉ុប​ខាង​ផ្នែក​នយោបាយ និង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ បន្ទាប់ពី​សភា​អឺរ៉ុប​បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​បន្ត​ដាក់​ទណ្ឌកម្ម​លើ​របប​ក្រុង​ភ្នំពេញ​តទៅទៀត​នោះ។ អ្នក​តាមដាន​ស្រុក​ខ្មែរ​ខ្លះ​និយាយ​ថា លទ្ធផល​ដូច​បច្ចុប្បន្ន​នេះ​មកពី​ពលរដ្ឋ​ខ្មែរ​និយម​គិត និង​ធ្វើ​អ្វី​មួយ​តាម​បែប​ផ្សងសំណាង​ផ្ញើ​វាសនា​លើ​អ្នកដឹកនាំ​តែ​មួយ​ផ្លូវ ហើយ​សង្ឃឹម​ថា​អ្នកដឹកនាំ​នោះ​នឹង​បម្រើ​ផល​ប្រយោជន៍​ដល់​ខ្លួន។

អ្នក​ស្រាវជ្រាវ និង​វិភាគ​ក្នុង​កង​នាវាចរណ៍​សហរដ្ឋ​អាមេរិក បរិយាយ​អំពី​លក្ខណាការ​ជនជាតិ​ខ្មែរ​នា​ឆ្នាំ​១៩៦៦ ក្នុង​របប​សាធារណរដ្ឋ​យៀកណាម តាម​ការ​សិក្សា​បែប​ចិត្តសាស្ត្រ​លើ​បុគ្គល​លក្ខណៈ​ខ្មែរ​ថា៖ ខ្មែរ​គិត​អំពី​ជីវិត​ផ្ទុយ​ពី​គ្នា។ ម្យ៉ាង​គាត់​គិត​ថា​ជា​កម្មផល ពោល​គឺ​អ្វី​ចារ ឬ​កំណត់​មក​ហើយ ចៀស​មិន​រួច​ឡើយ មិន​អាច​នរណា​កែប្រែ​បាន​ឡើយ។ ម្យ៉ាង​ទៀត គាត់​គិត​ថា​អ្វីៗ​មាន​គ្រឹះ​ខាង​សីលធម៌។ ពេល​ខ្លះ ជនជាតិ​ខ្មែរ​ព្រងើយ​កន្តើយ​នឹង​រឿង​អនាគតកាល ហើយ​បោះបង់​ខ្លួនឯង​ខ្វល់ខ្វាយ​តែ​នឹង​រឿង​ចំពោះ​មុខ​តែប៉ុណ្ណោះ។ កិរិយា​បែប​នេះ គេ​សង្កេត​ឃើញ​លើ​ជនជាតិ​ខ្មែរ​ដែល​ចាយវាយ​ធនធាន​ខំ​ប្រឹង​រក​មួយ​ឆ្នាំ លេង​ល្បែង​ហ្មត់​អស់រលីង​តែ​ក្នុង​មួយ​យប់​ក៏​មាន៕

© 2024, . All rights reserved.