លោក វង្សី វិស្សុត (ឆ្វេង) រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដឹកនាំ​កិច្ច​ប្រជុំ​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម កាលពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ច្បាប់

ស្រុក​ខ្មែរ​ពូកែ​ធ្វើ​ច្បាប់​ចាប់​ពលរដ្ឋ​សម្ដែង​មតិ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ផ្ដន្ទាទោស​ទាក់ទង​រឿង ប៉ុល ពត

By ឌឹ ខេមបូឌា ដេលី

December 27, 2024

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី ចាត់ទុក​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ជា​ច្បាប់​ដែល​បំផ្លាញ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដើម្បី​ការពារ​របប​ដឹកនាំ​ដែល​មាន​លក្ខណៈ​សាហាវ​ឃោរឃៅ​ជាង​របប​ប្រល័យ​ពូជសាសន៍។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មូលដ្ឋាន​ក្នុង​រដ្ឋ​វិចតូរីយ៉ា លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា ខ្លឹមសារ​ពិត និង​វត្ថុបំណង​ពិតប្រាកដ​របស់​អ្នក​ដែល​ផ្ដួចផ្ដើម​សេចក្តី​ព្រាងច្បាប់​នេះ​ឡើង មិនមែន​ព្រោះ​ខ្លាច​គេ​មិន​ជឿ​ថា​មាន​ការ​កាប់​សម្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​មាន​ចេតនា​ដើម្បី​កុំ​ឱ្យ​គេ​ប្រៀបធៀប​របប​ដឹកនាំ​របស់​ខ្លួន​ថា​មាន​លក្ខណៈ​សាហាវ​ជាង​របប​ប្រល័យ​ពូជសាសន៍​តែប៉ុណ្ណោះ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ក្នុង​មាត្រា​នៃ​ច្បាប់​នេះ​ដែល​បាន​កំណត់​អំពី​ការ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ដែល​មិន​ទទួលស្គាល់ ឬ​សម្រាល ឬ​បដិសេធ ឬ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម ឬ​លើក​តម្កើង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចេតនា​ក្នុង​ការ​បំបិទ​សិទ្ធិ​អ្នក​ដែល​រិះគន់​លើ​ការ​ដឹកនាំ​របស់​ខ្លួន ដែល​កន្លែង​ខ្លះ​មាន​លក្ខណៈ​សាហាវ​ឃោរឃៅ​ជាង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ទោះ​ពួកគេ​ខំ​ប្រើ​វិធី​បំបិទ​មាត់​ពលរដ្ឋ​យ៉ាងណា​ក៏ដោយ ក៏​នៅតែ​មិន​អាច​បិទ​មាត់​បាន​រហូត​ដែរ ព្រោះ​ជា​លក្ខណៈ​ធម្មជាតិ បើ​មាន​ការ​គាបសង្កត់ នោះ​ការ​រើ​បម្រះ​ក៏​នឹង​ផ្ទុះ​ចេញពី​ការ​គាបសង្កត់​នោះ​យ៉ាង​ពិតប្រាកដ​ដែរ។ ជាក់ស្តែង របប​ដឹកនាំ​របស់​លោក អាល់អាសាដ ដែល​មាន​អាយុកាល​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ ក៏​នៅតែ​ដួល​រលំ​ដោយសារតែ​ការ​គាបសង្កត់​នេះ​ដែរ។

សូម​បញ្ជាក់​ថា៖ ឃ្លា​ប្រយោគ​នេះ​ជា​ពាក្យពេចន៍​ភាសា​ដែល​ចលនា​កុម្មុយនីស្ត​ខ្មែរក្រហម និង​យៀកមិញ​ក្រហម​ប្រើ​ដើម្បី​ឃោសនា​អូស​ទាញ​ប្រជារាស្ត្រ​ឲ្យ​ចូល​ព្រៃ​តស៊ូ​ប្រឆាំង​នឹង​របប​សក្ដិភូមិ​សេរី នាយទុន មូលធន​និយម​ក្នុង​អតីតកាល។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ចុងក្រោយ និង​ពិភាក្សា​លើ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម​ពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤។

សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ​បាន​បន្ថែម ២​មាត្រា​ពី​លើ​ច្បាប់​ចាស់​ដែល​មាន​ត្រឹមតែ ៥​មាត្រា ក្នុង​ការ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ដែល​មិន​ទទួលស្គាល់ ឬ​សម្រាល ឬ​បដិសេធ ឬ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម ឬ​លើក​តម្កើង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

កាលពី​ឆ្នាំ​២០១៣ ច្បាប់​នេះ​ត្រូវ​សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត និង​ប្រកាស​ឱ្យ​ប្រើប្រាស់​ដោយ​ព្រះរាជក្រម​ចុះ​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៣ ម្តង​រួច​មក​ហើយ តាម​សំណើ​របស់​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នា​ពេល​នោះ ក្រោយពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាង​ថា​គ្មាន​ការ​កាប់​សម្លាប់​ក្នុង​គុក​ទួលស្លែង។

មាត្រា​២ នៃ​ច្បាប់​ចាស់ បាន​កំណត់​ថា អ្នក​មិន​ទទួលស្គាល់ ឬ​លើក​តម្កើង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​សម័យ​ខ្មែរក្រហម នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៤​លាន​រៀល។ ដោយឡែក​មាត្រា​៤ បាន​ចែង​អំពី​ទោស​បន្ថែម​សម្រាប់​នីតិបុគ្គល​ផង​ដែរ ដែល​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ៥០​លាន​រៀល​ទៅ ៥០០​លាន​រៀល​ឯណោះ។

គួរ​កត់សម្គាល់​តាម​ចំណារ​ប្រវត្តិសាស្ត្រ​ថា៖ ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ របប​ថ្មី សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​បន្តុប​ដោយ​កងទ័ព និង​ជំនាញការ​យៀកណាម បាន​បង្កើត​សាលាជំនុំ​ជម្រះក្តី​អំពី​ករណី​ប្រល័យ​ពូជសាសន៍​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត និង អៀង សារី ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ (ឬ​ត្រឹម​ថ្ងៃ ៧​មករា)។ សាលាក្ដី​បើក​សម័យ​ជំនុំ​ជម្រះក្តី​នៅ​សាល​សន្និសិទ​ចតុមុខ ក្រុង​ភ្នំពេញ មាន​ឈ្មោះ​ថា តុលាការ​ប្រជាជន​បដិវត្តន៍ បាន​អញ្ជើញ​តំណាង​ប្រតិភូ​ពី​ខេត្ត​នានា​ចំនួន​ពីរ​នាក់​ចូលរួម។ សាលាក្ដី​វិនិច្ឆ័យ​មេដឹកនាំ​ខ្មែរក្រហម​ប្រព្រឹត្ត​ទៅ​រយៈពេល ៥​ថ្ងៃ ពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​១៩៧៩ មាន​ការ​ចូលរួម​ពី​សាក្សី ៣៩​នាក់ និង​មាន​លោក កែវ ចន្តា ជា​ប្រធាន​អយ្យការ។ ការ​ចោទប្រកាន់​មេដឹកនាំ​ខ្មែរក្រហម​ទាំង​ពីរ​រូប​អំពី​បទ​ប្រល័យ​ពូជសាសន៍ គឺ​យោង​តាម​មាត្រា​២ នៃ​ក្រឹត្យ​ច្បាប់​លេខ​១ តាក់តែង​ឡើង​នៅ​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​១៩៧៩។

អ្នក​សង្កេតការណ៍​បស្ចិម​ប្រទេស​ចាត់ទុក​សាលាវិនិច្ឆ័យ​គ្រា​នោះ​ថា​ជា​តុលាការ​ឆាកល្ខោន ដែល​រៀបចំ​ដោយ​រដ្ឋអំណាច​យៀកណាម​ទាំងស្រុង ពីព្រោះ​ការ​ចាប់​កំហុស ចាប់​ទោស ប៉ុល ពត និង អៀង សារី អំពី​បទ​ប្រល័យ​ពូជសាសន៍​លើ​ប្រជាជន​មិន​រើស​មុខ វា​ហួស​ពី​អត្ថន័យ​ចែង​ក្នុង​អនុសញ្ញា​អន្តរជាតិ​ឆ្នាំ​១៩៤៨។

អ្នកវិភាគ​ខាង​ច្បាប់​អន្តរជាតិ និយាយ​ថា ការ​ចោទ​ប្រកាន់​បែប​នោះ ពោល​គឺ​សម្លាប់​មនុស្ស​មួយ​នគរ​ពី ២ ទៅ ៣​លាន​នាក់ ដោយ​មិន​បញ្ជាក់​អំពី​ជនជាតិ​ទទួល​ការ​ការពារ protected group គឺ​ជនជាតិ​ភាគតិច មិនមែន​ស្ថិត​ក្នុង​ន័យ​ប្រល័យ​ពូជសាសន៍​ទេ។

អ្នក​ខ្លះ​ទៀត​និយាយ​ថា ការ​ចោទ​ថា ប៉ុល ពត និង អៀង សារី ប្រល័យ​ពូជសាសន៍​ខ្មែរ ជា​រឿង​មិន​ពិត។ ផ្ទុយទៅវិញ វា​ជា​លេស​ឲ្យ​ក្រុង​ហាណូយ ឆក់​យក​ឱកាស​ល្អ​នោះ​វាយ​លុកលុយ ឈ្លានពាន ត្រួតត្រា​កាន់កាប់​ប្រទេស​កម្ពុជា ដោយ​សំអាង​ថា​មក​ជួយ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​ខ្មែរ។

រឿង​ពិត​ម្យ៉ាង​ទៀត សម័យ​ខ្មែរក្រហម​សឹងតែ​ពុំ​មាន​ជនជាតិ​យៀកណាម រស់នៅ​ក្នុង​ស្រុក​ខ្មែរ​ទេ ពីព្រោះ​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ បាន​បញ្ជូន​ទៅ​ប្រទេស​យៀកណាម​ខាងត្បូង​សឹងតែ​អស់​ទៅ​ហើយ ប៉ុន្តែ​បើ​នៅ​សល់​ខ្លះ​មិន​ព្រម​ចាកចេញ គឺ​ពួក​ទ័ពព្រៃ​យៀកកុង៕

© 2024, . All rights reserved.