ក្រុមអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភថា ប្រទេសកម្ពុជានឹងយកគំរូតាមប្រទេសវៀតណាម បន្ទាប់ពីច្បាប់អ៊ីនធឺណិតថ្មីនៅប្រទេសវៀតណាម បង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយអាជ្ញាធរក្នុងរយៈពេល ២៤ម៉ោងនៃការស្នើសុំ ដោយតម្រូវឲ្យអ្នកប្រើប្រាស់ត្រូវតែផ្តល់លេខទូរសព្ទ ឬលេខអត្តសញ្ញាណវៀតណាម សម្រាប់ការផ្ទៀងផ្ទាត់គណនី។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរក្នុងប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ប្រទេសកម្ពុជាកំពុងសម្លឹងមើលពីរបៀបដែលប្រទេសជិតខាងរបស់ខ្លួន ដូចជាប្រទេសវៀតណាម ជាដើម ធ្វើការជាមួយនឹងក្រុមហ៊ុនបណ្ដាញសង្គមយក្ស ដូចជា ហ្វេសប៊ុក តិកតុក និងយូធូបរបស់ហ្គូហ្គល ដើម្បីទប់ស្កាត់មាតិកាដែលពួកគេចាត់ទុកដោយខ្លួនឯងថាជាមាតិកាខុសច្បាប់ ឬធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីទំនៀមទម្លាប់សម្រាប់ប្រទេស និងសន្តិសុខជាតិ ដែលជាទូទៅគេសង្កេតឃើញថាវាជាលេសក្នុងការចាប់អ្នករិះគន់ និងអ្នកមានគំនិតផ្ទុយពីរដ្ឋាភិបាល។
លោក ស៊ឹង សែនករុណា យល់ថាករណីនេះប្រហែលជាធ្វើឲ្យក្រុមហ៊ុនមេតា ដែលធ្លាប់ដាក់អ្នកតំណាងរបស់ខ្លួនផ្នែកគោលនយោបាយសាធារណៈជាជនជាតិខ្មែរធ្វើការជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាល វិស័យឯកជន និងអង្គការសង្គមស៊ីវិល បានផ្លាស់ប្ដូរអ្នកតំណាងរបស់ខ្លួនទៅឲ្យអ្នកថ្មីដែលជាជនជាតិវៀតណាម ធ្វើជាប្រធានផ្នែកគោលនយោបាយសាធារណៈប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ វិញ។
លោក ស៊ឹង សែនករុណា បន្ថែមថា រដ្ឋាភិបាលខ្មែរអាចធ្វើការបិទបណ្ដាញសង្គមណាមួយក៏បាន ប៉ុន្តែពួកគេមិនហ៊ាននោះទេ ពីព្រោះវាប៉ះពាល់ដល់របររកស៊ីរបស់ប្រជាពលរដ្ឋដែលភាគច្រើនបានផ្លាស់ប្ដូរទៅលើការរកស៊ីរបស់ខ្លួនទៅលើបណ្ដាញសង្គមមួយនេះច្រើន។ ម្យ៉ាងវិញទៀត ហ្វេសប៊ុកគឺជាវេទិការបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ក្នុងការឃោសនាស្វែងរកការគាំទ្រ និងមុខមាត់របស់ខ្លួន។
ចំណែកឯបណ្ដាញសង្គមតិកតុក លោក ស៊ឹង សែនករុណា យល់ឃើញថា បណ្ដាញសង្គមមួយនេះមានការជិតស្និទ្ធនឹងរដ្ឋាភិបាលប្រទេសចិន តាមរយៈក្រុមហ៊ុនមេដែលមានឈ្មោះថា ByteDance ប៉ុន្តែដោយសារក្រុមហ៊ុននេះកំពុងស្វះស្វែងរកការគាំទ្ររបស់ខ្លួនដោយសំអាងពីការការពារទិន្នន័យរបស់អ្នកប្រើប្រាស់ និងគោរពដល់គោលការណ៍ច្បាប់អន្តរជាតិ តិកតុកអាចនឹងមិនធ្វើតាមការស្នើសុំណាមួយដោយមិនសមរម្យពីរដ្ឋាភិបាលកម្ពុជានោះទេ។
អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងការប្រជុំគណៈរដ្ឋមន្ត្រីកាលពីពេលកន្លងទៅ បានបញ្ជាឲ្យក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដែលកាលនោះអតីតរដ្ឋមន្ត្រី លោក ត្រាំ អ៊ីវតឹក ឲ្យធ្វើការសិក្សាដើម្បីបង្កើតច្បាប់ទប់ស្កាត់ការបង្ហោះរូបភាពស៊ិចស៊ី និងព័ត៌មាននយោបាយដែលបង្កឲ្យមានភាពចលាចលនៅលើបណ្ដាញសង្គម។ កិច្ចប្រជុំដំបូងត្រូវបានធ្វើឡើងនៅក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដែលជាការប្រជុំអន្តរក្រសួងរវាងក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីធ្វើការសិក្សាពីការបង្កើតច្បាប់នេះ។
នៅមុនមួយថ្ងៃនៃយុទ្ធនាការបោះឆ្នោតចូលមកដល់កាលពីឆ្នាំ២០២៣ លោក ហ៊ុន សែន បានព្រមានពីការឈប់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងបិទបណ្ដាញសង្គមមួយនេះ ដោយសារតែមានករណីប្តឹងទៅកាន់ក្រុមប្រឹក្សារបស់ក្រុមហ៊ុនមេតា ពីមាតិកាដែលបង្ហោះលើផេករបស់លោក ហ៊ុន សែន ដែលត្រូវបានចាត់ទុកថាជាការរំលោភលើគោលការណ៍ប្រើប្រាស់នៃបណ្ដាញសង្គមមួយនេះ។
លោក ហ៊ុន សែន ក៏បានចេញបញ្ជាឲ្យបិទវីសាដល់ក្រុមប្រឹក្សាភិបាលរបស់ហ្វេសប៊ុកទាំងអស់ មិនឲ្យចូលមកប្រទេសកម្ពុជា។ ជាចុងក្រោយ ក្រុមហ៊ុនហ្វេសប៊ុក បានធ្វើការសម្រេចមិនដកមាតិកានោះចេញ ឬបិទគណនី ដោយចាត់ទុកថាវាជាតម្លៃនៃព័ត៌មាន (newsworthiness allowance)។
កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បទប្បញ្ញត្តិអ៊ីនធឺណិតដ៏ធំទូលាយនៅប្រទេសវៀតណាម ក្រឹត្យលេខ១៤៧ បានចូលជាធរមាន ដោយតម្រូវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សដូចជា Facebook និង TikTok ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងចែករំលែកទិន្នន័យជាមួយអាជ្ញាធរក្នុងរយៈពេល ២៤ម៉ោងនៃការស្នើសុំ។ ច្បាប់នេះកំណត់ឱ្យវេទិកាដកខ្លឹមសារ “ខុសច្បាប់” និងកំណត់ការលេងហ្គេមយ៉ាងតឹងរ៉ឹងលើអនីតិជន។
ក្រឹត្យនេះដាក់ចេញចំពេលដែលវៀតណាម នឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅក្រុងហាណូយ ឆ្នាំ២០២៥ ដោយបង្ហាញពីភាពតានតឹងរវាងការគ្រប់គ្រងឌីជីថលថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខតាមអ៊ីនធឺណិតថ្នាក់អន្តរជាតិ។
ទាក់ទងទៅនឹងច្បាប់ថ្មីនៅប្រទេសវៀតណាម សកម្មជន Dang Thi Hue បានប្រាប់សារព័ត៌មាន AFP ដោយព្រមានថា ច្បាប់ថ្មីនេះនឹងត្រូវបានប្រើដើម្បីបំបិទមាត់ជាសាធារណៈចំពោះអ្នកដែលមានគំនិតផ្សេងគ្នា ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាប្រឈមមុខនឹងសម្ពាធក្នុងការធ្វើតាមលក្ខខណ្ឌតម្រូវ ដូចជាគំរូនៃការត្រួតពិនិត្យអ៊ីនធឺណិតនៅប្រទេសចិន។
Dang Thi Hue បន្ថែមថា ក្រោមបទប្បញ្ញត្តិថ្មី អ្នកប្រើប្រាស់ត្រូវតែផ្តល់លេខទូរសព្ទ ឬលេខអត្តសញ្ញាណវៀតណាមសម្រាប់ការផ្ទៀងផ្ទាត់គណនី។
អង្គការលើកលែងទោសអន្តរជាតិ រាយការណ៍កាលពីឆ្នាំ២០២១ ស្ដីពីការកើនឡើងយ៉ាងខ្លាំងនៃការគាបសង្កត់តាមប្រព័ន្ធឌីជីថលទៅលើអ្នកទោសមនសិការដែលត្រូវបានកត់សម្គាល់ពីការកើនឡើងពី ៨៤នាក់ដល់ ១៧០នាក់ ចាប់តាំងពីឆ្នាំ២០១៦ ដែលជាកំណត់ត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៩៦។ អង្គការនេះបានកត់ត្រាការកើនឡើងនៃការប្រើប្រាស់មាត្រា១១៧ និង ៣៣១ នៃក្រមព្រហ្មទណ្ឌក្នុងប្រទេសវៀតណាម ដើម្បីបង្ក្រាបការប្រឆាំងតាមអ៊ីនធឺណិត។
បញ្ញវន្តបស្ចិមប្រទេសឧស្សាហ៍និយាយថា របបកុម្មុយនីស្ត ហ្វាស់ស៊ីស ផ្ដាច់ការ គឺតែងតែព្រួយបារម្ភនឹងគំនិតផ្គុំគ្នាផ្តួលរំលំខ្លួនពីមហាជន ដែលហាក់បីដូចជាខ្លាចស្រមោលខ្លួនឯងដូច្នោះដែរ។ ចំណែកឯអ្នកប្រាជ្ញសម័យបុរាណ ដូចជា អ្នកប្រាជ្ញចិន ឡាវ ហ្ស៊ី ឬ ឡាវ ហ្ស៊ូ (Laozi/Lao Tzu, 571 BC) រំឭកថា៖ ច្បាប់កាន់តែច្រើន ការរឹតបន្តឹងកាន់តែច្រើនកាលណា មនុស្សកាន់តែក្រទៅកាលនោះ។ ច្បាប់កាន់តែច្រើន បញ្ញត្តិកាន់តែច្រើន ចោរលួច ចោរប្លន់ក៏កាន់តែច្រើនដែរ។
អ្នកប្រាជ្ញរ៉ូម៉ាំង Marcus Tullius Cicero (106 BC) រំឭកស្រដៀងគ្នាថា៖ ច្បាប់កាន់តែគរឡើងក្នុងសង្គមមួយ យុត្តិធម៌កាន់តែតែធ្លាក់ចុះដែរ។ អ្នកប្រាជ្ញរ៉ូម៉ាំង Tacitus វិញ (គ.ស. ៥៦) រំឭកថា៖ សង្គមកាន់តែពុករលួយ ច្បាប់ក៏កាន់តែបង្កើតរាប់មិនអស់ដែរ។
កាលពីចុងឆ្នាំ២០២០ ក្រុមហ៊ុន Meta បានលាតត្រដាងក្រុម Hacker ចំនួនពីរក្រុមដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានឈ្មោះថា APT32 មកពីប្រទេសវៀតណាម ដែលដាក់គោលដៅវាយប្រហារលើសកម្មជន និងអង្គការក្រៅរដ្ឋាភិបាល និងក្រុមដែលមានមូលដ្ឋាននៅប្រទេសបង់ក្លាដេស ដែលវាយប្រហារទៅគណនីរបស់អ្នកកាសែតក្នុងស្រុក។
តាមអ្នកវិភាគការគំរាមកំហែងនៃក្រុមហ៊ុនហ្វេសប៊ុក ហៅថា Facebook’s threat intelligence analysts ក្រុម Hacker APT32 នេះ ឬហៅជាភាសាអង់គ្លេសថា “Advanced Persistent Threat” លេខ៣២ ដែលមានមូលដ្ឋាននៅប្រទេសវៀតណាម បានកំណត់គោលដៅវាយប្រហារទៅលើសកម្មជនសិទ្ធិមនុស្សវៀតណាម ក្នុង និងក្រៅប្រទេស ក្នុងនោះក៏មានរដ្ឋាភិបាលប្រទេសឡាវ និងប្រទេសកម្ពុជា អង្គការក្រៅរដ្ឋាភិបាល ទីភ្នាក់ងារព័ត៌មាន អាជីវកម្មមួយចំនួននៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន បដិសណ្ឋារកិច្ច កសិកម្ម មន្ទីរពេទ្យ អាជីវកម្មខ្នាតតូច ឧស្សាហកម្មរថយន្ត និងសេវាកម្មទូរសព្ទតាមរយៈការផ្ញើមេរោគ ហៅថា Malware។ ការស៊ើបអង្កេតពីក្រុមហ៊ុន Meta បានភ្ជាប់សកម្មភាពនេះទៅនឹងក្រុម CyberOne Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រទេសវៀតណាម (ត្រូវបានគេស្គាល់ផងដែរថាជា CyberOne Security, CyberOne Technologies, Hành Tinh Company Ltd., Planet and Diacauso)។
ប្រទេសវៀតណាម គឺជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកប្រើប្រាស់ Facebook ចំនួន ៧៥,៣លាននាក់ ដោយអ្នកប្រើប្រាស់ភាគច្រើននៅប្រទេសវៀតណាម មានអាយុពី ២៥ ទៅ ៣៤ឆ្នាំ ដែលស្មើនឹងគណនីចំនួន ២៥,៣លាន។ តាមរយៈសារព័ត៌មាននៃរដ្ឋាភិបាលវៀតណាម ឈ្មោះ Baochinhphu ក្រុមហ៊ុន Facebook និង Google បានបង់ពន្ធទៅកាន់វៀតណាម ក្នុងឆ្នាំ២០២២ ប្រមាណជា ៨៦,៧លានដុល្លាសហរដ្ឋអាមេរិក។
ចំណែកឯអ្នកប្រើប្រាស់ Facebook នៅប្រទេសកម្ពុជា គឺមានចំនួន ៦៣% នៃចំនួនប្រជាពលរដ្ឋរបស់ខ្លួន ជាមួយនឹងអ្នកប្រើប្រាស់សកម្មត្រឹមតែចំនួន ១០,៥លាននាក់នៅដើមឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២២ ក្រុមហ៊ុនហ្វេសប៊ុកបានបង់ពន្ធមកដល់រដ្ឋាភិបាលប្រទេសកម្ពុជា ប្រមាណជា ២០លានដុល្លាសហរដ្ឋអាមេរិក ស្មើនឹង ១០% នៃប្រាក់ចំណូលនៃក្រុមហ៊ុនមេតា ដែលរកស៊ីនៅប្រទេសកម្ពុជា។ នេះបើតាមការប្រកាសពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយខ្លួនឯងកាលពីឆ្នាំ២០២៣ ក្រោយពេលដែលក្រុមហ៊ុនមេតា សម្រេចមិនលុបមាតិកា និងគណនីរបស់ខ្លួនចេញពីហ្វេសប៊ុក៕
© 2024, . All rights reserved.