ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ានី និង​ជា​កូនប្រុស​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន

នយោបាយ

កូនប្រុស​ពៅ​លោក ហ៊ុន សែន អះអាង​ថា​កម្ពុជា​ស្គាល់​សន្តិភាព​ពិត​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ឪពុក

By ឌឹ ខេមបូឌា ដេលី

December 28, 2024

កូនប្រុស​ពៅ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី លើកឡើង​ថា ទោះបីជា​ពាក្យ «សន្តិភាព» ត្រូវ​បាន​ចារឹក​ជា​លើកដំបូង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្តី ក៏​ខ្មែរ​ត្រូវ​រង់ចាំ​ជិត ១​ទសវត្សរ៍​ដែរ​ដើម្បី​ស្គាល់​រសជាតិ​ពិតប្រាកដ​នៃ​សុខ​សន្តិភាព​ពេញលេញ​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ឪពុក​ខ្លួន។

ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ានី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ថា ការ​ស្វែងរក​ការ​រស់រាន​ឡើងវិញ​នៃ​ប្រជាជាតិ​ខ្មែរ និង​ការ​សង្គ្រោះ​អាយុជីវិត​ប្រជាជន បាន​កើត​មាន​ឡើង​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ក្នុង​នរកអវិចី​នៃ​ការ​សម្លាប់​រង្គាល​ប្រល័យ​ពូជសាសន៍​ខ្លួនឯង។

លោក ហ៊ុន ម៉ានី លើកឡើង​ថា ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ «២៩ ធ្នូ ១៩៩៨» ទើប​កម្ពុជា​អាច​បិទ​ទំព័រ​ដ៏​ជូរចត់​បំផុត​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ហើយ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​ថ្មី​ដែល​ពលរដ្ឋ​ទាំងអស់​គ្នា​កំពុង​ទទួល​ផល​ផ្លែផ្កា​ដូច​សព្វថ្ងៃ​នេះ ព្រោះ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ឪពុក​លោក​សម្រេច​បាន​ជោគជ័យ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​ពី​ខ្មែរ​គ្រប់​ភាគី​ណា​ទាំងអស់។

គួរ​កត់សម្គាល់​ថា ក្នុង​សម័យកាល​នៃ​កំណើត​លោក ហ៊ុន ម៉ានី លោក​មិន​បាន​រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ជ្រៅជ្រះ​ទេ ពីព្រោះ​កងទ័ព​យៀកណាម ត្រួតត្រា ហើយ​លោក​ដឹង​ខ្លះៗ​តែ​តាមរយៈ​ការ​និយាយ​ប្រាប់​តៗ​គ្នា​តែ​រឿងរ៉ាវ​ដែល​បក្ស​កុម្មុយនីស្ត​ចង់​ឲ្យ​កូន​ខ្មែរ​ដឹង​តែ​ប៉ុណ្ណោះ។

លោក ហ៊ុន ម៉ានី បញ្ជាក់​ថា ២៦​ឆ្នាំ​មុន​គឺ​នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ប្រទេស​កម្ពុជា​ដ៏​កម្សត់​បាន​ស្គាល់​នូវ​ពន្លឺ​សន្តិភាព​ជា​លើកដំបូង​ពេញលេញ ដែល​មិន​ធ្លាប់​មាន​ជាង ៥០០​ឆ្នាំ​មក​នេះ ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​យក​ថ្ងៃទី​២៩ ខែ​ធ្នូ ជា «ទិវា​សន្តិភាព​នៅ​កម្ពុជា» តែម្តង។

គ្រា​ដែល​ទ័ព​ព្រៃ​ខ្មែរក្រហម​ចុះចូល ឬ​ធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន ប្រាប់​មេទ័ព​ខ្មែរក្រហម​រាប់​ពាន់​នាក់​ក្នុង​ពិធី​ជប់លៀង​ស្វាគមន៍​មួយ​ឯ​ភោជនីយដ្ឋាន​នៅ​ព្រែកលៀប ក្បែរ​ក្រុង​ភ្នំពេញ ដោយ​ប្រៀបធៀប​ការ​បែក​ហ្វូង​ពី​គ្នា​រវាង​ក្រុម​ខ្មែរក្រហម​យៀកមិញ និង​ក្រុម​ខ្មែរក្រហម​ខាង ប៉ុល ពត ថា​ដូចជា​គោ​ចេញពី​ក្រោល​បែក​ផ្លូវ​គ្នា​ដើរ​ស៊ី​ស្មៅ​មួយ​រយៈ ហើយ​វិល​មក​ចូល​ក្រោល​វិញ​ដូច្នោះ។ មិន​យូរ​ប៉ុន្មាន មេទ័ព​ល្បីៗ​ខ្មែរក្រហម​ខាង ប៉ុល ពត ស្លាប់​ម្តង​មួយៗ​ជិត​អស់។

កាលពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​កំណត់​យក​ថ្ងៃទី​២៩ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ ជា “ទិវា​សន្តិភាព​នៅ​កម្ពុជា”។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​កាលពី​ពេល​កន្លង​ទៅ​ថា ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ក្រោយ​ប្រទេស​កម្ពុជា​កើត​មាន​នូវ​ជម្លោះ​បែកបាក់​ជាតិ​តាំងពី​ឆ្នាំ​១៤៧៣ ដែល​គិត​មក​ទល់​នឹង​ពេលនេះ គឺ​មាន​រយៈពេល​ជាង ៥​សតវត្ស​ទៅ​ហើយ​នោះ។

ការ​បកស្រាយ​ដោយ​លោក ហ៊ុន សែន ថា​ខ្មែរ​មាន​ជម្លោះ​បែកបាក់​ជាតិ​តាំងពី​ឆ្នាំ​១៤៧៣ ឬ​ជាង ៥​សតវត្ស​នោះ ក៏​លោក​មិន​សូវ​ដឹង​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែរ ប៉ុន្តែ​ទំនង​ជា​លោក​ចង់​សំដៅ​ទៅ​ការ​ដណ្តើម​រាជ្យ​គ្នា​រវាង​រាជវង្ស​ខ្មែរ ពីព្រោះ​លោក​មិន​បាន​បញ្ជាក់​ថា ឆ្នាំ​១៤៧៣ មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​អ្វី​កើតឡើង​នោះ​ទេ ប៉ុន្តែ​សម័យ​នោះ​គឺ​ចន្លោះ​រជ្ជកាល​ព្រះបាទ ស្រី សុរិយោទ័យ​ទី​២ រាជាធិរាជ និង​ព្រះបាទ ធម្មោរាជា​ទី​១ ធម្មោរាជាធិរាជ ពោល​គឺ​ក្នុង​សម័យ​មុន​ទ័ព​សៀម​វាយ​លុក​ក្រុង​អង្គរ។

ក្នុង​រជ្ជកាល​ព្រះបាទ ស្រី សុរិយោទ័យ​ទី​២ នោះ​ហើយ ពោល​គឺ​ជិត ៦០០​ឆ្នាំ​មុន​ដែល​ជនជាតិ​ចាម បាន​ភៀសខ្លួន និង​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ក្នុង​រាជាណាចក្រ​ខ្មែរ បន្ទាប់ពី​ស្តេច​យួន ឡេ ថាញ់តុង វាយ​បែក​យក​កាន់កាប់​រាជធានី​វិជ័យ​នៃ​រាជាណាចក្រ​ចម្ប៉ា នៅ​ឆ្នាំ​១៤៧១។

ទោះជា​យ៉ាងណាក៏ដោយ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន មិនមែន​ជា​វិធី​បញ្ចប់​សង្គ្រាម និង​រក​សន្តិភាព​ឱ្យ​កម្ពុជា​ទេ ប៉ុន្តែ​ជា​នយោបាយ​កម្ទេច​ខ្មែរ​គ្រប់​ភាគី ដើម្បី​គ្រប់គ្រង​អំណាច​ផ្ដាច់មុខ​ប៉ុណ្ណោះ។

លោក​ថា​ការ​ដឹកនាំ​ជាង ៤០​ឆ្នាំ​របស់​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នីតិរដ្ឋ និង​ឃាតកម្ម​ប្រជាធិបតេយ្យ​ដែល​បាន​បង្កើត​ឡើង​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដល់​ឫសគល់។

លោក គឹម សុខ អះអាង​ថា ភស្តុតាង​ជាក់ស្តែង ភាគី​នយោបាយ​ទាំងអស់​នៅ​កម្ពុជា​ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​កម្ចាត់​ម្តង​មួយៗ រហូត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​រំលាយ ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង​ក៏​ត្រូវ​បាន​ចាប់​ខ្លួន និង​រារាំង​មិន​ឱ្យ​ចូល​ទៅ​ទឹកដី​កំណើត​របស់​ខ្លួន​វិញ​ក្រោម​សន្តិភាព​ក្លែងក្លាយ​នេះ​ដែរ។ មួយ​វិញ​ទៀត ប្រទេស​កម្ពុជា​ស្ថិត​នៅ​ជា​ប្រទេស​ឯកោ​លើ​ឆាក​អន្តរជាតិ មុន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១៕

© 2024, . All rights reserved.