លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ

នយោបាយ

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​បួងសួង​ឱ្យ​លោក កឹម សុខា ឆាប់​ទទួល​បាន​សេរីភាព​ឡើងវិញ

By ឌឹ ខេមបូឌា ដេលី

January 02, 2025

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-USA) បួងសួង​សូម​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឆាប់​ទទួល​បាន​សេរីភាព​ពេញលេញ​ឡើងវិញ​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២៥ នេះ ដើម្បី​បម្រើ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត។

ថ្នាក់ដឹកនាំ សមាជិក និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP-USA) បាន​ចេញ​សារ​លិខិត​ជូនពរ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ លោក កឹម សុខា កាលពី​យប់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ បួងសួង​ដល់​បារមី​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ សិរី​មង្គល ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២៥ សូម​ឱ្យ​លោក កឹម សុខា ឆាប់​ទទួល​បាន​សេរីភាព​ពេញលេញ​ឡើងវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ការ​ចេញ​សារ​ជូនពរ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​សព្វថ្ងៃ​នេះ។

គិត​ចាប់តាំងពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ មក ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បាត់បង់​សេរីភាព​អស់​រយៈពេល​ជិត ៧០០​ថ្ងៃ​ហើយ (៦៦៧) ដែល​ស្មើ​នឹង ១​ឆ្នាំ ៩​ខែ ២៨​ថ្ងៃ បើ​គិត​មក​ទល់​នឹង​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៥ នេះ។

កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២៧​ឆ្នាំ ដោយ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ និង​ហាម​មិន​ឱ្យ​ជួប​អ្នកដទៃ​ក្រៅពី​អ្នក​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ។ បន្ថែម​ពី​នេះ តុលាការ​ក៏​បាន​ហាមឃាត់​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត​ផង​ដែរ។

លោក កឹម សុខា ដែល​ចោទប្រកាន់​ដោយ​តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទ​ភ្ជាប់​ជាមួយ​សហរដ្ឋ​អាមេរិក ថា​ជា​មេ​គំនិត​នៅ​ពីក្រោយ​ខ្នង ក្នុង​នោះ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចោទ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ​នេះ​ដែរ។

យ៉ាងណាមិញ អតីត​នាយក​ខុទ្ទកាល័យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក មុត ចន្ថា បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ទាំង​ការ​ចោទប្រកាន់​មក​លើ​សហរដ្ឋ​អាមេរិក និង​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ រួម​ទាំង​លោក កឹម សុខា គឺ​សុទ្ធតែ​ជា​អំពើ​មួលបង្កាច់ និង​ប្រតិដ្ឋ​ឡើង​ដើម្បី​ចាប់​ខ្លួន និង​កម្ទេច​បក្ស​ប្រឆាំង ដើម្បី​កុំ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ផ្តួល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ កន្លង​ទៅ​តែប៉ុណ្ណោះ៕

© 2025, . All rights reserved.