ឆ្នាំថ្មីឆ្នាំ២០២៥ បានចូលមកដល់ហើយ ជាមួយនឹងក្ដីរំពឹងថា ពិភពលោកនឹងមានសន្តិភាព មានការយោគយល់អធ្យាស្រ័យនឹងគ្នា ប៉ុន្តែសារពីមេដឹកនាំខ្លះក៏រំលឹកពីការព្រមានទៅលើគូប្រជែងរបស់ខ្លួនដែរ។
ក្នុងនោះ គេសង្កេតឃើញសារលិខិតរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចេញទំព័រមុខមុនគេនៃបណ្ដាញផ្សាយព័ត៌មានអន្តរជាតិធំៗដែលដាក់ចំណងជើងថា លោក ស៊ី ជីនពីង បានប្ដេជ្ញាលើកកម្ពស់សន្តិភាពពិភពលោក។
សារលិខិតរបស់លោក ស៊ី នាឱកាសអបអរឆ្នាំថ្មីឆ្នាំសកលទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះ បានរៀបរាប់ថា ទោះបីជាស្ថានការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ តែសម្រាប់ប្រទេសចិន នឹងនៅតែប្ដេជ្ញាឥតងាករេដើម្បីបន្តលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងពិភពលោកទៅមុខទៀត។
លោកបានប្រាប់ទៅលោក ពូទីន ថា នៅចំពោះមុខការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍ និងភាពវឹកវរនៃស្ថានការណ៍អន្តរជាតិ សម្រាប់ចិននិងរុស្ស៊ី បានរួមគ្នាដើរទៅមុខជានិច្ចនៅលើគន្លងផ្លូវត្រឹមត្រូវ មិនប្រកាន់បក្ខពួក មិនប្រឈមមុខគ្នា និងមិនមានគោលដៅប្រឆាំងភាគីទី៣ ឡើយ។
តាំងពីពេលដែលរុស្ស៊ី លើកទ័ពឈ្លានពានអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២ មក ចិនបានស្វះស្វែងបង្ហាញខ្លួនឯងឲ្យឃើញថាជាភាគីអព្យាក្រឹត ខុសពីសហរដ្ឋអាមេរិក និងបណ្ដាបស្ចិមប្រទេសផ្សេងទៀតដែលមានភាពខ្លាំងក្នុងការជួយអ៊ុយក្រែន ធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ ចិន នៅតែចាត់ទុករុស្ស៊ី ជាដៃគូនយោបាយ និងសេដ្ឋកិច្ចដ៏ជិតស្និទ្ធរបស់ចិន ដោយធ្វើឲ្យសមាជិកអង្គការណាតូ (NATO) ខ្លះចាត់ទុកចិន ថាជាអ្នកជំនួញសង្គ្រាមជួយបង្កាត់ឲ្យឆេះសង្គ្រាមនៅប្រទេសអ៊ុយក្រែន ឲ្យកើតឡើង និងបន្តថែភ្លើងសង្គ្រាមមិនឲ្យរលត់។
អ្នកវិភាគបស្ចិមប្រទេសខ្លះនិយាយថា ចិនក៏មិនចង់ឃើញរុស្ស៊ី ខ្លាំងជាងខ្លួនដែរ គឺចង់ឲ្យក្រុងមូស្គូ ពឹងលើខ្លួន។
ចំពោះកោះតៃវ៉ាន់ វិញ លោក ស៊ី មិនភ្លេចព្រមានដែនកោះផ្ដាច់ខ្លួននេះទេ។ ក្នុងសារជូនពរឆ្នាំថ្មីឆ្នាំ២០២៥ កាលពីថ្ងៃអង្គារ លោក ស៊ី បានព្រមានថា គ្មាននរណាម្នាក់អាចបញ្ឈប់និន្នាការប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមរបស់ចិន ជាមួយតៃវ៉ាន់ បានឡើយ។
លោក ស៊ី បានថ្លែងថា៖ យើងជាជនជាតិចិន នៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ជាកម្មសិទ្ធិរបស់គ្រួសារតែមួយ ដែលគ្មានប្រទេសណាមួយអាចផ្តាច់ចំណងមិត្តភាពរវាងពួកយើងបានឡើយ។
លោក ស៊ី បានរំលឹកប្រាប់ទៅកាន់កោះតៃវ៉ាន់ ថា ប្រទេសចិន នឹងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ ជាការធានាបាននូវភាពរុងរឿង និងស្ថិរភាពយូរអង្វែងក្នុងគ្រួសារតែមួយ។
ចំណែកសារឆ្នាំថ្មីពីប្រធានាធិបតីតៃវ៉ាន់ វិញ លោក Lai Ching-te បានបង្ហាញពីការប្ដេជ្ញាចិត្តការពារដែនអធិបតេយ្យ និងរបបប្រជាធិបតេយ្យរបស់ខ្លួន។
លោក Lai Ching-te នៅថ្ងៃពុធ ទី១ ខែមករា បាននិយាយថា កោះតៃវ៉ាន់ កំពុងប្រឈមមុខនឹងសម្ពាធយោធាពីចិន ដែលចិនអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយថានឹងប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិក្នុងករណីចាំបាច់។
មេដឹកនាំតៃវ៉ាន់ សង្កត់ធ្ងន់ថា តៃវ៉ាន់ត្រូវតែត្រៀមនៅក្នុងពេលវេលានៃសន្តិភាព និងប្រជាធិបតេយ្យតៃវ៉ាន់ ត្រូវបានឈ្លានពាន។ លោក Lai Ching-te បានបន្តទទូចទៅពលរដ្ឋតៃវ៉ាន់ ត្រូវរួមសាមគ្គីជាមួយគ្នាដើម្បីដែនដីមួយដែលលោកហៅថាជាដែនអធិបតេយ្យប្រជាធិបតេយ្យ។
ដោយឡែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងសារឆ្នាំថ្មីទៅកាន់ប្រជាជនរុស្ស៊ី តែសាររបស់លោក ពូទីន បង្ហាញពីសុទិដ្ឋិនិយម និងទំនុកចិត្តឆ្ពោះទៅមុខជានិច្ច គឺអ្វីមិនដើរថយក្រោយឡើយ។
លោក ពូទីន បញ្ជាក់ថា រុស្ស៊ីនឹងបន្តរីកចម្រើនទៅមុខ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ដែលក្នុងនោះមានទាំងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន។ លោក ពូទីន បានលើកទឹកចិត្តដល់ប្រជាជនរុស្ស៊ី ឱ្យមានសុទិដ្ឋិនិយម និងជឿជាក់លើអនាគតរបស់ខ្លួនទៅលើការដឹកនាំរបស់លោក។
នៅក្នុងការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ក្រុងមូស្គូ លោក ពូទីន បានគោរពវិញ្ញាណក្ខន្ធដល់ទាហានរុស្ស៊ី ដែលបានស្លាប់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
ចំពោះសារឆ្នាំថ្មីរបស់លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន វិញ លោកបានរំលឹកពីការសន្យារបស់លោកថា នឹងធ្វើអ្វីៗគ្រប់យ៉ាងក្នុងឆ្នាំ២០២៥ នេះ ដើម្បីបញ្ឈប់សង្គ្រាមឈ្លានពានពីរុស្ស៊ី។
ក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិអ៊ុយក្រែន លោក ហ្សេឡេនស្គី បានបញ្ជាក់ថា ឆ្នាំ២០២៥ អាចនឹងក្លាយជាឆ្នាំដែលប្រទេសអ៊ុយក្រែន ត្រូវឱ្យរុស្ស៊ី បញ្ចប់សង្គ្រាម។ លោក ហ្សេឡេនស្គី ទទូចថា ក្នុងឆ្នាំ២០២៥ នេះ ប្រជាជនអ៊ុយក្រែន ត្រូវតែតស៊ូប្រយុទ្ធដើម្បីឲ្យអ៊ុយក្រែន ខ្លាំងក្លា និងមានសមត្ថភាព។ លោកថា បើអ៊ុយក្រែន ខ្លាំង ទើបអ្នកឈ្លានពានគោរព និងស្ដាប់អ្វីដែលយើងត្រូវការមកវិញ។ អ៊ុយក្រែនខ្លាំងលើសមរភូមិ អ៊ុយក្រែននឹងខ្លាំងនៅឯតុចរចា ហើយសន្តិភាពដែលយើងបានមកវិញ ជាសន្តិភាពកើតចេញពីបុព្វហេតុនៃការតស៊ូប្រឆាំងនឹងសត្រូវឈ្លានពាន។
តាមលោក ហ្សេឡេនស្គី បើអ៊ុយក្រែនខ្លាំង តម្លៃអ៊ុយក្រែននៅលើវេទិកាអន្តរជាតិក៏ខ្ពង់ខ្ពស់ដែរ ហើយប្រទេសធ្លាប់ប្រមាថអ៊ុយក្រែន ក៏គេស្ដាប់អ៊ុយក្រែន និយាយដែរ។
ចំណែកឯនៅតំបន់អាស៊ីអាគ្នេយ៍ យោងតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama នៅថ្ងៃទី១ ខែមករា មេដឹកនាំប្រទេសក្នុងសមាគមអាស៊ាន បានផ្ញើសារជូនពរដល់ប្រជាជាតិរៀងខ្លួន និងមនុស្សជាតិទូទាំងសកលលោកស្រដៀងៗគ្នា។
នាយករដ្ឋមន្ត្រី ដាទុ ស៊ិរី អាន់វ៉ា អ៊ីប្រាហ៊ីម (Datuk Seri Anwar Ibrahim) ថ្លែងថា៖ ប្រឈមនឹងស្ថានការណ៍ស្មុគស្មាញក្នុងពិភពលោក អាស៊ានត្រូវរួមគ្នាត្រាយផ្លូវរកមុខនាទីថ្មី និងទិសដៅថ្មី។
ព្រះចៅ ស៊ុលតាន់ ហាស់សាណាល់ ប៊ុលគីយ៉ះ (Sultan Hassanal Bolkiah) នៃប្រទេសប្រ៊ុយណេដារុសសាឡាម ថ្លែងថា៖ ប្រទេសព្រះអង្គប្រកាន់គោលនយោបាយកិច្ចការបរទេសឲ្យមានតុល្យភាព គិតផលប្រយោជន៍ក្នុងតំបន់។
ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បួងសួងឲ្យឆ្នាំថ្មី ២០២៥ នាំមកនូវសន្តិភាព និងពរសព្ទសាធុការ ហើយថាជាមួយនឹងសុទិដ្ឋិនិយម និងការជឿជាក់លើខ្លួនឯង ឥណ្ឌូនេស៊ីនឹងលេចធ្លោឡើងលើឆាកអន្តរជាតិ។
នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី Lawrence Wong ថ្លែងថា៖ ឆ្នាំថ្មីឲ្យយើងម្នាក់ៗឆ្លុះបញ្ចាំងខ្លួនឯង ថាយើងជាមនុស្សបែបណា។ លោកនឹងប្រឹងឲ្យប្រទេសសិង្ហបុរី មានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ បង្កើតការងារល្អៗ ផ្តល់ឱកាសគ្រប់យ៉ាងដល់ពលរដ្ឋសិង្ហបុរី។
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ ថ្លែងថា៖ ដោយគុណព្រះរតនត្រ័យ សូមឲ្យឆ្នាំថ្មីនេះផ្តល់ក្តីសង្ឃឹមគ្រប់យ៉ាងដល់ពលរដ្ឋថៃ។ រដ្ឋាភិបាលនឹងប្រឹងធ្វើការងារកាន់តែខ្លាំងក្លា ដើម្បីធ្វើឲ្យជីវភាពពលរដ្ឋថៃ កាន់តែមានគុណភាពប្រសើរឡើងក្នុងជីវិត។
ប្រធានាធិបតីលាវ ថងលន់ ស៊ីស៊ូលីត (Thongloun Sisoulith) ថ្លែងអរគុណពលរដ្ឋលាវ និងមិត្តបរទេស ដែលបានធ្វើវិភាគទាន ជាកិច្ចសហប្រតិបត្តិការ កិច្ចគាំទ្រគ្រប់យ៉ាងឲ្យពលរដ្ឋលាវ រួមរស់ក្នុងសហគមន៍អន្តរជាតិដោយសន្តិភាព និងសុខដុមរមនា។
នាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន ម៉ាណែត វិញថ្លែងជូនពរពលរដ្ឋខ្មែរឲ្យប្រកបដោយសុខភាពល្អ សន្តិភាព សុភមង្គល និងជោគជ័យលើអ្វីៗទាំងអស់។
ប្រធានាធិបតីយៀកណាម លួង គួង (Luong Cuong) ជូនពរជនជាតិយៀកណាម គ្រប់រូប និងមិត្តបរទេស នូវពរសព្ទសាធុការ ដោយសង្កត់ថា ឆ្នាំថ្មីជ័យជម្នះថ្មី។
មេដឹកនាំយោធាភូមា ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង ជូនពរឆ្នាំថ្មីដល់ជនជាតិភូមា ទាំងអស់ ដែលបានប្រកាន់ធម៌មេត្តាករុណារវាងគ្នានឹងគ្នាទៅវិញទៅមក ហើយរួបរួមគ្នាធ្វើការដើម្បីប្រយោជន៍ជាតិ។
ប្រធានាធិបតីហ្វីលីពីន Ferdinand R. Marcos Jr. ជូនពរឆ្នាំថ្មី ដោយរំឭកពលរដ្ឋហ្វីលីពីន ឲ្យប្រកាន់ចិត្តគំនិតឆ្លុះមើលខ្លួនឯង ហើយនិងផ្ដោតលើការអ្វីដែលធ្វើឲ្យចម្រើនលូតលាស់ រៀនសូត្រពីអតីតកាល ព្រមទាំងប្រើបញ្ញាធ្វើបែបណាឲ្យខ្លួនឯងម្នាក់ៗកាន់តែប្រសើរឡើង៕
© 2025, . All rights reserved.