អ្នកសង្កេតការណ៍អំពាវនាវឱ្យរាជរដ្ឋាភិបាលអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតចំពោះកងកម្លាំងដែលជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ដើម្បីឱ្យអ្នកពាក់ព័ន្ធផ្សេងទៀតលះបង់អំពើល្មើសនេះដោយខ្លួនឯង។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២ មករា នេះថា ការរកឃើញនូវការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនក្នុងចំណោមមន្ត្រីកម្លាំងប្រដាប់អាវុធជាតិ គឺជាភស្តុតាងជាក់ស្តែងមួយដែលបង្ហាញថា បទល្មើសនេះច្បាស់ជាមានការសហការគ្នាជាប្រព័ន្ធ ទើបការប្រើប្រាស់ និងការជួញដូរនេះមានសកម្មភាពរហូតមក។
លោក សេក សុជាតិ លើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនអាចជីកកកាយយកមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធនឹងគ្រឿងញៀនមកផ្ដន្ទាទោសឱ្យអស់ទេ គឺនៅតែជាបញ្ហាប្រឈមសម្រាប់សង្គមជាតិដដែល ពីព្រោះវិធានការរដ្ឋាភិបាលក្នុងការថែរក្សាសន្តិសុខសង្គមនឹងត្រូវជាប់គាំង ដោយសារតែមន្ត្រីខិលខូចទាំងអស់នេះ។
អ្នកឃ្លាំមើលរូបនេះបញ្ជាក់ថា រដ្ឋាភិបាលមិនត្រូវបណ្តែតបណ្តោយឱ្យមានគ្រឿងញៀនជ្រៀតចូលក្នុងប្រព័ន្ធដឹកនាំរបស់ខ្លួនរហូតធ្វើឱ្យមន្ត្រីកងកម្លាំងក្នុងក្របខ័ណ្ឌរដ្ឋក្លាយជាភ្នាក់ងារចែកចាយវត្ថុខុសច្បាប់ទាំងនេះជាដាច់ខាត។
លោក សេក សុជាតិ គូសបញ្ជាក់ថា អ្នករងគ្រោះពីទង្វើល្មើសនេះ គឺជារដ្ឋាភិបាលខ្លួនឯងទៅវិញតែប៉ុណ្ណោះ ព្រោះថាពលរដ្ឋនឹងរិះគន់ទៅលើរដ្ឋាភិបាលចំពោះបញ្ហានេះ ដោយសារតែមិនអាចអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពតាមការសន្យារបស់ខ្លួន។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស លោក សៅ សុខា បានបញ្ជាឱ្យចាប់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ លោក ង៉ែត ចាន់ឌី និងនាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ លោក លុយ សារុំ រួមទាំងលោក ស៊ិន សុវណ្ណារិទ្ធ ដែលជាជំនួយការការិយាល័យគ្រឿងញៀនខេត្តផងដែរ ពីបទពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថផ្ទៃប្រទេស លោក អេង ហ៊ី ឱ្យដឹងថា កម្លាំងជំនាញពិតជាបាននាំខ្លួននាយអាវុធហត្ថទាំង ៣នាក់ទៅសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល ពាក់ព័ន្ធករណីគ្រឿងញៀនពិតប្រាកដមែន។
ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់បានត្អូញត្អែរកាលពីពេលកន្លងទៅថា បញ្ហាគ្រឿងញៀនបានក្លាយជាហានិភ័យដ៏ធំសម្រាប់ប្រទេសកម្ពុជាសព្វថ្ងៃនេះ ព្រោះសមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនមិនត្រឹមតែរយគីឡូក្រាមទេ គឺចូលដល់តោនឯណោះ។
រឿងដោយឡែកមួយទាក់ទងនឹងបញ្ហាសុខុមាលភាពនៃសង្គមជាតិខ្មែរដែរនោះ គឺរឿងអនាម័យ។ តាមទីភ្នាក់ងារព័ត៌មានបក្សកុម្មុយនីស្តចិន ស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា នេះ រាជរដ្ឋាភិបាលប្ដេជ្ញាថានឹងបំបាត់សំរាមស្បោងប្លាស្ទិកឲ្យអស់ពីផ្លូវសាធារណៈក្នុងឆ្នាំថ្មីនេះ។
ដំណាលពេលគ្នានេះ មន្ត្រីនៃក្រសួងអភិវឌ្ឍន៍ជនបទ អះអាងថា ក្នុងចំណោមពលរដ្ឋ ១៧លាននាក់ក្នុងឆ្នាំ២០២៤ ប្រជាពលរដ្ឋទូទៅ ៩២% មានអនាម័យ ហើយសង្ឃឹមថាឆ្នាំ២០៣០ នឹងមានអនាម័យ ១០០%។ ២១% មានទឹកស្អាត/បរិសុទ្ធទទួលទាន។
ក្រុមអ្នកវិនិយោគបរទេសសង្កេតឃើញ ហើយផ្សាយក្នុងទស្សនាវដី្តវិនិយោគទុនកម្ពុជា (Cambodia Investment Review) ថា ក្នុងឆ្នាំថ្មី ២០២៥ ប្រទេសកម្ពុជាមានថ្ងៃកំណត់ក្នុងប្រកាសលេខ២០៤ នៃក្រសួងការងារ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ជាទិវាបុណ្យជាតិ កើនពី ២១ថ្ងៃដល់ ២៣ថ្ងៃក្នុងមួយឆ្នាំ៖ ១៥ថ្ងៃចំថ្ងៃធ្វើការក្នុងសប្តាហ៍ និង ៥ថ្ងៃទៀតចំថ្ងៃឈប់សម្រាកថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ៕
© 2025, . All rights reserved.