សមាជ​ពលរដ្ឋ​ស្ដីពី​កោះ​គុត ដែល​រៀបចំ​ដោយ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ប្រកាស​ធ្វើ​សមាជ​រឿង «កោះ​គុត» ដែល​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​មិន​សូវ​អើពើ

By ឌឹ ខេមបូឌា ដេលី

January 03, 2025

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក បន្ត​ប្រកាស​ធ្វើ​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ស្តីអំពី​បញ្ហា​កោះ​គុត នៅ​រដ្ឋ​ម៉ាហ្សាឈូសិត នៅ​ពាក់កណ្តាល​ខែ​មករា ដើម​ឆ្នាំ​នេះ ដើម្បី​កៀរគរ​កម្លាំង​អ្នក​ចូលរួម​ជួយ​ជំរុញ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ។

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បណ្ដាញ​យុវជន​សកល គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក វត្ត​ភ្នំសេរី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ជូនដំណឹង​រួម​គ្នា​នៅ​ថ្ងៃទី​២ មករា នេះ ស្តីអំពី​ការ​ធ្វើ​សមាជ​ជុំវិញ​បញ្ហា​កោះ​គុត ក្នុង​បំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ទូទាំង​ប្រទេស​ថា មួយ​ផ្នែក​នៃ​កោះ​គុត គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ។

ជាង​នេះ​ទៀត ក៏​ត្រូវ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ថៃ បាន​រំលោភ​បំពាន​យក​មក​គ្រប់គ្រង​វិញ​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា ការ​ការពារ​កោះ​គុត គឺ​ដើម្បី​រក្សា​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា ហើយ​ការ​ចូលរួម​សមាជ​នេះ គឺ​ដើម្បី​ប្រមូល​កម្លាំង​អ្នកគាំទ្រ​ឱ្យ​ជួយ​តវ៉ា​ទៅ​កាន់​របប​ក្រុង​ភ្នំពេញ ដើម្បី​ឱ្យ​លើក​យក​ករណី​កោះ​គុត​នេះ​ទៅ​តាំង​ជាមួយ​ថៃ នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​រក្សា​ទឹកដី​របស់​ខ្លួន។

សេចក្តី​ជូនដំណឹង​ដដែល​នេះ បញ្ជាក់​ថា ការ​ប្រារព្ធ​ពិធី​សមាជ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៥ នៅ​សាកលវិទ្យាល័យ​ម៉ាហ្សាឈូសិត ចាប់ពី​វេលា​ម៉ោង ២​រសៀល រហូត​ដល់​ម៉ោង ៦​ល្ងាច ដែល​មាន​ទីតាំង​ស្ថិត​នៅ 61Wilder St., Lowell, MA 01854 (O’Leary Library, Room 222) U-Massachusetts, Lowell។

ជុំវិញ​បញ្ហា​កោះ​គុត​នេះ គេ​សម្គាល់​ឃើញ​ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅតែ​មិន​ទាន់​បញ្ជាក់​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​នៅឡើយ​រហូត​ដល់​ពេលនេះ​ថា ប្រទេស​កម្ពុជា​មាន​ចំណែក​គ្រប់គ្រង​លើ​កោះ​គុត ឬ​ក៏​អត់​នោះ ដំណាល​ពេល​ដែល​នាយករដ្ឋមន្ត្រី​ថៃ បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា កោះ​គុត​ជា​របស់​ថៃ​ផ្ដាច់មុខ ដែល​គ្មាន​ចំណែក​កម្មសិទ្ធិ​របស់​កម្ពុជា​នោះ​ទេ។

ជាក់ស្តែង កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) និង​កូនស្រី​របស់​គាត់​ដែល​ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន គឺ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​ចេញ​មុខ​អះអាង​ច្បាស់ៗ​ថា កោះ​គុត​ជា​កម្មសិទ្ធិ​របស់​ថៃ ដោយ​គ្មាន​ប្រទេស​ណា​អាច​ដណ្ដើម​កាន់កាប់​បាន​ឡើយ៕

© 2025, . All rights reserved.