(ពី​ឆ្វេង) អតីត​អ្នកឧកញ៉ា ហេង សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សុខ ផល

ព័ត៌មានជាតិ

អតីត​អ្នកឧកញ៉ា​ប្ដឹង​លោក ស សុខា និង​មន្ត្រី​ជាន់​ខ្ពស់​ពីរ​នាក់​ទៀត​ទៅ ACU រឿង​កាង​ឧក្រិដ្ឋជន

By ឌឹ ខេមបូឌា ដេលី

January 07, 2025

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​តំណាង​ឱ្យ​មន្ត្រី​នគរបាល​ជាង ៧០០​នាក់ បាន​ដាក់​ពាក្យ​ប្តឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សុខ ផល ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដោយ​ចោទប្រកាន់​ថា​អ្នក​ទាំង​បី​រូប​នេះ​នាំគ្នា​កាង​ឧក្រិដ្ឋជន និង​ប្រព្រឹត្ត​អំពើពុករលួយ។

លោក ហេង សិទ្ធី បាន​បង្ហោះ​ពាក្យបណ្ដឹង​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ថា បណ្តឹង​របស់​លោក គឺ​តំណាង​ឱ្យ​មន្ត្រី​នគរបាល​ជាង ៧០០​នាក់ (៧៦៥​នាក់) ដែល​សុំ​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឱ្យ​បើក​ការស៊ើបអង្កេត​លើ​លោក ស សុខា លោក ស ថេត និង​លោក សុខ ផល ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​នានា រួម​ទាំង​អំពើពុករលួយ​ផង​ដែរ។

លោក ហេង សិទ្ធី អះអាង​ថា លោក ស សុខា តែងតែ​ទទួល​សំណូក​ពី​ឧក្រិដ្ឋជន​ក្នុង​ពេល​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់ និង​ទទួល​សំណូក​ពី​ឧក្រិដ្ឋជន​ផ្តល់​កម្ចី​អនឡាញ​ខុស​ច្បាប់ រួម​ទាំង​ចេញ​មុខ​ការពារ​ក្រុម​ឧក្រិដ្ឋជន​ខុស​ច្បាប់​ផ្សេង​ទៀត​ដែល​កំពុង​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​បន្ត​ថា លោក ស សុខា ក៏​បាន​គាបសង្កត់​អគ្គនាយកដ្ឋាន​ក្រោម​បង្គាប់​ទាំងអស់​ឱ្យ​រក​លុយ​ឱ្យ​ខ្លួន​រាល់​ពេល​បំពេញ​ភារកិច្ច​ថែមទៀត។

លោក​បន្ត​ថា លោក ស ថេត ក៏​បាន​ទទួល​លុយ​សំណូក​ពី​ឧក្រិដ្ឋជន​ឈ្មោះ ភួ ហ្គេច សេង (ហៅ​តាក់) ចំនួន ៥​លាន​ដុល្លារ​អាមេរិក ជា​ថ្នូរ​មិន​ឆែកឆេរ​ផ្ទះ និង​កន្លែង​ប្រព្រឹត្ត​បទល្មើស​អនឡាញ និង​ទីតាំង​ចាប់​ជំរិត​មនុស្ស និង​បង្ខាំង​មនុស្ស​ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់​របស់​ឧក្រិដ្ឋជន​រូប​នោះ​ដែរ។

លោក​ថា លោក ស ថេត តែង​ទទួល​សំណូក​ពី​ការ​បង់​ថ្លៃ​ការពារ​ទីតាំង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​នានា​ផង​ដែរ ដូចជា ទីតាំង​ផលិត និង​ចែកចាយ​គ្រឿងញៀន ទីតាំង​បនល្បែង និង​រកស៊ី​ផ្លូវភេទ​ខុស​ច្បាប់ រួម​ទាំង​ការពារ​ក្រុម​ចោរកម្ម និង​ក្រុម​ប្លន់​ប្រដាប់​អាវុធ ជាដើម។

ដោយឡែក​លោក សុខ ផល បាន​ផលិត និង​ចែកចាយ​ទិដ្ឋាការ​ពន្យារ​ការ​ស្នាក់នៅ​ក្លែងក្លាយ​ដែល​ខុស​ពី​តួលេខ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ លើស​ពី​នេះ​ទៅ​ទៀត លោក សុខ ផល ក៏​បាន​បង្កើត​ទីតាំង​បិទ​ទិដ្ឋាការ​ពន្យារ​ការ​ស្នាក់នៅ​ដោយ​ខ្លួនឯង និង​ប្រមូល​លុយ​ទាំងនោះ​ជា​រៀង​រាល់​ខែ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា ១៥​ម៉ឺន​ទៅ ២០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង ១​ខែៗ ក្រោម​ការ​សហការ​ជាមួយ​កូនប្រុស​របស់​អគ្គ​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ផង​ដែរ។

លោក ហេង សិទ្ធី អះអាង​ថា លោក សុខ ផល បាន​តែងតាំង​ក្មួយបង្កើត​របស់​គាត់​ឱ្យ​កាន់​ការងារ​កន្លែង «ណ​៧» ដែល​ជា​កន្លែង​ចាប់​ឧក្រិដ្ឋជន​អនឡាញ​ខុស​ច្បាប់ ប៉ុន្តែ​ពួកគេ​បាន​គប់គិត​គ្នា​ទទួល​ប្រាក់​ពី​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ទាំងនោះ​ក្នុង​ម្នាក់​ចាប់ពី ១​ម៉ឺន​ដុល្លារ​ទៅ ២​ម៉ឺន​ដុល្លារ​អាមេរិក។

បន្ថែម​ពី​នេះ លោក សុខ ផល ក៏​ធ្លាប់​ទទួល​សំណូក​ពី​មន្ត្រី​នគរបាល​ដែល​ចង់បាន​តំណែង​ខ្ពស់ៗ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​ដែរ ប៉ុន្តែ​លោក សុខ ផល ទទួល​ប្រាក់​គេ​ហើយ តែ​មិន​រត់ការ​ឱ្យ​អ្នក​ទាំងនោះ​ទទួល​បាន​តំណែង​ទេ រហូត​មន្ត្រី​នគរបាល​ខ្លះ​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​ក៏​មាន​ដែរ។

អតីត​អ្នកឧកញ៉ា​រូប​នេះ​អះអាង​ថា ពេលនេះ​ក្រុម​ឧក្រិដ្ឋជន​បាន​ស្គាល់​កម្ពុជា​ជា​ផ្ទះ​របស់​ពួកគេ​យ៉ាង​មាន​សុវត្ថិភាព ក្រោម​ការ​មើលថែ​របស់​ក្រសួង​មហាផ្ទៃ ដូច្នេះ​ដើម្បី​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋ​ទាំងនេះ មាន​តែ​ផ្អាក​តំណែង​បុគ្គល​ទាំងនេះ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ជាបន្ទាន់​ប៉ុណ្ណោះ។

លោក ហេង សិទ្ធី បញ្ជាក់​ថា ក្រោយពី​លោក​ចេញ​មុខ​ទម្លាយ​រឿងអាស្រូវ​អាថ៌កំបាំង​របស់​មន្ត្រី​ទាំងនេះ ក៏​មាន​មន្ត្រី​នគរបាល​រាប់​រយ​នាក់​ផ្ញើ​សារ​មក​លោក​ឱ្យ​ប្តឹង​លោក ស សុខា លោក ស ថេត និង​លោក សុខ ផល តែម្តង។

ជុំវិញ​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​លុយ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​មិន​ត្រឹមតែ​អាច​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា​ដោយ​សុខ​សុវត្ថិភាព​ទេ តែ​ថែមទាំង​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ថែមទៀត។

ជាក់ស្តែង មហាសេដ្ឋី​ដើមកំណើត​ចិន​ចូល​សញ្ជាតិ​ខ្មែរ លោក ចេន ហ្ស៊ី (Chen Zhi) ដែល​រដ្ឋអំណាច​ចិន តាម​ចាប់​ខ្លួន ក៏​ត្រូវ​បាន​លោក ហ៊ុន សែន តែងតាំង​ធ្វើ​ជា​ទីប្រឹក្សា​របស់​គាត់​ផង​ដែរ។

សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ណា​មួយ​ពី​លោក ស សុខា លោក ស ថេត និង​លោក សុខ ផល បាន​នៅឡើយ​ទេ៕

© 2025, . All rights reserved.