អ្នកសង្កេតការណ៍កម្ពុជា ចាត់ទុកឃាតកម្មលើតំណាងរាស្ត្របក្សប្រឆាំងលោក លិម គិមយ៉ា ជាឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតដែលប្រព្រឹត្តដោយគ្រួសារត្រកូលហ៊ុន ប៉ុន្តែបើគ្រួសារហ៊ុនមិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះទេ ត្រូវតែបើកការស៊ើបអង្កេតដោយតម្លាភាព។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ មករា នេះថា ដោយសារតែអ្នកនៅពីក្រោយនៃអំពើឃាតកម្មនេះជាអ្នកមានអំណាចនៅស្រុកខ្មែរ ទើបឃាតករសម្រេចរត់គេចខ្លួនចូលទឹកដីខ្មែរ ជាពិសេសលោក ហ៊ុន ម៉ានី កូនប្រុសពៅលោក ហ៊ុន សែន ត្រូវជាប់សង្ស័យក្នុងអំពើឃាតកម្មនេះខ្លាំងបំផុត។
លោក ម៉ែន ណាត លើកឡើងថា ទង្វើរបស់គ្រួសារហ៊ុនជុំវិញអំពើឃាតកម្មនេះ បានបង្ហាញឱ្យឃើញថា គ្រួសារមួយនេះអាចប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែនក្នុងកម្រិតរដ្ឋាភិបាលតែម្តង បន្ទាប់ពីពួកគេយកទឹកដីថៃ ជាទីតាំងសម្រាប់បាញ់សម្លាប់មនុស្សដើម្បីទម្លាក់កំហុសទៅលើរដ្ឋាភិបាលថៃ ឱ្យស្អុយឈ្មោះដោយសារឧក្រិដ្ឋកម្មដែលពួកគេបង្កឡើង។
ប្រភពដដែលបញ្ជាក់ថា ឧក្រិដ្ឋកម្មនេះគឺជាប់ពាក់ព័ន្ធដល់ការទទួលខុសត្រូវរបស់រដ្ឋាភិបាល ៣ប្រទេស គឺថៃ ជាប្រទេសសាមីដែលត្រូវរកជនដៃដល់យកមកកាត់ទោស និងស្រាវជ្រាវអ្នកពាក់ព័ន្ធដែលនៅពីក្រោយឱ្យខាងតែបាន។ ចំណែករដ្ឋាភិបាលបារាំង ក៏ត្រូវរកយុត្តិធម៌សម្រាប់ពលរដ្ឋរបស់គេក្នុងអំពើឃាតកម្មនេះដែរ ព្រោះលោក លិម គិមយ៉ា មិនត្រឹមតែមានភរិយាជាជនជាតិបារាំង ទេ ខ្លួនគាត់ផ្ទាល់ក៏មានសញ្ជាតិបារាំង ដែរ។ ដោយឡែករដ្ឋាភិបាលកម្ពុជា ត្រូវផ្តល់ការសហការស្រាវជ្រាវក្នុងអំពើឃាតកម្មនេះដោយចៀសមិនរួចឡើយ នៅពេលដែលអាជ្ញាធរថៃ បានរកឃើញជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន ហៅ Mr Pich ថាជាបុគ្គលដែលជាប់ពាក់ព័ន្ធខ្លាំងបំផុតជាមួយឃាតករក្នុងការបាញ់សម្លាប់នេះ។
លោក ម៉ែន ណាត ព្រមានថា បើគ្រួសារហ៊ុនមិនបើកការស៊ើបអង្កេតលើឃាតកម្មនេះដោយតម្លាភាពទេ នោះគឺអាចបញ្ជាក់យ៉ាងច្បាស់ហើយថា អ្នកនៅពីក្រោយនៃឧក្រិដ្ឋកម្មឆ្លងដែនកម្រិតអន្តរជាតិនេះ គឺជាគ្រួសារត្រកូលហ៊ុនតែម្តង។
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានថា បន្ទាប់ពីករណីឃាតកម្មលើលោក លិម គិមយ៉ា និងផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការពីអាជ្ញាធរថៃ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សីខេត្តបាត់ដំបង។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា ជនសង្ស័យរូបនេះនឹងត្រូវបញ្ជូនខ្លួនទៅប្រទេសថៃ វិញតាមសំណូមពររបស់នគរបាលថៃ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធីរួចរាល់។
ជុំវិញបញ្ហានេះ សភាអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (APHR) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្ការកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លើឃាតករឈាមត្រជាក់ដែលបានបាញ់សម្លាប់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នៅកណ្តាលទីក្រុងបាងកក។
សភាអាស៊ាន អំពាវនាវឱ្យរដ្ឋាភិបាលទាំងពីរ គឺកម្ពុជា និងថៃ ចាត់វិធានការជាបន្ទាន់កុំឱ្យឃាតកម្មបែបនេះកើតមានបន្តទៀត ដើម្បីធានាសុវត្ថិភាព និងការការពារជននិរទេសនយោបាយ និងអ្នកការពារសិទ្ធិមនុស្សក្នុងតំបន់។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិ លោក មួង ណារ៉េត លើកឡើងកាលពីថ្ងៃទី៨ មករា នេះថា ការបាត់បង់លោក លិម គិមយ៉ា គឺជាការបាត់បង់អ្នកលើកស្ទួយសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងធំធេង ព្រោះលោក លិម គិមយ៉ា តែងតែបញ្ចេញមតិតវ៉ាទាមទារលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទៅកាន់រដ្ឋាភិបាលកម្ពុជារហូតមក។
លោក មួង ណារ៉េត អះអាងថា ជុំវិញករណីឃាតកម្មនេះ បើទោះបីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថារឿងនេះជាដែនសមត្ថកិច្ចរបស់ថៃ ក្នុងការបំពេញភារកិច្ចគ្រប់បែបយ៉ាងក៏ដោយ ប៉ុន្តែក្នុងនាមរដ្ឋាភិបាលខ្មែរដែលតំណាងឱ្យពលរដ្ឋកម្ពុជា ១៧លាននាក់ ក៏ត្រូវចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជំហរចំពោះករណីបាញ់សម្លាប់លើពលរដ្ឋរបស់ខ្លួនដែរ ប៉ុន្តែមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជានៅតែរក្សាភាពស្ងៀមស្ងាត់ដដែល៕
© 2025, . All rights reserved.