អ្នកតាមដានស្ថានការណ៍នៅប្រទេសកម្ពុជា លើកឡើងថា សំណុំរឿងឃាតកម្មលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា អាចនឹងកាត់ទោសបានត្រឹមតែឃាតករ និងអ្នកពាក់ព័ន្ធតូចតាចប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ មករា នេះថា បើសំណុំរឿងឃាតកម្មលើលោក លិម គិមយ៉ា ត្រូវបានកាត់ទោសត្រឹមតែឃាតករ និងអ្នកពាក់ព័ន្ធដូចជាជនសង្ស័យឈ្មោះ ពេជ្រ គឹមស្រ៊ិន និងជនសង្ស័យឈ្មោះ លី រតនៈរស្មី ដែលមានឈ្មោះភាសាថៃថា ស៊ុមវ៉ាំង បាំរុងគីត នោះការកាត់សេចក្តីនេះមិនមែនជាការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះឡើយ។
លោក គឹម សុខ លើកឡើងថា ការស្រាវជ្រាវរកអ្នកបញ្ជាពីក្រោយខ្នងក្នុងរឿងឃាតកម្មនេះ អាចនឹងមានភាពស្មុគស្មាញខ្លាំង ដោយសារតែជនល្មើសមិនហ៊ានសារភាព ព្រោះតែរងនូវការគំរាមកំហែងពីអ្នកបញ្ជាពីក្រោយខ្នងលើសុវត្ថិភាពក្រុមគ្រួសាររបស់គេ។ លើសពីនេះ បើគេរកឃើញថាអ្នកបញ្ជាពីក្រោយខ្នងនោះ គឺជាអ្នកមានឥទ្ធិពលក្នុងជួរកម្លាំងប្រដាប់អាវុធក្នុងប្រទេសថៃ ទៀតនោះ ថៃអាចនឹងបញ្ចប់សំណុំរឿងនេះដោយទុកឱ្យអ្នកបញ្ជាពីក្រោយខ្នងនោះរួចខ្លួន ដោយសំអាងថាអ្នកដែលត្រូវបានសម្លាប់នោះគឺជាជនជាតិខ្មែរ។
លោក គឹម សុខ បញ្ជាក់ថា ទោះជាមានការស្នើសុំ ឬគ្មានការស្នើសុំសហការពីភាគីថៃ ក៏ដោយ បើភាគីខ្មែរមិនបញ្ជូនជនសង្ស័យទាំងនោះទៅតុលាការថៃ ឬសមត្ថកិច្ចថៃ ដើម្បីបើកការស៊ើបអង្កេតទេ នោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រកូលហ៊ុនដែលមានអំណាចបំផុតនៅប្រទេសកម្ពុជា ច្បាស់ជាមិនអាចគេចផុតពីការសង្ស័យថាជាអ្នកបញ្ជាពីក្រោយខ្នងនៃអំពើឃាតកម្មនេះឡើយ។
ខ្មាន់កាំភ្លើងជនជាតិថៃ ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ដែលបានបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ក្នុងទីក្រុងបាងកក ត្រូវបានបញ្ជូនពីប្រទេសកម្ពុជាទៅឱ្យអាជ្ញាធរថៃ កាលពីថ្ងៃទី១១ មករា ប៉ុន្តែរហូតដល់ពេលនេះ ឃាតករមិនទាន់ផ្តល់ចម្លើយប្រាប់សមត្ថកិច្ចថៃ ពីសមាសភាពអ្នកបញ្ជាពីក្រោយខ្នងនៅឡើយទេ។
ជុំវិញបញ្ហានេះ លោក អដ្ឋាផន វង្សសិរីព្រីដា (Arthaphorn Wongsiripreeda) មន្ត្រីប៉ូលិសប្រចាំទីក្រុងបាងកក បានអះអាងកាលពីថ្ងៃទី១២ ខែមករា នេះថា ខ្មាន់កាំភ្លើងបានសារភាពថារូបគេបានទទួលបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា ពីជនជាតិថៃម្នាក់ ព្រោះតែជំពាក់គុណដែលគេធ្លាប់ជួយពេលដែលខ្លួនត្រូវបានបណ្ដេញចេញពីកងនាវាចរណ៍ថៃ។
ឃាតករដដែលនេះអះអាងថា រូបគេទទួលបានថ្លៃឈ្នួល ៦ម៉ឺនបាត ឬជាង ១៧០០ដុល្លារសហរដ្ឋអាមេរិក ក្រោមការរៀបចំគម្រោងពីជនជាតិខ្មែរដែលមានប្រើឈ្មោះជាភាសាថៃថា ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit) និងមានឈ្មោះខ្មែរថា លី រតនៈរស្មី ជាអ្នកផ្ទេរលុយឱ្យ ហើយក៏ជាអ្នកបង្ហាញអំពីអត្តសញ្ញាណជនរងគ្រោះ ពេលវេលា និងទីតាំងចំណតរថយន្តរបស់ជនរងគ្រោះផងដែរ។
មន្ត្រីប៉ូលិសថៃរូបនេះ បង្ហាញចម្លើយឃាតករថា ក្រោយពេលបាញ់សម្លាប់ជនរងគ្រោះ រូបគេបានរត់គេចខ្លួនតាមគម្រោងដែលគេបានរៀបចំរហូតអាចធ្វើដំណើរទៅដល់ព្រំដែនស្រុកខៅដិន (Khao Din) ខេត្តស្រះកែវ (Sa Keo) ដែលមានបុរសជនជាតិខ្មែរ ២នាក់រង់ចាំទទួល ដើម្បីគេចខ្លួនចូលក្នុងប្រទេសកម្ពុជា តាមស្រុកសំពៅលូន ខេត្តបាត់ដំបង។
យ៉ាងណាក៏ដោយ ឃាតកររូបនេះនៅតែបន្តបដិសេធមិនព្រមប្រាប់ថា នរណាជាមេខ្លោងនៅពីក្រោយឃាតកម្មនេះឡើយ ទោះបីជាខ្លួនកំពុងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុនពីតុលាការព្រហ្មទណ្ឌថៃ ក៏ដោយ។
ទាក់ទិននឹងអ្នកផ្ទេរប្រាក់ឈ្នួលឲ្យឃាតករឈ្មោះ លី រតនៈរស្មី ឈ្មោះថៃ ស៊ុមវ៉ាំង បាំរុងគីត ប្រភពច្បាស់ការណ៍ក្នុងកងកម្លាំងសន្តិសុខប្រដាប់អាវុធថៃ បានឲ្យដឹងកាលពីឆ្នាំ២០២២ ថា គាត់ជាមនុស្សសំខាន់លាក់មុខក្នុងគណបក្សសង្គ្រោះជាតិ ធ្វើការជាមួយពលករខ្មែរចំណាកស្រុកក្នុងប្រទេសថៃ ជួយពិនិត្យគុណភាពផលិតផលថៃ នាំទៅសហរដ្ឋអាមេរិកឲ្យទៅតាមស្ដង់ដាអាមេរិកាំង។ មុនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា គាត់ធ្លាប់ប្រាស្រ័យកិច្ចការងារការពារសិទ្ធិពលករខ្មែរក្នុងអង្គការស៊ីហ្វាត់ (CFAT=Cambodian Workers’ Friendship Association of Thailand) ឬប្រែថា សមាគមមិត្តភាពពលករខ្មែរចំណាកស្រុកនៅប្រទេសថៃ និងធ្លាប់រត់ទៅលាក់ខ្លួននៅស្ថានទូតអាមេរិកាំង និងគេចខ្លួនទៅប្រទេសហ្វីលីពីន ពីការតាមរកពីអាជ្ញាធរថៃ។ បន្ទាប់មក សមាជិកនៃអង្គការស៊ីហ្វាត់ ១៣៥នាក់បានទៅចុះចូលសុំជ្រកកោនក្នុងមូលនិធិសម្តេចតេជោ ហ៊ុន សែន ដែលមានឈ្មោះ សុខ សុក្រឹត្យា កូនលោក សុខ ឥសាន ជាប្រធាន តែងតាំងដោយប្រធានបក្ស លោក សាយ ឈុំ។ លោក លី រតនៈរស្មី បានក្លាយខ្លួនជាអ្នកលក់អចលនទ្រព្យនៅក្រុងប៉ោយប៉ែត។
ក្នុងករណីឃាតកម្មស៊ីឈ្នួលសម្លាប់អតីតសមាជិកសភាពីបក្សជំទាស់ លោក លិម គិមយ៉ា ជាសញ្ជាតិបារាំង មានការចុះផ្សាយអត្ថបទពាសពេញទ្វីបអឺរ៉ុប រិះគន់របបដឹកនាំក្រុងភ្នំពេញដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាកូន និងលោក ហ៊ុន សែន ជាឪពុក។
ដំណាលពេលគ្នានេះ ក្រុមប្រឹក្សា ២៣តុលា១៩៩១ ដែលមានទីស្នាក់ការនៅទ្វីបអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៨ ខែមករា ដោយចាត់ទុកឃាតកម្មលើលោក លិម គិមយ៉ា ថាជាឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងសេចក្តីថ្លែងការណ៍ចុះហត្ថលេខាដោយលោក ឌួង វចនៈ ប្រធានគណៈនាយកនៃក្រុមប្រឹក្សា ថ្លែងថា៖ ក្នុងរបបផ្ដាច់ការគេចាប់មនុស្សដាក់គុក ធ្វើទារុណ ដើម្បីបញ្ឈប់សកម្មភាពជនទាំងនោះ ឲ្យឈប់ហ៊ានប្រឆាំងនឹងពួកផ្ដាច់ការតទៅទៀត ហើយជួនកាល ពួកទុច្ចរិតទុកអ្នកទាំងនោះប្រើទៅថ្ងៃក្រោយបន្ត តាមវិធីគាបសង្កត់ផ្សេងៗ។
សេចក្តីថ្លែងការណ៍ចោទជាសំណួរថា តើអាចទាក់ទងនឹងព័ត៌មានពិសេសអ្វីទេដែលលោក លិម គិមយ៉ា ដឹង ហើយមិនត្រូវឲ្យបែកការជាដាច់ខាត។ តើព័ត៌មាននោះអាចខូចខាតផលប្រយោជន៍ធំប៉ុនណាដល់ពួកផ្ដាច់ការក្រុងភ្នំពេញ ឬប៉ះពាល់ដល់ចៅហ្វាយបរទេសរបស់ពួកគេ?៕
© 2025, . All rights reserved.