ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ការចោទប្រកាន់លើមន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដើម្បីទទួលបានឱកាសធ្វើសកម្មភាពការពារសិទ្ធិសេរីភាពឡើងវិញ ព្រោះមន្ត្រីបក្សក្រៅរដ្ឋាភិបាលរូបនេះគឺជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកលើកស្ទួយសិទ្ធិសហជីព និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៧ មករា ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៣ មករា នេះថា ការបន្តចោទប្រកាន់លើលោក រ៉ុង ឈុន គឺកាន់តែធ្វើឲ្យមានការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការវិនិយោគទុនពីបណ្តាប្រទេសលោកសេរី។
ប្រភពដដែលអះអាងថា ប្រទេសកម្ពុជាមានគោលបំណងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៩ ដូច្នេះការរក្សាសហភាពអឺរ៉ុបដែលជាទីផ្សារធំទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក គឺជារឿងដែលប្រទេសកម្ពុជាត្រូវធ្វើជាចាំបាច់ ដ្បិតសម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលសំខាន់ៗដែលនាំចេញទៅកាន់ទីផ្សារប្រទេសលោកសេរី គឺជាតម្រូវការជាក់ស្តែងសម្រាប់ប្រទេសកម្ពុជាដែលមិនអាចខ្វះបាន។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក រ៉ុង ឈុន ឲ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះជាកំហិត ក្នុងបទល្មើសមិនរាងចាល បន្ទាប់ពីលោកត្រូវបានផ្ដន្ទាទោសអំពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមកាលពីឆ្នាំ២០២៤ កន្លងទៅ។
ទាក់ទិននឹងបញ្ហានេះ សភាអឺរ៉ុប កាលពីចុងឆ្នាំ២០២៤ បានស្នើឱ្យគណៈកម្មការ និងរដ្ឋជាសមាជិកក្នុងសហភាពអឺរ៉ុប កែប្រែលក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលនៅសេសសល់ ៨០% សម្រាប់កម្ពុជា និងដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ រំលោភសិទ្ធិមនុស្ស និងការរឹតត្បិតអង្គការក្រៅរដ្ឋាភិបាលផងដែរ។
សេចក្តីសម្រេច ៩ចំណុចក្នុងសភាអឺរ៉ុប ជំរុញឱ្យសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន ចាត់វិធានការជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាពក្នុងការដាក់ទណ្ឌកម្មលើអ្នកដែលទទួលខុសត្រូវលើការរឹតត្បិតផ្នែកនយោបាយ និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា រហូតទាល់តែអ្នកទោសនយោបាយទាំងអស់ត្រូវបានដោះលែងដោយឥតលក្ខខណ្ឌ៕
© 2025, . All rights reserved.