(រូប​ពាក់​អាវ​ស) ឃាតករ​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ដែល​បាន​បាញ់​សម្លាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា និង​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ លី រតនៈរស្មី (រូប​ក្នុង​រង្វង់) និង​មាន​ឈ្មោះ​ជា​ភាសា​ថៃ ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit)។

នយោបាយ

លោក សម រង្ស៊ី ជឿជាក់​លើ​តុលាការ​ថៃ នឹង​ចេញ​ដីកា​ចាប់​ខ្លួន​ទីប្រឹក្សា​មេដឹកនាំ​បក្ស​កាន់​អំណាច​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

January 15, 2025

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជឿជាក់​ថា​តុលាការ​ថៃ នឹង​ចេញ​ដីកា​ចាប់​ខ្លួន​ទីប្រឹក្សា​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ឈ្មោះ លី រតនៈរស្មី ដែល​មាន​ឈ្មោះ​ជា​ភាសា​ថៃ ថា ស៊ុមវ៉ាំង បាំរុងគីត ដែល​បាន​ជួល និង​វេរ​លុយ​ទៅ​ឱ្យ​ឃាតករ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ ដើម្បី​អាច​គេច​ផុត​ពី​ការ​បាត់​ខ្លួន​ដោយសារ​ត្រូវ​គេ​សម្លាប់។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ មករា នេះ​ថា បើ​តុលាការ​ថៃ មិន​អាច​ចាប់​ខ្លួន​ជនសង្ស័យ លី រតនៈរស្មី បាន​ទេ គាត់​ក៏​ប្រហែលជា​អាច​នឹង​ក្លាយ​ជា​ចំណី​សត្វ​ក្រពើ​ដែរ ព្រោះ​ករណី​បែប​នេះ​ធ្លាប់​កើត​លើ​អង្គរក្ស​លោក ហ៊ុន សែន ឈ្មោះ ប្រេស៊ីល ម្តង​រួច​មក​ហើយ បន្ទាប់ពី​ជាប់​ចោទ​ថា​បាន​សម្លាប់​ហ្វូង​បាតុករ​ជាង ១៦​នាក់ ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​កាលពី​អំឡុង​ឆ្នាំ​១៩៩៧ កន្លង​ទៅ​នោះ។

លោក សម រង្ស៊ី អះអាង​ថា ការ​ប្រគល់​ជនសង្ស័យ​ឈ្មោះ ពេជ្រ គឹមស្រ៊ិន និង​ជនជាតិ​ខ្មែរ​ឈ្មោះ លី រតនៈរស្មី ដែល​មាន​ឈ្មោះ​ជា​ភាសា​ថៃ ថា ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit) ឱ្យ​សមត្ថកិច្ច​ថៃ ជា​ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​ឱ្យ​ពួកគេ​អាច​គេច​ផុត​ពី​ការ​បាត់​ខ្លួន​ដោយសារ​ត្រូវ​គេ​សម្លាប់។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ភស្តុតាង​កាន់តែ​ច្បាស់​ដែល​បង្ហាញ​ថា លោក លី រតនៈរស្មី បាន​ជួល និង​វេរ​លុយ​ទៅ​ឱ្យ​ឃាតករ​ក្នុង​ផែនការ​បាញ់​សម្លាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក លិម គិមយ៉ា ស្រប​ពេល​ដែល​ជនសង្ស័យ​រូប​នេះ​ត្រូវ​គេ​ដឹង​ថា​ជា​កូនចៅ​របស់​អភិបាលក្រុង​ភ្នំពេញ លោក ឃួង ស្រេង ហើយ​ក៏​ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន។

លោក ហ៊ុន សែន ប្រធាន​បក្ស បាន​តែងតាំង​លោក លី រតនៈរស្មី ជា​ទីប្រឹក្សា​របស់​លោក​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៤។

កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៥ សារព័ត៌មាន​ម៉ាឡេស៊ី The Star បាន​ចុះផ្សាយ​ថា សមត្ថកិច្ច​ថៃ បាន​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ជួល​ឃាតករ​ឱ្យ​សម្លាប់​លោក លិម គិមយ៉ា បាន​ហើយ ប៉ុន្តែ​ប៉ូលិស​មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ទេ គ្រាន់តែ​អះអាង​ថា​ពួកគេ​មាន​ទំនុកចិត្ត​ក្នុង​ការ​តាមដាន​ស្វែងរក​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​ឱ្យ​បាន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

ជុំវិញ​អំពើ​ឃាតកម្ម​នេះ អាជ្ញាធរ​ថៃ បាន​ស្រាវជ្រាវ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​បុរស​ជនជាតិ​ថៃ​ម្នាក់​ទៀត​ដែរ​ដែល​មាន​ឈ្មោះ​ថា Chakit Buaplee អាយុ ៤៧​ឆ្នាំ ជា​អ្នក​បើក​រថយន្ត​ជូន​ឃាតករ​រត់​គេច​ខ្លួន​ចូល​ទឹកដី​កម្ពុជា ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​ឃាតកម្ម​នេះ។

ឃាតករ​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ដែល​បាន​បាញ់​សម្លាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា កំពុង​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់ ៣​បទល្មើស គឺ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ពី​បទ​កាន់​អាវុធ​នៅ​ទី​សាធារណៈ​ដោយ​មិន​មាន​ហេតុផល​សមរម្យ និង​ពី​បទ​បាញ់​អាវុធ​ដោយ​គ្មាន​ហេតុផល​ផង​ដែរ ខណៈ​អ្នក​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​នេះ​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ថៃ ស៊ើបអង្កេត​ស្វែងរក​ចាប់​ខ្លួន​យ៉ាង​ដិតដល់។

ក្រោយ​អំពើ​ឃាតកម្ម​នេះ គេ​នៅ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ជំហរ​ក្នុង​ការ​បញ្ជូន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នេះ​ទៅ​ឱ្យ​សមត្ថកិច្ច​ថៃ បើក​ការ​ស៊ើបអង្កេត​នៅឡើយ​ទេ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​សង្ស័យ​កាន់តែ​ខ្លាំង​ថា អំពើ​ឃាតកម្ម​នេះ​គឺ​ត្រកូល​ហ៊ុន​ជា​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង៕

© 2025, . All rights reserved.