មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បដិសេធមិនចូលរួមសវនាការតាមដីកាកោះរបស់តុលាការទេ នៅថ្ងៃសុក្រនេះ ដោយសារមេធាវីរបស់លោកអវត្តមាន។
គណបក្សកម្លាំងជាតិ ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ មករា នេះថា សវនាការលើសំណុំរឿងទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន នៅថ្ងៃទី១៧ ខែមករា នេះ ត្រូវបានមេធាវីរបស់លោកសុំលើកពេលដោយសារបញ្ហាសុខភាព ដូច្នេះលោក រ៉ុង ឈុន ក៏នឹងមិនចូលរួមក្នុងសវនាការនេះដែរ ដោយសារគ្មានមេធាវីការពារក្តីជូនរូបលោក។
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នេះ លោក ជូង ជូងី មេធាវីការពារក្តីលោក រ៉ុង ឈុន បានដាក់ពាក្យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ស្នើសុំពន្យារពេលសវនាការសំណុំរឿងលោក រ៉ុង ឈុន ទៅពេលក្រោយ ដោយសារលោកមានជំងឺផ្ដាសាយដែលត្រូវពិនិត្យសុខភាព។
យ៉ាងណាក៏ដោយ លោក ជូង ជូងី មិនបានបញ្ជាក់ពីការស្នើសុំសវនាការនៅពេលក្រោយទៅតុលាការថានៅពេលណានោះទេ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះកាលពីថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ ឱ្យទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ចូលបំភ្លឺនៅថ្ងៃទី១៧ ខែមករា នេះជាកំហិត ក្នុងបទល្មើសមិនរាងចាល បន្ទាប់ពីលោកត្រូវបានផ្ដន្ទាទោសក្នុងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមកាលពីឆ្នាំ២០២៤ កន្លងទៅ។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារចំនួន ៣លើករួចមកហើយ គឺលើកទី១ នៅឆ្នាំ២០០៥ ជុំវិញការរិះគន់សន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា-វៀតណាម។ លើកទី២ លោកត្រូវចាប់ខ្លួននៅចុងខែមករា ឆ្នាំ២០១៤ ដោយសារដឹកនាំទាមទារឱ្យមានការដោះលែងប្រធានសមាគមសេដ្ឋកិច្ចប្រជាធិបតេយ្យឯករាជ្យក្រៅប្រព័ន្ធ លោក វន់ ពៅ និងលើកទី៣ លោកត្រូវបានចាប់ខ្លួនម្តងទៀតជុំវិញការចេញថ្លែងការណ៍អំពីការបាត់ដីរបស់ពលរដ្ឋខ្មែរទៅប្រទេសវៀតណាម នៅខេត្តត្បូងឃ្មុំ កាលពីចុងខែកក្កដា ឆ្នាំ២០២០៕
© 2025, . All rights reserved.