លោក អ៊ីមរ៉ាន់ ខាន់ អតីតនាយករដ្ឋមន្ត្រី និងជាប្រមុខបក្សប្រឆាំងដ៏ធំជាងគេនៅប៉ាគីស្ថាន ដែលមានទំនោរខ្លាំងទៅរកចិន កាលលោកកាន់អំណាច ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំក្នុងសំណុំរឿងពុករលួយ។
សាលក្រមរបស់តុលាការដាក់ទោសទៅលើអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ ចំពេលមានពាក្យលេចឮថា បក្សប្រឆាំងចាប់ផ្តើមចរចាជាមួយក្រុមយោធាដ៏មានអំណាចបំផុតនៅប៉ាគីស្ថាន ស្វែងរកកិច្ចព្រមព្រៀងរវាងលោក អ៊ីមរ៉ាន់ ខាន់ និងបក្សកាន់អំណាច ដើម្បីរកច្រកចេញពីភាពតានតឹងនយោបាយដែលឈានដល់កិច្ចព្រមព្រៀង ក៏ចំពេលតុលាការប្រកាសសាលក្រមដ៏ភ្ញាក់ផ្អើលដាក់ពន្ធនាគារលោក ១៤ឆ្នាំក្នុងបទពុករលួយ។
លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) ត្រូវបានជាប់ឃុំតាំងពីខែសីហា ឆ្នាំ២០២៣ និងរងបទចោទដល់ទៅចំនួន ២០០សំណុំរឿង តែចំពោះទោស ១៤ឆ្នាំនេះផ្ដោតតែទៅលើអំពើពុករលួយប៉ុណ្ណោះ ដែលអតីតនាយករដ្ឋមន្ត្រីរូបនេះនៅមានសំណុំរឿងរាប់សិបករណីទៀត។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃទី១៧ មករា នេះ។
យ៉ាងណា ភរិយាទីបីរបស់លោក គឺអ្នកស្រី Bushra Bibi ដែលធ្លាប់ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ៧ឆ្នាំក្នុងសំណុំរឿងពុករលួយដូចគ្នានេះ ក៏ត្រូវបានរដ្ឋអាជ្ញា និងប៉ូលិសយុត្តិធម៌ ចាប់ខ្លួននៅថ្ងៃសុក្រ ទី១៧ មករា នេះដែរ គឺចាប់ខ្លួនភ្លាមៗក្រោយពីអ្នកស្រីចូលខ្លួនស្ដាប់ការប្រកាសសាលក្រមជាមួយនឹងស្វាមីរបស់អ្នកស្រី។
អ្នកស្រី Bushra Bibi មានតួនាទីជាទីប្រឹក្សារបស់លោក អ៊ីមរ៉ាន់ ខាន់។ នេះបើតាមអ្នកនាំពាក្យសម្រាប់បក្ស Pakistan Tehreek e Insaf របស់លោក អ៊ីមរ៉ាន់ ខាន់។
ពេលនៅក្រៅឃុំ អ្នកស្រី Bushra Bibi បានដឹកនាំបាតុកម្មជាមួយសកម្មជនបក្ស Pakistan Tehreek e Insaf។ បាតុកម្មរបស់បក្សនេះមានគោលដៅប្រឆាំងការកាត់ទោសលោក អ៊ីមរ៉ាន់ ខាន់។
សាលក្រម និងការចាប់ខ្លួនភរិយារបស់លោក អ៊ីមរ៉ាន់ ខាន់ ចំពេលដំណាលគ្នានេះត្រូវបានអ្នកឃ្លាំមើលថាជាការដាក់សម្ពាធពីសំណាក់ក្រុមយោធាដែលបង្ខំអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន មានទំនោរខ្លាំងទៅរកចិន អស់ផ្លូវបន្តធ្វើនយោបាយឡើងវិញ ខណៈលោកមានវ័យ ៧២ឆ្នាំហើយនេះ។ តែបែបនេះក្ដី លោក អ៊ីមរ៉ាន់ ខាន់ នៅតែប្រកាន់ជំហរមិនស្វែងរកការសម្រាលទោសតាមរយៈការព្រមព្រៀងណាមួយឡើយ។
លោក អ៊ីមរ៉ាន់ ខាន់ បានថ្លែងចេញពីខាងមុខពន្ធនាគារ Adiala មកថា លោកមិនដែលកេងបន្លំលុយជាតិម្ដងណាទេ។ លោកមិនទទួលយកការសម្រុះសម្រួលណាមួយឡើយ។ លោកសច្ចាតស៊ូរឿងក្ដីរបស់លោករហូតដល់ចុងក្រោយនៃជីវិតរបស់លោក។
លោក អ៊ីមរ៉ាន់ ខាន់ បានបញ្ជាក់ដូចនេះតាមបណ្ដាញសង្គមដែលលោកអះអាងថាមានក្រុមមួយបានមកស្នើសុំចរចាដោះស្រាយរឿងក្ដីរបស់លោកនៅតុលាការ តែខណៈនេះលោកបានហៅសាលក្រមរបស់តុលាការជាការវាយសំពងលើរូបលោក និងភរិយារបស់លោកយ៉ាងខ្លាំង។
ក្នុងសំណុំរឿង ២០០ នេះ មានបទចោទមួយដ៏ធ្ងន់ធ្ងរដែលបានចោទលោក អ៊ីមរ៉ាន់ ខាន់ ពីបទទម្លាយឯកសារសម្ងាត់រដ្ឋ ហើយអតីតរដ្ឋមន្ត្រីក្រសួងការបរទេសដែលជាមនុស្សសំខាន់ទីពីររបស់លោក ក៏រងការចោទប្រកាន់ក្នុងសំណុំរឿងដូចនេះដែរ។
សំណុំរឿងនេះមានជាប់ពាក់ព័ន្ធនឹងមន្ត្រីទូតប៉ាគីស្ថានប្រចាំនៅសហរដ្ឋអាមេរិក ដែលលោក អ៊ីមរ៉ាន់ ខាន់ ចាត់ទុកជាផែនការរបស់ក្រុមយោធាប៉ាគីស្ថាន ដើម្បីប្រឆាំងនឹងរូបលោកដែលសហរដ្ឋអាមេរិកនៅពីក្រោយ តែត្រូវរដ្ឋការលោក បៃដិន ច្រានចោល។
ក្នុងសំណុំរឿងនេះ អាចនាំឱ្យលោក អ៊ីមរ៉ាន់ ខាន់ ប្រឈមមុខនឹងការកាត់ទោសឱ្យជាប់ពន្ធនាគារ ១៤ឆ្នាំថែមទៀត ហើយបើពុំនោះទេអាចមានទោសរហូតដល់ប្រហារជីវិត។
លោក អ៊ីមរ៉ាន់ ខាន់ ជាអ្នកនយោបាយកើតចេញពីភាពល្បីល្បាញរបស់លោក គឺលោកជាជើងឯកពិភពលោកនៃកីឡា Criket។ លោក អ៊ីមរ៉ាន់ ខាន់ បានចូលប្រលូកនយោបាយដោយបង្កើតគណបក្ស Pakistan Tehreek-e-Insaf ក្នុងឆ្នាំ១៩៩៦។ លោកបានឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតសភាឆ្នាំ២០១៨ ដែលនាំឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីប៉ាគីស្ថាន។ លោក អ៊ីមរ៉ាន់ ខាន់ មានប្រជាប្រិយភាពយ៉ាងលើសលប់ក្នុងចំណោមប្រជាជនជាង ២៤០លាននាក់ តែលោកត្រូវបានទាញទម្លាក់ពីតំណែងនៅខែមេសា ឆ្នាំ២០២២ ដោយការបោះឆ្នោតទម្លាក់លោកពីសំណាក់សមាជិកសភា។
លោក អ៊ីមរ៉ាន់ ខាន់ ចេះតែមានរឿងអាស្រូវតាំងពីក្នុងឆ្នាំ២០២០។ នៅក្នុងឆ្នាំនោះហើយដែលប្រជាជនបះបោរប្រឆាំងរដ្ឋាភិបាលរបស់លោកដែលបានដំឡើងពន្ធគ្រប់សារពើពន្ធ ជាពិសេសការដំឡើងថ្លៃសេវាប្រើប្រាស់ភ្លើងអគ្គិសនី ដែលវារីអគ្គិសនីភាគច្រើនស្ថាបនាឡើងដោយខ្ចីបុលពីចិន ហើយខ្លះទៀតត្រូវចិន គ្រប់គ្រងប្រាក់ចំណូលទៀតផង។
មិនតែប៉ុណ្ណោះ លោក អ៊ីមរ៉ាន់ ខាន់ ត្រូវបានសមាជិកសភាមកពីបក្សប្រឆាំងចោទលោកថាបានខ្ចីបុលចិន ពាន់លានដុល្លារ ដោយការប្រើប្រាស់មិនមានតម្លាភាពជាមួយការព្រមព្រៀងទៅរកការស្ថាបនាមូលដ្ឋានទ័ពនាវាជើងទឹកសម្រាប់កងទ័ពចិន នៅឆ្នេរសមុទ្រប៉ាគីស្ថាន ទៀតផង។
តែអ្នកវិភាគនយោបាយមួយចំនួនចាត់ទុកសំណុំរឿងទាំង ២០០ករណីប្រឆាំងលោក អ៊ីមរ៉ាន់ ខាន់ ភាគច្រើនកើតចេញពីគំនុំនយោបាយ៕
© 2025, . All rights reserved.