អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត

ព័ត៌មានជាតិ

អគ្គស្នងការ​នគរបាល​ជាតិ​ហាម​ដាច់ខាត​ជ្រើស​ជនបរទេស​ឱ្យ​បម្រើ​ការងារ​ជា​ភ្នាក់ងារ​សន្តិសុខ​ឯកជន

By ឌឹ ខេមបូឌា ដេលី

January 18, 2025

អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ហាម​ដាច់ខាត​មិន​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ និង​សហគ្រាស​គ្រឹះស្ថាន​ជ្រើសរើស​ភ្នាក់ងារ​សន្តិសុខ​ឯកជន យក​ជនបរទេស​ឲ្យ​បម្រើ​ការងារ​ជា​ភ្នាក់ងារ​សន្តិសុខ​ឯកជន​នោះ​ឡើយ។

យោង​តាម​ការ​ចេញ​ផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់​ពី​ការ​លើកឡើង​របស់​លោក ស ថេត ថា​លោក​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្តិសុខ​ឯកជន និង​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់ ត្រូវ​រាយការណ៍​ជា​ប្រចាំ​ពី​ចំនួន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ដែល​បាន​ជ្រើសរើស ដើម្បី​បញ្ចូល​សាវតារ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​តាម​បច្ចេកវិទ្យា​ឌីជីថល។ រីឯ​ទីតាំង​ស្នាក់នៅ​បណ្ដោះអាសន្ន ឬ​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​របស់​ភ្នាក់ងារ​សន្តិសុខ​ឯកជន ក៏​ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​នៅ​មូលដ្ឋាន និង​ត្រូវ​បំពេញ​បែបបទ​រដ្ឋបាល​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ។

ប្រភព​ដដែល​អះអាង​ថា ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន និង​សហគ្រាស​គ្រឹះស្ថាន​នានា​ទាំងអស់ ហាម​ដាច់ខាត​ជ្រើសរើស​ជនបរទេស​ឲ្យ​បម្រើ​ការងារ​ជា​កម្លាំង​ភ្នាក់ងារ​សន្តិសុខ​ឯកជន។

អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជា​បន្ថែម​ថា ត្រូវ​ចាត់​បញ្ជូន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ឱ្យ​មក​ទទួល​ការ​បណ្តុះបណ្តាល​បំប៉ន​ជំនាញ​អំពី​តួនាទី ភារកិច្ច និង​មេរៀន​មូលដ្ឋានគ្រឹះ​ផ្សេងៗ​ឱ្យ​បាន​ត្រឹមត្រូវ មុន​ដាក់​ពង្រាយ​ឱ្យ​ឈរជើង​តាម​គោលដៅ​នីមួយៗ ហើយ​ត្រូវ​ម្ចាស់ការ​លើក​កម្ពស់​សមត្ថភាព វិជ្ជាជីវៈ វិន័យ សេចក្តី​ថ្លៃថ្នូរ ក្រមសីលធម៌ និង​អាកប្បកិរិយា​របស់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ឱ្យ​បាន​ជាប់​ជា​ប្រចាំ បូក​រួម​ទាំង​កាយសម្បទា​ផង​ដែរ។

លោក ស ថេត បាន​បន្ថែម​ទៀត​ថា ចៀសវាង​ដាច់ខាត​ការ​ប្រើប្រាស់​ឯកសណ្ឋាន ស្លាក​សញ្ញា​ស័ក្ដិ​ដូច ឬ​ស្រដៀង​ទៅ​កងកម្លាំង​មាន​សមត្ថកិច្ច និង​ស្ថាប័ន​រដ្ឋ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ មករា នេះ​ថា កម្ពុជា​មាន​កម្លាំង​ពលកម្ម​ច្រើន ដូច្នេះ​គ្មាន​ហេតុ​អ្វី​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ជ្រើសរើស​ជនបរទេស​មក​ធ្វើ​ការងារ​ជា​ភ្នាក់ងារ​សន្តិសុខ​នោះ​ទេ។

ប្រភព​ដដែល​អះអាង​ថា ច្បាប់​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​មក​ធ្វើការ​ដូច​ពលរដ្ឋ​ម្ចាស់​ផ្ទះ​នោះ​ទេ ហើយ​ជនបរទេស​ដែល​ចូល​មក​ធ្វើការ​នៅ​កម្ពុជា គឺ​សម្រាប់​តែ​បុគ្គលិក​បច្ចេកទេស​ប៉ុណ្ណោះ បើ​មិន​ដូច្នោះ​ទេ នឹង​ធ្វើ​ឲ្យ​បាត់បង់​ការងារ​ពលរដ្ឋ​នៅ​ក្នុង​ស្រុក។

កន្លង​មក​មាន​ម្ចាស់​សណ្ឋាគារ និង​កាស៊ីណូ​មួយ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ បាន​ជ្រើសរើស​ក្រុម​សន្តិសុខ​ជា​ជនបរទេស​ដោយ​គ្មាន​ច្បាប់​ទម្លាប់ ហើយ​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​កោះហៅ​ម្ចាស់​ទីតាំង​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ជាបន្ទាន់។

បច្ចុប្បន្ន កម្ពុជា​មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​សរុប​ចំនួន ៣៤៥៩៨​នាក់ ដែល​ត្រូវ​បាន​បែងចែក​ជា​ពីរ រួម​មាន៖ ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន​សរុប ចំនួន ៣២១​ក្រុមហ៊ុន ដែល​មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន​ជិត ២​ម៉ឺន​នាក់ (១៨៨០៦​នាក់) មាន​គោលដៅ​ចំនួន​ជាង ៣​ពាន់​គោលដៅ (៣៣១៧​គោលដៅ) និង​សហគ្រាស​គ្រឹះស្ថាន​ជ្រើសរើស​ភ្នាក់ងារ​សន្តិសុខ​ឯកជន​សរុប​ចំនួន​ជិត ២​ពាន់​សហគ្រាស​គ្រឹះស្ថាន (១៨៨៧) ដែល​មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់​នាក់ (១៥៧៩២​នាក់) មាន​គោលដៅ​ចំនួន​ជាង ២​ពាន់ (២០៦២) គោលដៅ៕

© 2025, . All rights reserved.