សមាជ​ពលរដ្ឋ​ស្ដីពី​កោះ​គុត ដែល​រៀបចំ​ដោយ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ទីក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ប្រារព្ធ​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ស្ដីពី​បញ្ហា​កោះ​គុត​នៅ​ថ្ងៃទី​១៩​មករា

By ឌឹ ខេមបូឌា ដេលី

January 19, 2025

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក សហការ​ជាមួយ​បក្ស​ប្រឆាំង កំណត់​យក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៥ ប្រារព្ធ​ពិធី​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ស្ដីពី​បញ្ហា​កោះ​គុត នៅ​រដ្ឋ​ម៉ាហ្សាឈូសិត ដើម្បី​ប្រមូល​កម្លាំង​អ្នក​ចូលរួម​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ។

គណៈកម្មាធិការ​សមាជ​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ថៃ បាន​រំលោភ​បំពាន​យក​មក​គ្រប់គ្រង​វិញ។

ក្រុម​នេះ​អះអាង​ថា ការ​ការពារ​កោះ​គុត គឺ​ដើម្បី​រក្សា​អធិបតេយ្យភាព​ជាតិ​របស់​កម្ពុជា ហើយ​ការ​ចូលរួម​សមាជ​នេះ គឺ​ក្នុង​បំណង​ប្រមូល​កម្លាំង​អ្នកគាំទ្រ​ឱ្យ​ជួយ​តវ៉ា​ទៅ​កាន់​របប​ក្រុង​ភ្នំពេញ ដើម្បី​ឱ្យ​លើក​យក​ករណី​កោះ​គុត​នេះ​ទៅ​តាំង​ជាមួយ​ថៃ នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មករា នេះ​ថា លោក ហ៊ុន ម៉ាណែត ត្រូវតែ​បញ្ជាក់​ថា មួយ​ផ្នែក​នៃ​កោះ​គុត គឺជា​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​ត្រូវតែ​ប្តឹង​ករណី​កោះ​គុត​នេះ​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ការពារ​កោះ​គុត​របស់​ខ្មែរ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក ចូលរួម​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ស្ដីពី​កោះ​គុត​នេះ​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ។

ឯកសារ​ប្រវត្តិសាស្ត្រ​ជាច្រើន​បង្ហាញ​ថា រដ្ឋាភិបាល​ខ្មែរ​ជំនាន់​មុនៗ​បាន​ចេញ​ក្រឹត្យ​ទាមទារ​កោះ​គុត​ពី​ប្រទេស​ថៃ ជាបន្តបន្ទាប់ ដូចជា ផែនទី​ឧបសម្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ (សម័យ​បារាំង) ផែនទី​សម័យ​សង្គម​រាស្ត្រ​និយម​ឆ្នាំ​១៩៧០ (សម័យ​សម្តេច សីហនុ) ផែនទី​សម័យ លន់ នល់ ឆ្នាំ​១៩៧២ ផែនទី​សម័យ​ខ្មែរក្រហម​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ និង​ផែនទី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​សម័យ​លោក ហេង សំរិន ឆ្នាំ​១៩៨២ ផង​ដែរ៕

© 2025, . All rights reserved.