នាយករដ្ឋមន្ត្រីតត្រកូល លោក ហ៊ុន ម៉ាណែត អះអាងថា ការបញ្ជូនឃាតករដែលបានសម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងទៅឱ្យប៉ូលិសថៃ ស៊ើបអង្កេត គឺដើម្បីបញ្ជាក់ពីភាពស្អាតស្អំនៃរាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា នេះ លោក ហ៊ុន ម៉ាណែត អះអាងថា បើរដ្ឋាភិបាលអ្នកចាត់ចែងអ្នកនៅពីក្រោយនៃការសម្លាប់លោក លិម គិមយ៉ា តើចាំបាច់ចាប់ឃាតករបញ្ជូនទៅឱ្យថៃ ស៊ើបធ្វើអី។
លោក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា បើរដ្ឋាភិបាលជាអ្នកធ្វើ ត្រឹមតែអ្នកបាញ់មួយ ជនដៃដល់មួយបាញ់នៅថៃ រួចរត់ចូលដីខ្មែរ តើរដ្ឋាភិបាលគ្មានលទ្ធភាពលាក់បំបាំងម្នាក់ហ្នឹងឬទេ? រដ្ឋាភិបាលមានលទ្ធភាពគ្រប់បែបយ៉ាង ប៉ុន្តែសួរថាហេតុអីបានជាចូលភ្លាម កម្លាំងសមត្ថកិច្ចចាប់ជនដៃដល់នោះភ្លាម ហើយបញ្ជូនទៅថៃ តាមការស្នើសុំរបស់គេដើម្បីស៊ើបអង្កេតបន្ត។
ប្រភពដដែលអះអាងថា ការបញ្ជូនទៅថៃ តាមការស្នើសុំរបស់គេ ព្រោះលោកចង់ដឹងថាតើរឿងនេះវាយ៉ាងម៉េច ព្រោះរដ្ឋាភិបាលត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌រួចទៅហើយ មិនទាន់ទាំងមានសួរ មិនទាន់ទាំងរកឃើញមុខសញ្ញាឃាតករផង។
លោក ហ៊ុន ម៉ាណែត ក៏បានប្រកាសថ្កោលទោសចំពោះជនដៃដល់ និងផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារសពផងដែរ។ លោកក៏ទទូចឱ្យអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស កុំយកសពលោក លិម គិមយ៉ា មកធ្វើអាជីវកម្មនយោបាយដូចដែលធ្លាប់ធ្វើលើសពជនរងគ្រោះផ្សេងទៀត។
ជនជាតិថៃ ដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ។ ក្រោយកើតហេតុ ជនសង្ស័យត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រោយរត់គេចចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមខេត្តថៃ ស្រះកែវ ឬសាកែវ។
តាមអ្នកវិភាគព័ត៌មានមួយចំនួន បើអាជ្ញាធរថៃ បណ្តោយឲ្យអាជ្ញាធរខ្មែរឃុំទុក អេកាឡាក់ ភាណយ នៅប្រទេសកម្ពុជា បុរសដៃដល់នេះអាចនឹងត្រូវសម្លាប់ចោលបំបិទមាត់សាក្សី។ មួយវិញទៀត វាជាការឆ្លើយតបសមរម្យ ពីព្រោះគាត់ជាជនជាតិថៃ បានប្រព្រឹត្តឧក្រិដ្ឋកម្មក្នុងដីថៃ ទៅលើជនបរទេសជាសញ្ជាតិបារាំង។ បន្ថែមលើនេះទៀត លោក ហ៊ុន ម៉ាណែត ក៏គួរតែបំពេញបំណងតាមសំណូមពរថៃ បែបហ្នឹងដែរ ពីព្រោះលោកគិតអំពីផលប្រយោជន៍របស់លោកផ្ទាល់ និងមន្ត្រីរដ្ឋាភិបាលនៃបក្សប្រជាជនកម្ពុជា ដែលមានក្នុងស្រុកថៃ ដូចជា សណ្ឋាគារ អគារផ្ទះល្វែង និងអាជីវកម្មដទៃទៀតនៅក្រុងបាងកក ជំនួញឆ្លងដែន ពលករខ្មែរធ្វើចំណាកស្រុកកំពុងធ្វើការងារផ្តល់ចំណូលជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រឡប់ទៅប្រទេសកម្ពុជាវិញក្នុងមួយឆ្នាំៗ។ ទាំងអស់នេះគេចាត់ទុកជានយោបាយចំណេញ-ចំណេញ ឬហៅថា ឈ្នះ-ឈ្នះ។
ជុំវិញបញ្ហានេះ សារព័ត៌មានថៃ ចុះផ្សាយនៅថ្ងៃទី២០ មករា នេះថា ឧត្ដមសេនីយ៍ប៉ូលិសផ្កាយ៤ និងជាអគ្គស្នងការនគរបាលជាតិថៃ បានស្នើរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ជូនជនសង្ស័យទាំងពីរនាក់ដែលពាក់ព័ន្ធក្នុងអំពើឃាតកម្មនេះ គឺលោក លី រតនៈរស្មី និងលោក ពេជ្រ គឹមស្រ៊ិន ដើម្បីកាត់ទោសតាមនីតិវិធីនៃតុលាការថៃ។
ប្រភពផ្ទៃក្នុងពីមន្ត្រីរដ្ឋាភិបាលកម្ពុជា ទម្លាយថា ឃាតកម្មលើតំណាងរាស្ត្របក្សប្រឆាំងលោក លិម គិមយ៉ា គឺជាថ្វីដៃរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលខ្មែរ ដូចជា លោក យឹម លាង លោក យឹម ល័ក្ខណ៍ លោក ឃ្លាំង ហួត និងលោក ជា សុផារ៉ា ដែលបានសហការជាមួយក្រុមប៉ូលិសងងឹតរបស់ថៃ។
សូមរង់ចាំស្តាប់សេចក្តីរាយការណ៍ពិពណ៌នាមួយនាពេលឆាប់ៗនេះ ដើម្បីពិចារណាអំពីរឿងហេតុឃាតកម្មកើតឡើងលើលោក លិម គិមយ៉ា ថាតើអាចទាក់ទងជាមួយអ្វីខ្លះ ហើយនិងនរណាខ្លះ ឬក៏ជារឿងគាប់ជួនចៃដន្យ៕
© 2025, . All rights reserved.