ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសន័រវែស ទទូចឱ្យសមត្ថកិច្ច និងរាជរដ្ឋាភិបាលកម្ពុជា បន្តស៊ើបអង្កេតឲ្យមានប្រសិទ្ធភាពលើសំណុំរឿងឃាតកម្មមេដឹកនាំសហជីពសេរីកម្មករ លោក ជា វិជ្ជា ដើម្បីវែកមុខឃាតករពិត និងអ្នកពាក់ព័ន្ធ យកមកផ្ដន្ទាទោសតាមច្បាប់។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃអង្គារ ទី២១ ខែមករា ថា ថ្ងៃនេះគឺជាខួបលើកទី២១ នៃការបាញ់សម្លាប់លោក ជា វិជ្ជា ហើយក៏ជារយៈពេល ២១ឆ្នាំដែរ ដែលឃាតករពិតនៅតែមិនទាន់ត្រូវបានវែកមុខយកមកផ្ដន្ទាទោសតាមច្បាប់។
លោក ម៉ែន ណាត លើកឡើងថា អ្នករួមគំនិតបញ្ជាឲ្យសម្លាប់លោក ជា វិជ្ជា គឺពាក់ព័ន្ធនឹងអតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃក្រសួងមហាផ្ទៃ ដែលជាសេណារីយូរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីកម្ពុជានៅពេលនោះ។
ប្រភពដដែលបញ្ជាក់ថា ក្រៅពីលោក ហុក ឡង់ឌី អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ ក៏ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះដែរ ព្រោះលោក ហេង ពៅ គឺជាអ្នកបើកផ្លូវឲ្យឃាតករធ្វើសកម្មភាពបាញ់ប្រហារលោក ជា វិជ្ជា នៅម្តុំតូបកាសែតជាប់របងខាងលិចវត្តលង្កា ក្បែរវិមានឯករាជ្យ ទីក្រុងភ្នំពេញ ជាទីតម្កល់ស្តូបអនុស្សាវរីយ៍លោក ជា វិជ្ជា សព្វថ្ងៃនេះ។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ដ៏ល្បីល្បាញ លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃនៅមុខតូបលក់កាសែតជាប់របងខាងលិចវត្តលង្កា ក្នុងរាជធានីភ្នំពេញ។
ជុំវិញបញ្ហានេះ គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២១ មករា នេះថា ឃាតករពិតប្រាកដ និងអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក ជា វិជ្ជា បានគេចផុតពីសំណាញ់ច្បាប់អស់រយៈពេល ២១ឆ្នាំមកហើយ។
ទាក់ទិននឹងបញ្ហានេះ គេសង្កេតឃើញថារដ្ឋាភិបាលកម្ពុជាមិនដែលខ្វាយខ្វល់ស្រាវជ្រាវស៊ើបអង្កេតសំណុំរឿងឃាតកម្មទាំងនេះទេ ដោយសារតែគេដឹងថាអំពើឃាតកម្មទាំងនោះជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារត្រកូលហ៊ុនរបស់លោក ហ៊ុន សែន៕
© 2025, . All rights reserved.