គ្រឿងញៀន​ប្រមាណ​ជាង ១​តោន ត្រូវ​បាន​គណ:កម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ព្រះវិហារ ដុត​បំផ្លាញ​ចោល​កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៤។

គ្រឿងញៀន

១១​ខែ​ក្នុង​ឆ្នាំ​២០២៤ អាជ្ញាធរ​តាម​ខេត្ត​ភាគ​ឦសាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជិត ២០០​ករណី

By ឌឹ ខេមបូឌា ដេលី

January 23, 2025

រាជរដ្ឋាភិបាល​អះអាង​ថា រយៈពេល ១១​ខែ​ក្នុង​ឆ្នាំ​២០២៤ អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ជិត ២០០​ករណី ឃាត់​ខ្លួន​ជនសង្ស័យ​ជិត ៤០០​នាក់ និង​រឹបអូស​គ្រឿងញៀន​បាន​ជាង ២​តោន។

អនុគណៈកម្មការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ភាគ​ឦសាន បង្ហាញ​សេចក្តី​រាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ មករា នេះ​ថា គិត​ចាប់តាំងពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤ មក អនុគណៈកម្មការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ភាគ​ឦសាន បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន ១៧១​ករណី ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ៣៧៥​នាក់ និង​ចាប់​យក​វត្ថុតាង​គ្រឿងញៀន​សរុប ២​តោន ៦៣២​គីឡូក្រាម និង ៩៦​ក្រាម។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​បង្ការ ទប់ស្កាត់ បង្ក្រាប​គ្រឿងញៀន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន និង​តាម​ច្រក​ទ្វារ​ព្រំដែន ឧត្ដមសេនីយ៍ ម៉ក់ ជីតូ បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍ និង​លទ្ធផល​ប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​២០២៤ នៅ​ថ្ងៃទី​២២ មករា នេះ ដោយ​ជំរុញ​ឱ្យ​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​រូប​នេះ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន បង្កើន​ការ​អប់រំ ណែនាំ​រំលឹក​ដាស់តឿន​ដល់​មន្ត្រី​អនុវត្ត​ច្បាប់ ឱ្យ​គោរព​បទបញ្ញត្តិ និង​គោលការណ៍​នានា​ពី​រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ដោយ​អនុវត្ត​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ដាច់ខាត​ចំពោះ​មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។

ទោះជា​មាន​កិច្ចប្រឹងប្រែង​ដូច្នេះ​យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ជនបទ​ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ ជាដើម បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចែកចាយ​គ្រឿងញៀន​នៅ​តាម​ភូមិ-ឃុំ​របស់​ពួកគាត់ គឺ​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​តែម្តង។

ប្រជាពលរដ្ឋ​ដដែល​នេះ​អះអាង​ថា អាជ្ញាធរ​ក៏​ធ្លាប់​បាន​ចាប់​ខ្លួន​អ្នក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​ភូមិ-ឃុំ​របស់​ពួកគេ​ដែរ ប៉ុន្តែ​អ្នក​ទាំងនោះ​នៅតែ​ត្រូវ​បាន​ដោះលែង​មក​វិញ​បន្ទាប់ពី​ពួកគេ​បង់​លុយ​ទៅ​ឱ្យ​សមត្ថកិច្ច ហើយ​ករណី​ដដែល​នេះ​ក៏​ចេះ​តែ​បន្ត​កើតមាន​រហូត​មក គឺ​មាន​ន័យ​ថា រាល់​ការ​ចាប់​ខ្លួន​តែងតែ​ត្រូវ​បាន​ដោះលែង​នៅ​ពេល​ដែល​ជនល្មើស​បាន​បង់​លុយ​ទៅ​ឱ្យ​អាជ្ញាធរ។

កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​គណៈ​បញ្ជាការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ និង​អនុគណៈកម្មការ​បង្ការ ទប់ស្កាត់ បង្ក្រាប​គ្រឿងញៀន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន និង​តាម​ច្រក​ទ្វារ​ព្រំដែន​ផង​ដែរ បន្ទាប់ពី​រក​ឃើញ​ថា​ប្រទេស​កម្ពុជា​កំពុង​ត្រូវ​បាន​ជន​ទុច្ចរិត​ប្រើ​ជា​ទីតាំង​ផលិត និង​ចែកចាយ​គ្រឿងញៀន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ អ្នកស្រី ហ៊ុន ស៊ីណាត បាន​ទម្លាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ជនល្មើស​ដែល​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន គឺជា​អ្នក​រក​លុយ​ឱ្យ​មន្ត្រី​បង្ក្រាប​គ្រឿងញៀន​តែប៉ុណ្ណោះ៕

© 2025, . All rights reserved.