លោក វង្ស ពិសេន (រូប​ឆ្វេង) អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក្នុង​ជំនួប​នា​ស្ថានទូត​ចិន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៥។

នយោបាយ

ឯកអគ្គរដ្ឋទូត​ចិន​អះអាង​ថា ចិន​នឹង​បន្ត​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ

By ឌឹ ខេមបូឌា ដេលី

January 24, 2025

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនប៊ីន បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា ចិន​នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា​ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​កម្ពុជា និង​ចិន កាន់តែ​រឹងមាំ​ឡើង​មួយ​កម្រិត​ទៀត ពីព្រោះ​ប្រទេស​កម្ពុជា​ជា​មិត្ត​ល្អ និង​ពិតប្រាកដ​ដែល​តែង​រួម​សុខទុក្ខ​ជាមួយ​ចិន ក្នុង​រយៈពេល ៦៦​ឆ្នាំ​កន្លង​មក​នេះ។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី​២២ ខែ​មករា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​រវាង​លោក វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោក វ៉ាង វិនប៊ីន បាន​បញ្ជាក់​ជា​ថ្មី​ពី​ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិន។

លោក​ថា នៅ​ក្នុង​រយៈពេល ៦៦​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត តំណាង​កម្ពុជា និង​ភាគី​ចិន បាន​បញ្ជាក់​ជំហរ​ក្នុង​ការ​ជួយ​គាំទ្រ និង​ឧបត្ថម្ភ​គ្នា​ទៅវិញ​ទៅមក​នៅ​គ្រប់​កាលៈទេសៈ។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនប៊ីន បាន​បញ្ជាក់​ថា ចិន​នឹង​បន្ត​ជួយ​គាំទ្រ​កម្ពុជា​ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​កម្ពុជា និង​ចិន កាន់តែ​រឹងមាំ​ឡើង​មួយ​កម្រិត​ទៀត។ លោក​ថា កម្ពុជា​ជា​មិត្ត​ល្អ និង​ពិតប្រាកដ ដែល​តែង​រួម​សុខទុក្ខ​ជាមួយ​ប្រទេស​ចិន។ លោក​ថា ការ​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​នៅ​ក្នុង​ទំនាក់ទំនង​ការទូត​កម្ពុជា-ចិន នា​រយៈពេល ៦៦​ឆ្នាំ​កន្លង​មក​នេះ ជា​គំរូ​ល្អ​មួយ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ។

លោក វង្ស ពិសេន បាន​ប្រាប់​លោក វ៉ាង វិនប៊ីន វិញ​ថា កម្ពុជា​ពិត​ជា​អរគុណ​ចំពោះ​រដ្ឋាភិបាល​ចិន និង​កងទ័ព​រំដោះ​ប្រជាជន​ចិន ដែល​តែង​យកចិត្ត​ទុកដាក់​ស្វែងរក​សន្តិភាព និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ដល់​កម្ពុជា​នា​ពេល​កន្លង​មក។

លោក វង្ស ពិសេន អះអាង​ថា ការ​វិវត្ត​មិត្តភាព​កម្ពុជា-ចិន ទៅ​ជា​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​ពេលនេះ គឺ​ដើម្បី​រួម​ចំណែក​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ប្រកប​ដោយ​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់។

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា សព្វថ្ងៃ​នេះ ចិន​បាន​ក្លាយ​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់​កម្ពុជា​មិន​ថា​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឬ​នយោបាយ​នោះ​ទេ។ គម្រោង​អភិវឌ្ឍន៍​ធំៗ​ជាច្រើន​នៅ​កម្ពុជា សុទ្ធសឹងតែ​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន រាប់​ចាប់តាំងពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ព្រលាន​យន្តហោះ​អន្តរជាតិ កំពង់ផែ​អន្តរជាតិ និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត។

ទំនាក់ទំនង​ការទូត​រវាង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង ដោយ​បាន​ចាត់ទុក​គ្នា​ជា​មិត្ត​ដែកថែប​ថែមទៀត។

កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៤ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ចិន​បាន​ផ្តល់​នាវាចម្បាំង ២​គ្រឿង​ឲ្យ​កម្ពុជា​តាម​ការ​ស្នើសុំ​របស់​កម្ពុជា។

ក្រៅ​តែ​ពី​ជួយ​ធ្វើ​ទំនើបកម្ម​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ចិន​ក៏​បាន​ផ្តល់​ជំនួយ​ជាច្រើន​ឲ្យ​កម្ពុជា តាមរយៈ​គម្រោង​កិច្ចសហប្រតិបត្តិការ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ (BRI) ដើម្បី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស រួម​មាន​ស្ពាន ថ្នល់ និង​ព្រលាន​យន្តហោះ ជាដើម៕

© 2025, . All rights reserved.