ស្ថានភាព​ខ្យល់​ពុល​នៅ​ក្នុង​បរិយាកាស​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៤-២៥ ខែ​មករា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ណែនាំ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ដាក់​វិធានការ​បង្ការ​ហានិភ័យ​សុខភាព​ដល់​សិស្ស​ពី​ខ្យល់​ពុល​ក្នុង​បរិយាកាស

By ឌឹ ខេមបូឌា ដេលី

January 26, 2025

ក្រសួង​អប់រំ ណែនាំ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ផ្ទាល់ ពិនិត្យ តាមដាន ក៏ដូចជា​ដាក់​ចេញ​វិធានការ​នានា​ជាក់ស្តែង​ទៅ​តាម​តម្រូវការ ឬ​ក៏​ស្ថានភាព​ជាក់ស្តែង ដើម្បី​បង្ការ​ហានិភ័យ​សុខភាព​ដល់​សិស្សានុសិស្ស ពិសេស​កុមារ​តូច ប៉ុន្តែ​ក្រសួង​នៅ​មិន​ទាន់​ដាក់​ចេញ​នូវ​វិធានការ​បិទ​សាលារៀន​នៅឡើយ។

អ្នក​នាំពាក្យ​ក្រសួង​អប់រំ អ្នកស្រី ឃួន វិច្ឆិកា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រសួង​កំពុង​បន្ត​តាមដាន​នូវ​ស្ថានភាព​ជាក់ស្តែង​ទាក់ទង​នឹង​ស្ថានភាព​បរិយាកាស​នេះ។ ក្រសួង​អប់រំ យុវជន និង​កីឡា មិន​ទាន់​ដាក់​ចេញ​នូវ​វិធានការ​បិទ​សាលារៀន​នៅឡើយ បន្ទាប់ពី​ស្ថានភាព​ខ្យល់​ពុល​នៅ​ក្នុង​បរិយាកាស​បាន​ហក់​កើន​ដល់​កម្រិត​ខ្ពស់​គួរ​ឱ្យ​បារម្ភ។

អ្នកស្រី ឃួន វិច្ឆិកា បញ្ជាក់​ថា ក្រសួង​បាន​ណែនាំ​ឱ្យ​គ្រឹះស្ថាន​អប់រំ​ផ្ទាល់ ពិនិត្យ តាមដាន ក៏ដូចជា​ដាក់​ចេញ​វិធានការ​នានា​ជាក់ស្តែង​ទៅ​តាម​តម្រូវការ ឬ​ក៏​ស្ថានភាព​ជាក់ស្តែង ដើម្បី​បង្ការ​ហានិភ័យ​សុខភាព​ដល់​សិស្សានុសិស្ស ពិសេស​កុមារ​តូច។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ទៀត​ថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ត្រឡប់​ពី​គ្រឹះស្ថាន​អប់រំ​វិញ ទាក់ទង​នឹង​ស្ថានភាព​សន្ទស្សន៍​គុណភាព​ខ្យល់​នេះ ក្រសួង​នឹង​ដាក់​ចេញ​នូវ​វិធានការ​នានា​ឱ្យ​បាន​ទាន់​ពេល ដើម្បី​ធានា​សុវត្ថិភាព និង​សុខភាព​សិស្សានុសិស្ស។

យោង​តាម​សន្ទស្សន៍​គុណភាព​ខ្យល់ Air Quality Index (AQI⁺) នៅ​កម្ពុជា ឈាន​ដល់​កម្រិត​ក្រហម គឺ​ដោយសារ​មាន​ការ​កើន​ឡើង​កំហាប់​ភាគ​ល្អិត​និចល ដែល​មាន​វិជ្ឈមាឌ​តូច​ជាង ឬ​ស្មើ ២,៥​មីក្រូ​ម៉ែត្រ (PM2.5) នៅ​ក្នុង​បរិយាកាស។

សន្ទស្សន៍​គុណភាព​ខ្យល់ Air Quality Index (AQI⁺) ឱ្យ​ដឹង​ទៀត​ថា គិត​នៅ​ម៉ោង ១០ និង ២០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែ​មករា មាន​ក្រុង​ចំនួន ៤ នៅ​អាស៊ាន​មាន​គុណភាព​ខ្យល់​មិន​បរិសុទ្ធ ដូចជា ក្រុង​ហូជីមិញ (វៀតណាម) មាន​កម្រិត​បំពុល​ខ្ពស់​ខ្លាំង រាជធានី​ភ្នំពេញ (កម្ពុជា) ក្រុង​បាងកក (ថៃ) និង​ក្រុង​យ៉ាំងហ្គូន (មីយ៉ាន់ម៉ា) មាន​កម្រិត​បំពុល​ខ្ពស់។

កម្ពុជា​មាន​ខេត្ត​ចំនួន​៤ ស្ថិត​ក្នុង​សន្ទស្សន៍​គុណភាព​ខ្យល់​ពណ៌​ក្រហម រួម​មាន​ខេត្ត​បន្ទាយមានជ័យ កោះកុង សៀមរាប និង​រាជធានី​ភ្នំពេញ ខណៈ​ខេត្ត​ចំនួន ៣ ផ្សេង​ទៀត​រួម​មាន ខេត្ត​ព្រៃវែង ពោធិ៍សាត់ និង​ប៉ៃលិន ស្ថិត​នៅ​ក្នុង​សន្ទស្សន៍​ពណ៌​ទឹកក្រូច។

ក្នុង​ករណី​នេះ មនុស្ស​គ្រប់​គ្នា​គួរតែ​ជៀសវាង​សកម្មភាព​ខាង​ក្រៅ ជៀសវាង​តំបន់​ដែល​មាន​ការ​បំពុល​ខ្យល់​ខ្ពស់ ឬ​ប្រើប្រាស់​ឧបករណ៍​ការពារ​ផ្លូវដង្ហើម ប្រសិនបើ​ចាំបាច់។ ប្រសិនបើ​មាន​រោគសញ្ញា​សុខភាព​នោះ គួរតែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត៕

ស្ថានភាព​ខ្យល់​ពុល​នៅ​ក្នុង​បរិយាកាស​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៤-២៥ ខែ​មករា ឆ្នាំ​២០២៥។
ស្ថានភាព​ខ្យល់​ពុល​នៅ​ក្នុង​បរិយាកាស​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៤-២៥ ខែ​មករា ឆ្នាំ​២០២៥។

© 2025, . All rights reserved.