អ្នកវិភាគលើកឡើងថា ប្រវត្តិនៃការដឹកនាំស្ទើរតែពេញមួយជីវិតរបស់មេបក្សកាន់អំណាច លោក ហ៊ុន សែន គឺជាការដឹកនាំលក់ជាតិ ព្រោះប្រទេសកម្ពុជាទាំងមូលនឹងត្រូវបាត់បង់ទៅប្រទេសដទៃនៅថ្ងៃអនាគត ឱ្យតែពូជពង្សរបស់គាត់នៅបន្តកាន់អំណាច។
អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ មករា នេះថា ប្រវត្តិដឹកនាំរបស់លោក ហ៊ុន សែន មិនដែលការពារទឹកដីប្រទេសកម្ពុជា ឬស្វែងរកសន្តិភាព (ពិតប្រាកដ) ឱ្យពលរដ្ឋខ្មែរទេ គឺមានតែបំផ្លាញទឹកដីដ៏កម្សត់មួយនេះរហូតមក។
លោកថា ចាប់តាំងពីលោក ហ៊ុន សែន នៅជាមេបញ្ជាការយោធាខ្មែរក្រហមក្នុងសម័យ ប៉ុល ពត គាត់បានជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរក្នុងសម័យនោះយ៉ាងខ្លាំង រួមទាំងការស្លាប់ពលរដ្ឋខ្មែរជាង ២០ម៉ឺននាក់ក្នុងផែនការ «ក៥» រៀបចំតាក់តែងដោយជំនាញការតំណាងបក្សកុម្មុយនីស្តវៀតណាម ថែមទៀត។
លោកបន្តថា ចំណុចសំខាន់នៃការចាប់ផ្តើមបំផ្លាញប្រទេសខ្មែរលើកដំបូងក្នុងប្រវត្តិដឹកនាំរបស់លោក ហ៊ុន សែន គឺគាត់បានលួចរក្សាកងទ័ពវៀតណាម ដែលឈ្លានពានចូលទឹកដីកម្ពុជាជាង ២០ម៉ឺននាក់ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងការបង្ហូរជនជាតិវៀតណាម ឱ្យចូលទៅរស់នៅក្នុងទឹកដីខ្មែរជាង ៤ទសវត្សរ៍កន្លងមកនេះ។
លោក គឹម សុខ លើកឡើងថា ការបំផ្លាញជាតិខ្មែរក្នុងដំណាក់កាលទី២ គឺក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ហ៊ុន សែន បានចេញមុខសម្លាប់ពលរដ្ឋខ្មែរដោយផ្ទាល់ ដូចជាការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ និងការធ្វើរដ្ឋប្រហារបង្ហូរឈាមឆ្នាំ១៩៩៧ ជាដើម។
លោកថាការបំផ្លាញកិច្ចព្រមព្រៀងមួយនេះ មិនត្រឹមតែជាការបំផ្លាញសេចក្តីសុខ និងសិទ្ធិមូលដ្ឋានសម្រាប់ពលរដ្ឋខ្មែរ និងសន្តិភាពសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យពលរដ្ឋខ្មែរប្រឈមនឹងការបាត់ប្រទេសទាំងមូលថែមទៀតផង។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងថា ស្ទើរពេញមួយជីវិត លោកបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន អាយុជីវិត និងគ្រួសារ ដើម្បីស្វែងរកសុខសន្តិភាពសម្រាប់ប្រទេសជាតិដ៏កម្សត់មួយនេះ។
លោក ហ៊ុន សែន បញ្ជាក់ថា ដោយសារតែបែបនេះ លោកនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់បំផ្លាញសន្តិភាពដែលរកបានដោយលំបាកក្រោមតំណក់ឈាម និងទឹកភ្នែករបស់លោកឡើយ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា បើពិនិត្យលើការប្រើអំណាចក្នុងការសម្លាប់ពលរដ្ឋស្លូតត្រង់ និងចាប់មនុស្សគ្មានកំហុសដាក់គុក រួមទាំងការបំផ្លាញច្បាប់ជាតិ និងការរំលោភព្រះមហាក្សត្រកន្លងមក វាមិនបានឆ្លុះបញ្ចាំងពីការពិតនៃសម្ដីរបស់លោក ហ៊ុន សែន ដែលបានលើកឡើងនេះទេ។
គួរបញ្ជាក់អំពីសច្ចភាពក្នុងប្រវត្តិសាស្ត្រមួយជ្រុងទៀតផ្ទុយពីអ្វីលោក ហ៊ុន សែន បានអះអាងកន្លងមក ដែលសាក្សីទាំងអ្នកនៅរស់ ទាំងចាកឋានទៅ ធ្លាប់បាននិយាយអំពីហេតុការណ៍ពិតទាក់ទងនឹងលោក ហ៊ុន សែន ដូច្នេះ៖ «សមមិត្ត ហ៊ុន សែន ឈ្មោះដើម ហ៊ុន ណាល់ ឬ ហ៊ុន ប៊ុនណាល់ ជាអតីតភូឈួយសេនាធិការយោធាខ្មែរក្រហម ក្រោមបញ្ជាសមមិត្ត ហេង សំរិន ប្រធានគណៈកងពលលេខ៤ នៃរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមគណៈតំបន់បូព៌ា សមមិត្ត ស ភិម ប៉ុន្តែរំសាយទៅនៅតាមសហករណ៍តាមឃុំ ស្រុក ហៅថាសមរភូមិក្រោយ។ សមមិត្ត ហ៊ុន ណាល់ បានឡើងចាប់អារម្មណ៍ (រៀបការ) រួមគ្នាជាក្រុមប្រមាណ ២០គូជាមួយអ្នកស្រី ប៊ុន រ៉ានី ឈ្មោះដើម ប៊ុន សាមហ៊ាង ក្នុងអំឡុងឆ្នាំ១៩៧៧ មុនបែកគ្នាដោយសារក្រុម ប៉ុល ពត អនុវត្តវិធានការ ឬទិសអង្គការ ដើម្បីបន្សុទ្ធសមាជិកបក្ស និងកម្ចាត់អ្វីគេហៅថាកម្មាភិបាលក្បាលយួន ខ្លួនខ្មែរ។ ពេលរត់គេចខ្លួនទៅតាមមេសមមិត្ត ហេង សំរិន រដ្ឋអំណាចយៀកណាម បានប្រមូលកម្មាភិបាលយោធាខ្មែរក្រហម មានទាំងសមមិត្ត ហ៊ុន ណាល់ ឬ ហ៊ុន សែន សមមិត្ត យស ប៉ោ ជាដើម។ល។ ដាក់នៅកន្លែងឃុំគ្រងមួយ។ មុនសមមិត្ត ស ភិម ធ្វើអត្តឃាតខណៈប៉ុនប៉ងនាំគ្រួសាររត់ទៅប្រទេសយៀកណាម តាមក្រោយ គណៈតំបន់ ឬលេខាបក្សតំបន់បូព៌ារូបនេះបានបង្កើតអង្គការក្រុមប្រឆាំងមួយឲ្យឈ្មោះថា កងកម្លាំងបដិវត្តន៍កម្ពុជាបរិសុទ្ធិ នៅខែវិច្ឆិកា ហើយនៅថ្ងៃទី១៦ ខែធ្នូ កងទ័ពប្រជាជនយៀកណាម បញ្ជូនកម្លាំង៦ កងពលធំ មានទាហាន ៦ម៉ឺននាក់ វាយលុកចូលតាមខេត្តតាកែវ កំពត ព្រៃវែង និងស្វាយរៀង។ ជំនាញការយៀកណាម ដាក់រហស្សនាមឲ្យសមមិត្ត ហ៊ុន សែន ថា ម៉ៃ ហ៊្វុក (Mai Phúc) ដែលប្រែថា សុភមង្គលជានិច្ចនិរន្តរ៍។ នេះក៏ជាបុព្វហេតុមួយដែលលោក ហ៊ុន សែន ត្រូវតែប្រឹងការពារកេរ្តិ៍ដំណែលនេះដូចលោកបានថ្លែងជាញឹកញាប់ ដើម្បីវង្សត្រកូលលោកទោះជាត្រូវសម្លាប់ខ្មែរមួយនគរ ក៏លោកត្រូវតែធ្វើពលិកម្មបូជាជីវិតមនុស្សដទៃក្រៅពីក្រុមគ្រួសារលោកដែរ។»៕
© 2025, . All rights reserved.