លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួម​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​ភូមិ​ប៊ុនរ៉ានី​សែនជ័យ​ដំណាក់ទ្រយឹង ឃុំ​ព្រងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥។

កសិកម្ម

លោក សម រង្ស៊ី ថា​នយោបាយ​កសិកម្ម​គ្រួសារ​ត្រកូល​ហ៊ុន មិន​ស្មើ​នឹង​គំនិត​កសិករ​សាមញ្ញ​ម្នាក់​ផង

By ឌឹ ខេមបូឌា ដេលី

January 28, 2025

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា របប​ត្រកូល​ហ៊ុន​កំពុង​រៀបចំ​នយោបាយ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ដើម្បី​បម្រើ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​ខ្លួនឯង ជាជាង​ការ​រៀបចំ​នយោបាយ​កសិកម្ម​តាម​របៀប​ប្រជាធិបតេយ្យ​ប្រកប​ដោយ​តម្លាភាព។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មករា នេះ​ថា លោក​សូម​រៀបរាប់​អំពី​វិធានការ​ជាក់ស្តែង​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​ប្រទេស​ជិតខាង​ដូចជា​ប្រទេស​ថៃ វៀតណាម និង​ឥណ្ឌូនេស៊ី ជាដើម ដែល​បាន​អនុវត្ត​ដើម្បី​ធានា​តម្លៃ​កសិផល​សមរម្យ​ក្នុង​គោលបំណង​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រជាកសិករ​ក្នុង​ប្រទេស​របស់​គេ។

លោក សម រង្ស៊ី លើកឡើង​ថា ត្រូវ​មាន​ការ​កំណត់​ថ្លៃ​ស្រូវ​ជា​អប្បបរមា ឬ​ទាប​បំផុត ដោយ​មាន​អន្តរាគមន៍​ផ្ទាល់​ពី​រដ្ឋអំណាច ពេល​ណា​តម្លៃ​ស្រូវ​លើ​ទីផ្សារ​ធ្លាក់​ចុះ ក្រោម​កម្រិត​អប្បបរមា​នេះ​ដូចជា​នៅ​ប្រទេស​ថៃ ជាដើម។ លើស​ពី​នេះ ត្រូវ​មាន​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ផ្ទាល់​ពី​រដ្ឋអំណាច​ប្រគល់​ដល់​ដៃ​គ្រួសារ​ប្រជាកសិករ​នីមួយៗ ដោយ​មិន​ឆ្លងកាត់​តាម​ឈ្មួញ ឬ​ភ្នាក់ងារ​កណ្តាល​ណា​មួយ​ឡើយ។

លោក​បន្ត​ថា ការ​សាងសង់​ឃ្លាំង​ដើម្បី​ប្រមូលផ្ដុំ​ផល​កសិកម្ម ព្រមទាំង​ការ​កសាង​ផ្លូវថ្នល់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ក្នុង​ការ​សម្រួល​នូវ​ការ​ដឹកជញ្ជូន​ផល​កសិកម្ម និង​ស្តុក​ទុក​ផល​ទាំងនោះ ដើម្បី​រង់ចាំ​លក់​ទៅ​ក្រៅ​ប្រទេស ក៏​ត្រូវ​តែ​ធ្វើ​ដែរ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ការ​ជួយ​ទ្រទ្រង់​កសិករ​ឲ្យ​មាន​លទ្ធភាព​ទិញ​ជី​កសិកម្ម ថ្នាំ​សម្លាប់​សត្វល្អិត និង​ប្រេងសាំង​ក្នុង​តម្លៃ​ទាប​បំផុត ក៏​ជា​វិធានការ​ដែល​រដ្ឋអំណាច​ត្រូវ​ដាក់​បញ្ចូល​ដែរ។ ចំណែកឯ​ការ​ជួយ​រៀបចំ​កិច្ចសន្យា​ពាណិជ្ជកម្ម​ផ្ទាល់​រវាង​សហករណ៍​កសិករ​ជាមួយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឯកជន ក្នុង​គោលបំណង​បង្កើន​ទីផ្សារ​សម្រាប់​ផល​កសិកម្ម ដូចជា​នៅ​ប្រទេស​វៀតណាម រដ្ឋអំណាច​ត្រូវតែ​រៀបចំ​ឱ្យ​មាន ដោយ​មិន​អាច​ខ្វះ​បាន​ឡើយ។ លើស​ពី​នេះ ការ​រៀបចំ​សហករណ៍​កសិករ​គ្រប់គ្រង​តាម​របៀប​ប្រជាធិបតេយ្យ ដើម្បី​ធានា​ឲ្យ​កសិករ​គ្រប់​រូប​ចូលរួម​ក្នុង​ការ​ធ្វើ​រាល់​សេចក្តី​សម្រេច​ពាក់ព័ន្ធ​ដល់​ជីវភាព​រស់នៅ​របស់​កសិករ ក៏​រឹតតែ​ត្រូវ​ចងក្រង​ឱ្យ​មាន​ជា​ចាំបាច់​ថែម​ទៀត។

លោក សម រង្ស៊ី បញ្ជាក់​ថា ការ​លើកឡើង​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត អំពី​តម្លៃ​ស្រូវ និង​នយោបាយ​កសិកម្ម​កាលពី​ពេល​ថ្មីៗ​នេះ មិន​ស្មើ​នឹង​កសិករ​ដែល​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់​ផង។

លោក​គូស​បញ្ជាក់​ថា ការ​និយាយ​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ ក៏​ដោយសារតែ​កូនប្រុស​លោក សុខ អាន គឺ​លោក សុខ ពុទ្ធិវុធ ដែល​ត្រូវ​ជា​កូនប្រសា​របស់​លោក ហ៊ុន សែន និង​ជា​ប្អូនថ្លៃ​លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដើម្បី​កៀរគរ​ស្វែងរក​តែ​ផល​ប្រយោជន៍​ឱ្យ​បក្ខពួក និង​ក្រុម​គ្រួសារ​របស់​ពួកគេ​សព្វថ្ងៃ​នេះ៕

© 2025, . All rights reserved.