ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ គេសង្កេតឃើញដំណើរការរៀបចំការបោះឆ្នោតដែលស្ថិតនៅក្រោមការដឹកនាំនៃប្រព័ន្ធអំណាចផ្ដាច់ការ បេក្ខជនបក្សប្រឆាំង ឬបក្សប្រឆាំងដែលមានថាមពលខ្លាំងជាងបក្សកាន់អំណាច គ្មានឱកាសកាន់អំណាចបានឡើយ។
ប្រទេសផ្ដាច់ការធំៗជាច្រើនមានដូចជា ប្រទេសរុស្ស៊ី ប្រទេសបេឡារូស ប្រទេសកម្ពុជា ប្រទេសវេណេហ្ស៊ុយអេឡា ប្រទេសមួយចំនួននៅអាហ្វ្រិក ទោះជាគូប្រជែងជាបក្សប្រឆាំងមានថាមពល មានការគាំទ្រធំធេងយ៉ាងណា ក៏មិនអាចយកអំណាចបានឡើយ។
ប្រទេសផ្ដាច់ការដ៏ខ្លាំងមួយនៅអឺរ៉ុបខាងកើត គឺប្រទេសបេឡារូស កាលពីថ្ងៃអាទិត្យ ទី២៦ មករា បានបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីទៀត ទោះជាប្រជាជនលែងគាំទ្រទៅហើយក្តី ក៏ជនផ្ដាច់ការ Alexander Lukashenko នៅតែឈ្នះឆ្នោត។ ជ័យជម្នះលោក Lukashenko កើតចេញពីលទ្ធផលបោះឆ្នោតដែលគូប្រកួតមានថាមពលខ្លាំង ត្រូវបានរដ្ឋអំណាចនៃជនផ្ដាច់ការនេះចាប់ខ្លួនដាក់ពន្ធនាគារ ឬត្រូវបង្ខំឱ្យភៀសខ្លួនចេញក្រៅប្រទេស។
បុរសខ្លាំងអាយ៉ងជនផ្ដាច់ការនៅក្រុងមូស្គូ រូបនេះ បានកាន់អំណាចតាំងពីឆ្នាំ១៩៩៤។ លទ្ធផលនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ បង្ហាញថា ជនផ្ដាច់ការ Lukashenko បានឈ្នះឆ្នោតសឹងតែទាំងស្រុង ១០០%។
ក្រុមអ្នកនយោបាយអឺរ៉ុប បាននិយាយថា ការបោះឆ្នោតប្រធានាធិបតីបេឡារូស មិនបានប្រព្រឹត្តទៅដោយសេរី ឬមានតម្លាភាពនោះឡើយ ក្រោមហេតុផលថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានហាមឃាត់នៅក្នុងប្រទេសនេះ ហើយបុគ្គលមាននិន្នាការប្រឆាំងដែលលេចធ្លោទាំងអស់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ឬត្រូវបង្ខំឱ្យភៀសខ្លួនចេញក្រៅប្រទេស។ ជាមួយគ្នានេះ ស្ថាប័នជាតិបោះឆ្នោត គឺជារដ្ឋអំណាចប្រថាប់ត្រាជ័យជម្នះឲ្យលោក Lukashenko។ ស្ថាប័ននេះគឺជាឧបករណ៍នយោបាយរបស់លោក Lukashenko។
លោក Lukashenko បានប្រកាសខ្លួនឯងជាអ្នកឈ្នះឆ្នោត ហើយប្រកាសបន្តកាន់អំណាចប្រធានាធិបតីមួយអាណត្តិទៀតដែលមានរយៈកាល ៥ឆ្នាំ។ ចាប់តាំងពីឆ្នាំ២០០១ មក ជនផ្ដាច់ការ Lukashenko បានបង្ខំឱ្យសមាជិកសភាកែប្រែស្មារតីរដ្ឋធម្មនុញ្ញដោយបើកផ្លូវឱ្យប្រធានាធិបតីអាចបន្តកាន់អំណាចអស់មួយជីវិត ឱ្យតែបុរសនោះអាចឈ្នះការបោះឆ្នោត។
ក្នុងអាយុ ៧០ឆ្នាំ លោក Lukashenko បានកាន់អំណាច ៦អាណត្តិមកហើយ។ នៅក្នុងការបោះឆ្នោតអាណត្តិទី៧ នេះ លោក Lukashenko បានចាត់ចែងឱ្យមានបេក្ខជន ៤រូបចូលខ្លួនមកប្រកួតនឹងលោក ដែលពួកគេម្នាក់ៗបានសន្លឹកឆ្នោតគាំទ្រមិនដល់ ២ភាគរយនោះទេ។
នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២០ អ្នកស្រី Svetlana Tikhanovskaya ជាបេក្ខជនជំនួសស្វាមីដែលរដ្ឋអំណាច Lukashenko បានចាប់ដាក់គុក។ អ្នកស្រី Tikhanovskaya គឺជាបេក្ខជនមានថាមពលខ្លាំងបំផុតដែលប្រជាជនបេឡារូសសន្ធឹកសន្ធាប់ សង្ឃឹមថានឹងឈ្នះឆ្នោត ប៉ុន្តែបែរជាចាញ់ឆ្នោតទៅវិញ។
ការបោះឆ្នោតនាឆ្នាំ២០២០ ប្រទេសបេឡារូស បានបើកចំហសេរីភាពនយោបាយ ដើម្បីជាថ្នូរបញ្ចៀសទណ្ឌកម្មពីសហភាពអឺរ៉ុប តែដល់ជិតដល់ថ្ងៃបោះឆ្នោត ឃើញថាសន្ទុះគាំទ្រអ្នកស្រី Tikhanovskaya កើន លោក Lukashenko បានបញ្ចេញរថពាសដែកពង្រាយកងទ័ព កងសន្តិសុខក្រោមលេសថាការពារសន្តិសុខសម្រាប់ថ្ងៃបោះឆ្នោត។ តាមពិត លោក Lukashenko បានបញ្ជាឱ្យកងទ័ពឡោមព័ទ្ធស្ថាប័នបោះឆ្នោត ហើយបង្ខំឱ្យប្រកាសជ័យជម្នះថាបានទៅលើលោក Lukashenko ដោយឈ្នះអ្នកស្រី Tikhanovskaya។
ប្រជាជនគាំទ្រអ្នកស្រី Tikhanovskaya ផ្ទុះកំហឹងធ្វើបាតុកម្មទូទាំងប្រទេសប្រឆាំងលោក Lukashenko តែត្រូវបានវាយបង្ក្រាប និងចាប់ខ្លួនជាច្រើនពាន់នាក់ ចំណែកអ្នកស្រី Tikhanovskaya ត្រូវបានសភាអឺរ៉ុបលើកទឹកចិត្តឱ្យអ្នកស្រីរត់ចេញពីប្រទេស ខណៈស្វាមីអ្នកស្រី គឺលោក Sergei Tikhanovsky ត្រូវបានតុលាការនៃរដ្ឋអំណាចជនផ្ដាច់ការ Lukashenko កាត់ទោសឲ្យជាប់គុក ១៨ឆ្នាំ ពីបទញុះញង់ និងបង្កការបះបោរ។
អ្នកស្រី Tikhanovskaya បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ប្រជាជនបេឡារូស កំពុងតែរង់ចាំពេលវេលាមកដល់តែប៉ុណ្ណោះដើម្បីទាញទម្លាក់លោក Lukashenko ពីអំណាច គឺទាញទម្លាក់ដូចប្រជាជនអាល្លឺម៉ង់ខាងកើត វាយផ្ដួលរំលំមហាកំពែងប៊ែរឡាំង កាលពីចុងទសវត្ស១៩៨០។
ក្នុងស្ថានភាពពិភពលោកដូចសព្វថ្ងៃនេះ ការតស៊ូត្រឹមតែការបញ្ចេញមតិ ហើយគ្មានកម្រើកចលនាបះបោរ គឺមិនអាចផ្ដួលរបបផ្ដាច់ការផ្ដាច់មុខបានឡើយ។ ការផ្ដួលមេដឹកនាំផ្ដាច់ការនៅបង់ក្លាដេស កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃពិភពលោក ដែលបានបិទបញ្ចប់អំណាចផ្ដាច់ការរបស់ស្ត្រីជើងខ្លាំងម្នាក់ជានាយករដ្ឋមន្ត្រីនៅប្រទេសអាស៊ីខាងត្បូងមួយនេះ គឺអ្នកស្រី សេក ហាសស៊ីណា។
បើគ្មានសកម្មភាពបះបោរពីប្រជាជន គឺប្រទេសបង់ក្លាដេស នៅតែបន្តដឹកនាំដោយស្ត្រីអាយុ ៧៦ឆ្នាំនេះអស់មួយជីវិត ហើយចង់មិនចង់ មេដឹកនាំផ្ដាច់ការរូបនេះអាចរកមធ្យោបាយផ្ទេរអំណាចទៅឱ្យកូនប្រុសកូនស្រីរបស់អ្នកស្រី ឱ្យឡើងជំនួសក៏ថាបាន ព្រោះមន្ត្រីក្នុងបក្សសម្ព័ន្ធអាវ៉ាមី របស់អ្នកស្រី សេក ហាសស៊ីណា បានចងសម្ព័ន្ធភាពគ្នាខាងអំណាច សម្ព័ន្ធភាពគ្រួសារ និងបក្ខពួកអស់ទៅហើយ។
ការបះបោរនៃចលនានិស្សិត និងប្រជាជនក្រីក្រនៅប្រទេសបង់ក្លាដេស ប្រើពេលវេលាប្រមាណជាងមួយខែ ទើបផ្ដួលអ្នកស្រី សេក ហាសស៊ីណា បាន។ នេះមកពីកម្លាំងស្រុះគ្នា សាមគ្គីភាពដ៏រឹងមាំ មិនប្រចាំគ្នា លះបង់អត្តទត្ថប្រយោជន៍ អាត្មាអញនិយម ដើម្បីប្រយោជន៍ជាតិដល់មនុស្សជំនាន់ក្រោយរហូតដល់កងទ័ពងាកទៅនៅខាងបាតុករវិញ៕
© 2025, . All rights reserved.