ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមអនុវត្តវិធានរឹតបន្តឹងការចំណាយជាជំនួយក្រៅប្រទេស ដោយព្យួរពេលវេលាបញ្ចេញថវិកាតាមការកំណត់រយៈពេល ៩០ថ្ងៃ តាមរយៈការចេញបញ្ជាខាងនីតិប្រតិបត្តិ ហៅថា Executive Order ដែលមានសិទ្ធិអនុវត្តក្នុងនាមជាប្រធានាធិបតី ដោយមិនបាច់មានការអនុម័តពីសភាទាំងពីរ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន រដ្ឋមន្ត្រីថ្មីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉កូ រូប៊ីយ៉ូ (Marco Rubio) បានផ្ញើទូរសារទៅគ្រប់ស្ថានបេសកកម្មទូតទូទាំងពិភពលោក តាមបញ្ជាប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីយកពេលពិនិត្យលក្ខខណ្ឌក្នុងជំនួយនីមួយៗមួយរយៈ។ ក្នុងនាមជារដ្ឋមន្ត្រីកិច្ចការបរទេស លោក រូប៊ីយ៉ូ មើលការខុសត្រូវលើភ្នាក់ងារសហរដ្ឋអាមេរិកផ្នែកអភិវឌ្ឍន៍អន្តរជាតិ (USAID)។
បញ្ជាព្យួរជំនួយនេះ មិនមែនសម្រាប់តែកិច្ចការក្រៅប្រទេសនោះទេ គឺសម្រាប់ស្ថាប័ននានាក្នុងសហរដ្ឋអាមេរិកទាំងមូលផងដែរ។
សារព័ត៌មាន ខេមបូចា (CamboJa) សរសេរនៅថ្ងៃអង្គារ ទី២៨ ខែមករា នេះថា ការព្យួរជំនួយពីរដ្ឋការក្រុងវ៉ាស៊ីនតុន ប៉ះពាល់ដំណើរការនៃក្រុមអង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជា ហើយអាចធ្វើឲ្យគម្រោងកិច្ចការមនុស្សធម៌មួយចំនួននៅទ្រឹងមិនចម្រើនទៅមុខ។
កាលពីខែតុលា ឆ្នាំ២០២៤ អភិបាលគ្រប់គ្រង USAID អ្នកស្រី Samantha Power បានសន្យាផ្តល់ជំនួយក្នុងទស្សនកិច្ចរបស់អ្នកស្រីដល់៖
- វិស័យថែទាំសុខភាពចំនួន ១៧លានដុល្លារ
- ២៧លានដុល្លារដល់វិស័យកសិកម្ម ដើម្បីធានាផលិតផលស្បៀងអាហារ
- ៦លានដុល្លារជួយដល់វិស័យសង្គមស៊ីវិល សារព័ត៌មាន និងគំនិតផ្ដួចផ្ដើមខាងពលកម្ម
- ៣លានដុល្លារជួយខាងការបង្កើតការងារដល់ជនពិការតាមរយៈក្រសួងការងារ។
គួរកត់សម្គាល់ថា៖ តាមការផ្សាយក្នុងព្រឹត្តិបត្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការចំណាយថវិការដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងពីរគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានផ្តល់ជំនួយដល់ប្រទេសកម្ពុជា ពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៤ មានចំនួនទឹកប្រាក់សរុបជិត ១០៦លានដុល្លារ ដែលបានបញ្ចេញឲ្យចំណាយរួចជាវគ្គៗ។
ទោះសហរដ្ឋអាមេរិកខំជួយប៉ុនណាក៏ដោយ ក៏រាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា មិនកែប្រែរបៀបដឹកនាំឡើយ ហើយថែមទាំងសម្ញែងឫកមិនពឹងជំនួយអាមេរិកាំងទៀតផង។ ជាមួយគ្នានេះ ប្រទេសជាតិក៏កាន់តែដើរថយក្រោយ រំលោភសិទ្ធិមនុស្ស រំលោភច្បាប់ បិទសេរីភាពពលរដ្ឋ បណ្តោយឲ្យមានអំពើពុករលួយ អំពើអយុត្តិធម៌ ឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត រត់ពន្ធមនុស្ស គ្រឿងញៀន លាងប្រាក់កខ្វក់។
អ្នកវិភាគខ្លះនិយាយថា ពេលណាអ្នកដឹកនាំឥតមារយាទបង់ម្សៀត ប្រជាជនរងគ្រោះ ដូច្នេះការព្យួរជំនួយ ទោះជាតិចតួចក្តី ក៏ជាការពញ្ញាក់ស្មារតីមនុស្សឲ្យពិចារណាឡើងវិញអំពីទង្វើរបស់ខ្លួនដែរ៕
© 2025, . All rights reserved.