រាជរដ្ឋាភិបាលកម្ពុជា សម្រេចចាប់ផ្តើមអនុវត្តកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដើម្បីដោះស្រាយបញ្ហាពលរដ្ឋគ្មានដីពិតប្រាកដ ដើម្បីទប់ស្កាត់ការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន ក៏ដូចជាលើកកម្ពស់ការចូលរួមពីពលរដ្ឋក្នុងកិច្ចការពារ អភិរក្សធនធានព្រៃឈើ ដោយចាប់ផ្តើមបើកឱកាសទទួលពាក្យស្នើសុំពីពលរដ្ឋចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមសេចក្ដីថ្លែងការណ៍ពិសេសនាយប់ថ្ងៃទី២៨ ខែមករា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តាមរយៈកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» រាជរដ្ឋាភិបាលនឹងអនុញ្ញាតឱ្យពលរដ្ឋដែលខ្វះខាត ឬពុំមានដីពិតប្រាកដ អាចដាក់ពាក្យស្នើសុំទៅកាន់គណៈកម្មការរៀបចំ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីនេះបានជោគជ័យ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ហៅកាត់ថា ផ.ក.អ. ដែលមានលេខាធិការដ្ឋានមួយជាសេនាធិការ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ចំពោះនីតិវិធី បែបបទ ទីកន្លែងដាក់ពាក្យស្នើសុំ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានដី លេខាធិការដ្ឋាននឹងចាប់ផ្តើមជូនដំណឹងជាបន្តបន្ទាប់ ហើយនឹងអាចទទួលពាក្យស្នើសុំពីប្រជាពលរដ្ឋចាប់ពីខែកុម្ភៈ តទៅ។
តាមរយៈការដាក់ចេញនូវកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នេះ លោក ហ៊ុន ម៉ាណែត សង្ឃឹមថាពលរដ្ឋនឹងចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីអនុវត្តកម្មវិធីនេះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ លោកថា កម្មវិធីនេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ ព្រោះថាបានផ្តល់ដីជូនពលរដ្ឋដែលខ្វះដីពិតប្រាកដផង និងឱ្យពលរដ្ឋមានលទ្ធភាពចូលរួមក្នុងការការពារដី និងព្រៃដែលខ្លួនរស់នៅផង។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច យល់ថារដ្ឋគួរមានច្បាប់កំណត់មិនឱ្យមានការលក់ដូរ ឬបញ្ចាំអ្វីទេ ព្រោះថាពលរដ្ឋក្រីក្រភាគច្រើនជួបវិបត្តិហិរញ្ញវត្ថុ ឬជាប់បំណុលវ័ណ្ឌក ជាដើម។ លោកថា ច្បាប់កំណត់នេះក៏គួរត្រូវចែងឱ្យបានច្បាស់អំពីការការពារ និងអភិរក្សព្រៃឈើ ព្រោះលោកបានកត់សម្គាល់ឃើញកន្លងមកថា ពលរដ្ឋអ្នកស្រុកមួយចំនួនជាអ្នកបំផ្លាញ និងទន្ទ្រានយកដីព្រៃ។
កម្មវិធីផ្តល់ដីសម្បទានសង្គមកិច្ចថ្មី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ត្រូវបានដាក់ចេញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ចេញព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។
ការដៅចំណុចរៀបចំនូវកម្មវិធីនេះ នឹងគិតអនុវត្តនៅតំបន់ទិសឦសាន និងតំបន់មួយចំនួនទៀតដែលមានការចាំបាច់នៅក្នុងការការពារធនធានធម្មជាតិ ក៏ដូចជាជំរុញការអភិវឌ្ឍប្រទេស។ រដ្ឋាភិបាលបានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និងបានទទួលស្គាល់លើដីកម្មសិទ្ធិឯកជននៅឆ្នាំ១៩៨៩។
សូមរំឭកថា៖ នៅឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មការចំពោះកិច្ចមួយឲ្យឈ្មោះថា «អង្គភាពយុវជនសម្តេចតេជោ» ដឹកនាំដោយកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ានី ឲ្យដើរវាស់ដី និងចេញបណ្ណកម្មសិទ្ធិចែកឲ្យប្រជាពលរដ្ឋឲ្យបានរស់នៅស្របច្បាប់ និងប្រកបអាជីវកម្មបង្កបង្កើនផលចិញ្ចឹមជីវិត។
ពីដំបូង មនុស្សម្នាខំត្រេកអរចំពោះគោលនយោបាយសម្បទានដីសង្គមកិច្ច ប៉ុន្តែហាមមិនឲ្យចូលវាស់ដីដែលរាជរដ្ឋាភិបាលបានធ្វើសម្បទានឲ្យក្រុមហ៊ុនឯកជន ហើយក្រុមហ៊ុនឯកជនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនេះឯងដែលទន្ទ្រានវាតទីយកដីគេធ្វើដីខ្លួនឯង ហើយកាប់បំផ្លាញព្រៃឈើខ្មែរពាយក្នុងខេត្តជាប់តំបន់ព្រៃឡង់៕
© 2025, . All rights reserved.