ព័ត៌មានជាតិ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ការ​នាំចេញ​សម្លៀកបំពាក់​នឹង​ជួប​ផល​អាក្រក់ បើ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

By ឌឹ ខេមបូឌា ដេលី

January 30, 2025

អង្គការ​ក្រៅ​រដ្ឋាភិបាល លើកឡើង​ថា កម្មករ​និយោជិត​ខាង​វិស័យ​វាយនភណ្ឌ​កាត់ដេរ នឹង​ជួប​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ប្រសិនបើ​ប្រទេស​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​សហរដ្ឋ​អាមេរិក និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន ផ្ញើ​លិខិត​មក​កាន់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មករា នេះ​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៤ លើ​ពិភពលោក​ជា​ប្រទេស​ដែល​នាំចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ Garments, Footwears and Travel goods ដែល​ហៅ​កាត់​ថា GFT និង​ជាប់​ចំណាត់ថ្នាក់​ទី​៣ នៅ​ក្នុង​តំបន់​សហគមន៍​អាស៊ាន បន្ទាប់ពី​ប្រទេស​វៀតណាម និង​ប្រទេស​ឥណ្ឌូនេស៊ី។

ប្រភព​ដដែល​លើកឡើង​ថា ទំហំ​នៃ​ការ​នាំចេញ​ក្នុង​វិស័យ​នេះ​បាន​កើន​ទ្បើង​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១១​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០២៣ និង​ប្រមាណ​ជាង ១៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៤ ដែល​តួលេខ​នេះ​ស្មើ​នឹង​ប្រមាណ​ជា ៥០% នៃ​ការ​នាំចេញ​សរុប​ពី​ប្រទេស​កម្ពុជា ហើយ​ដែល​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជិត ១​លាន​នាក់ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​សមាជិក​គ្រួសារ​កម្មករ​ក្នុង​វិស័យ​នេះ រួម​ទាំង​ប្រជាពលរដ្ឋ​ទូទៅ​ជិត ៣​លាន​នាក់​ផង​ដែរ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនេះ​បន្ត​ថា កត្តា​ប្រកួតប្រជែង​នៃ​ប្រទេស​កម្ពុជា គឺ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​សហរដ្ឋ​អាមេរិក និង EBA ពី​សហភាព​អឺរ៉ុប​ទាំងស្រុង។ ក្នុង​ន័យ​នេះ បើ​ប្រៀបធៀប​ការ​នាំចេញ​ទំនិញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ទីផ្សារ​ក្នុង​ប្រទេស​ចិន កូរ៉េ និង​ជប៉ុន ជាដើម គឺ​មិន​ទាន់​អាច​ជំនួស​ទីផ្សារ​នៅ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បាន​នៅឡើយ​ទេ។

បើ​និយាយ​ពី​ការ​ប្រកួតប្រជែង ក្រុម​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ផលិតភាព​នៃ​ប្រទេស​កម្ពុជា គឺ​មាន​កម្រិត​ទាប​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប​នឹង​ប្រទេស​មួយ​ចំនួន ដូចជា​ការ​ចំណាយ​លើ​ថ្លៃដើម តម្លៃ​ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ដឹកជញ្ជូន បូក​រួម​ទាំង​ពិន្ទុ​អំពើពុករលួយ ការ​គោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​ការងារ​ទៀត​ផង​នោះ គឺ​រឹតតែ​បង្ហាញ​អំពី​ការ​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​កាន់តែ​ខ្លាំង​ថែម​ទៀត។

ប្រភព​ដដែល​ថា​ប្រទេស​កម្ពុជា​ត្រូវការ​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​ទ្វីប​អឺរ៉ុប ជាពិសេស​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​យ៉ាង​ខ្លាំង ដែល​ជា​កត្តា​ក្នុង​ការ​ប្រកួតប្រជែង​លើ​ការ​នាំចេញ​របស់​ខ្លួន ដូច្នេះ​ប្រទេស​កម្ពុជា​ត្រូវ​កសាង​កេរ្តិ៍ឈ្មោះ​ដោយ​ការ​លើក​កម្ពស់​នីតិរដ្ឋ គោរព​សិទ្ធិមនុស្ស សិទ្ធិ​ការងារ ប្រជាធិបតេយ្យ ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​កសាង​សេដ្ឋកិច្ច​ទៅ​ថ្ងៃ​មុខ និង​ដើម្បី​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​ថ្នាក់​ទាប​ក្នុង​រយៈពេល​ខាង​មុខ​នេះ​ផង​ដែរ។

ក្រុម​សង្គម​ស៊ីវិល​ទាំងនេះ​បញ្ជាក់​ថា បញ្ហា​ដែល​គួរ​យកចិត្ត​ទុកដាក់​ជា​អាទិភាព​សម្រាប់​ធានា​វិស័យ​វាយនភណ្ឌ​ឱ្យ​មាន​ស្ថិរភាព​នោះ គឺ​រាជរដ្ឋាភិបាល​ត្រូវ​ផ្តើម​ពី​ការ​លើក​កម្ពស់​យុត្តិធម៌​សង្គម បើក​លំហ​សេរីភាព​សហជីព លើក​កម្ពស់ និង​ពង្រឹង​យន្តការ​ក្នុង​ការ​ដោះស្រាយ​វិវាទ កំណែ​ទម្រង់​គតិយុត្តិ ច្បាប់​ស្ដីពី​សហជីព ព្រមទាំង​កសាង​កម្លាំង​ពលកម្ម​ជំនាញ និង​ទទួល​ស្គាល់​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​សហជីព​ឯករាជ្យ ដើម្បី​ចូលរួម​ពិគ្រោះ​ផ្តល់​យោបល់​ផ្សេងៗ​ផង​ដែរ។

ក្នុង​ស្ថានភាព​នេះ ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ GSP និង GSP Plus ពី​សហរដ្ឋ​អាមេរិក និង EBA ពី​សហគមន៍​អឺរ៉ុប​បន្ត​ទៀត។

កាលពី​ចុង​ឆ្នាំ​២០២៤ នេះ សភា​អឺរ៉ុប បាន​ចេញ​សេចក្តី​សម្រេច​មួយ​ដោយ​បាន​ស្នើ​ឱ្យ​គណៈកម្មការ និង​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប កែប្រែ​លក្ខខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​នៅ​សេសសល់ ៨០% សម្រាប់​ប្រទេស​កម្ពុជា ព្រោះតែ​ការ​រឹតត្បិត​ផ្នែក​នយោបាយ ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​រឹតត្បិត​ក្រុម​អង្គការ​សង្គម​ស៊ីវិល៕

© 2025, . All rights reserved.