ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ​ជិត ២​ពាន់​នាក់​នឹង​ត្រូវ​បណ្ដេញ​ចេញពី​អាមេរិក​មក​ប្រទេស​កំណើត​វិញ​តាម​វិធានការ​លោក ដូណាល់ ត្រាំ

By ឌឹ ខេមបូឌា ដេលី

February 01, 2025

ឯកសារ​ពី​ភ្នាក់ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា ICE បាន​បង្ហាញ​ថា មាន​ជនអន្តោប្រវេសន៍​ជា​ជនជាតិ​ខ្មែរ​ចំនួន ១៧៤៧​នាក់ នឹង​ត្រូវ​បណ្ដេញ​ចេញពី​អាមេរិក​មក​ប្រទេស​កំណើត​របស់​ខ្លួន​វិញ តាមរយៈ​វិធានការ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

ឯកសារ​ពី ICE បាន​ឲ្យ​ដឹង​ថា ICE នឹង​បញ្ជូន​ពលរដ្ឋ​ទាំងនោះ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​បន្ទាប់ពី​នីតិវិធី​ចុងក្រោយ​នៃ​ការ​បញ្ជូន​ចេញ។ រដ្ឋាភិបាល​អាមេរិក ជឿជាក់​ថា​ប្រទេស​ទាំងនោះ​នឹង​ទទួល​នូវ​ការ​បញ្ជូន​ពលរដ្ឋ​ពួកគេ​ត្រឡប់​វិញ ដោយ​ព្រមាន​ថា​នឹង​ដាក់​ប្រទេស​ដែល​មិន​ព្រម​ទទួល​ទៅ​ក្នុង​ប្រទេស​ដែល​មិន​សហការ ឬ​មាន​ហានិភ័យ​ដែល​មិន​ព្រម​ធ្វើ​តាម​ច្បាប់។

ក្នុង​ឯកសារ​នោះ​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បរទេស​ចាត់​វិធានការ​សមស្រប​ដើម្បី​បញ្ជាក់​សញ្ជាតិ​របស់​ជន​ដែល​សង្ស័យ រួម​មាន​ការ​សម្ភាស ការ​ចេញ​ឯកសារ​ធ្វើ​ដំណើរ​ទាន់​ពេល និង​ទទួល​យក​ការ​វិលត្រឡប់​របស់​ជនជាតិ​របស់​ពួកគេ។

ឯកសារ​ដដែល​បាន​បញ្ជាក់​ថា ប្រទេស​ជិតខាង​កម្ពុជា​ក៏​មាន​ក្នុង​បញ្ជី​នោះ​ផង​ដែរ ដោយ​ថៃ មាន ៦១៩​នាក់ ឡាវ មាន ៤៨៥០​នាក់ និង​វៀតណាម មាន ៨៦៧៥​នាក់។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​មិន​ទាន់​ច្បាស់​ពី​ចំនួន​នៅឡើយ​ទេ តែ​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​សហការ​ទទួល​យក​ជនជាតិ​ខ្មែរ​ត្រឡប់​មក​វិញ។ លោក​ថា ជា​គោលការណ៍ រាជរដ្ឋាភិបាល​ត្រូវ​ទទួល​យក​បងប្អូន​ទាំងនោះ​ត្រឡប់​មក​វិញ ពីព្រោះ​ពួកគាត់​ជា​ជនជាតិ​ខ្មែរ។

សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ប្រាកដ​ជា​ទទួល​យក​ជនភៀសខ្លួន​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ដោយ​ដៃ​ពីរ ដើម្បី​ជា​ការ​ដោះដូរ​កុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ខ្លួន ព្រោះតែ​ការ​បដិសេធ​មិន​ទទួល​យក​អ្នក​ត្រូវ​បាន​ចាប់​បញ្ជូន​ខ្លួន​ទាំងនោះ។

កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ សម្រេច​ផ្អាក​ទទួល​យក​ជនភៀសខ្លួន​ក្នុង​រយៈពេល ៩០​ថ្ងៃ ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០២៥ នេះ​តទៅ ក្នុង​នោះ​មិនមែន​មាន​តែ​ជនអន្តោប្រវេសន៍​ដែល​ស្ថិត​ក្នុង​ការ​តាម​ប្រមាញ់​ពី​រដ្ឋបាល​ដែល​លោក​ដឹកនាំ​នោះ​ទេ សូម្បី​ជនភៀសខ្លួន​នយោបាយ​ដែល​លោក ដូណាល់ ត្រាំ គិត​ថា​ជា​បន្ទុក​លើ​សហរដ្ឋ​អាមេរិក ក៏​លោក​មិន​ស្វាគមន៍​ដែរ។

ក្រសួង​សន្តិសុខ​មាតុភូមិ​របស់​សហរដ្ឋ​អាមេរិក បាន​ប៉ាន់ប្រមាណ​ថា មាន​ជនអន្តោប្រវេសន៍​រហូត​ដល់​ទៅ​ប្រមាណ ១១​លាន​នាក់​ដែល​រស់នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​គិត​ត្រឹម​ខែ​មករា ឆ្នាំ​២០២២។ នេះ​មាន​ន័យ​ថា តួលេខ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ជាក់ស្ដែង គិត​មក​ទល់​នឹង​ចុង​ឆ្នាំ​២០២៤ អាច​មាន​ចំនួន​ច្រើន​ជាង​នេះ៕

© 2025, . All rights reserved.